​ដោយៈ ប​.​ខុន / ភ្នំពេញៈ ជំនន់​ទឹក​ស្ទឹងសែន នៅក្នុង​ខេត្តកំពង់ធំ បាន​ស្រក​ចុះ​បន្តិចទៀត បន្ទាប់ពី​បានធ្វើឱ្យ​ប៉ះពាល់ ដល់​ប្រជាពលរដ្ឋ ចំនួន ២.៦១៦ គ្រួសារ លិច​ផ្ទះ ១៩៩ ខ្នង សាលារៀន ៣ ខ្នង មន្ទីរពេទ្យ​មួយកន្លែង លិច​ស្រូវ​ចំនួន ៤.៦៣៧ ហិកតា ខូច​ដំណាំ​ស្រូវ ២.៨២៩ ហិកតា ប៉ះពាល់​ដំណាំ​រួមផ្សំ ៣៧ ហិកតា និង​លិច​ផ្លូវលំ​ប្រវែង ២.២៩៣ ម៉ែត្រ រួចមក​។​

​លោក កែវ វី ទីប្រឹក្សា​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ប្រាប់​ឱ្យ រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២២​ថាៈ ជំនន់​ទឹក​ស្ទឹងសែន ខេត្តកំពង់ធំ មកដល់ពេលនេះ មានការ​ប៉ះពាល់​ដល់​ស្រុក ក្រុង​ចំនួន ៦ ឃុំ សង្កាត់ ចំនួន ១៦ និង​ប្រជាជន ២.៦១៦ គ្រួសារ​។ លិច​ផ្ទះ ១៩៩ ខ្នង សាលារៀន ៣ ខ្នង និង​មន្ទីរពេទ្យ មួយកន្លែង​។ ប៉ះពាល់​ដំណាំ​ស្រូវ ចំនួន ៤.៦៣៧ ហិកតា ធ្វើឱ្យ​ខូច​ដំណាំ​ស្រូវ ២.៨២៩ ហិកតា ប៉ះពាល់​ដំណាំ​រួមផ្សំ ៣៧ ហិកតា និង លិច​ផ្លូវលំ ប្រវែង ២.២៩៣ ម៉ែត្រ​។​

​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២០ ខែសីហា​ថាៈ ទឹកស្ទឹង​សែន នៅ​ក្រុង​កំពង់ធំ ថ្ងៃទី​២០ ខែសីហា នេះ បា​នស្រកម​កនៅ កម្ពស់ ១៣,៥៥ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​១៩ ខែសីហា ០,០២ ម៉ែត្រ​។ តែ​ទឹក​ស្ទឹងសែន នៅក្នុង​ខេត្តព្រះវិហារ បានចាប់ផ្តើម​ជន់​ឡើង ជាថ្មី បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ច្រើន កាលពី​យប់មិញ រួចមក និង​ពេលនេះ ភ្លៀង​នៅតែ​បន្ត ធ្លាក់ មិនទាន់​រាំង​នៅឡើយ​ទេ​។​

​ទឹកស្ទឹង​សែន នៅ​ក្រុង​កំពង់ធំ បាន​ឡើងដល់​កម្ពស់ ១៣,៥៨ ម៉ែត្រ កាលពី​ថ្ងៃទី​១៨ ខែសីហា គឺ​ឡើង​ហួស​ពី​កម្រិត ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន ០,០៨ ម៉ែត្រ ហើយ​បាន​ស្រក​ចុះ​វិញ យឺតៗ ៕/V​