​ដោយៈ សុផល / ភ្នំពេញៈ នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២២ នៅ​សណ្ឋាគា រ៉ា​ហ្វ​ល ភ្នំពេញ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (​ក​យ​កា​-KOICA) និង​មជ្ឈមណ្ឌល សាកលវិទ្យាល័យ វេជ្ជសាស្ត្រ ស៊ុន​ជុន​យ៉ាង សហការ​ជាមួយ ក្រសួងសុខាភិបាល​កម្ពុ​ជា និង​មន្ទីរពេទ្យ​ព្រះ​អង្គឌួង បានរៀបចំ សិក្ខាសាលា​លើក​ទី​១ របស់​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង ស្តីពី​ការថែទាំ​របស់​គិលានុបដ្ឋាក​”​។​

​សិក្ខាសាលា​នេះ ត្រូវបាន​រៀបចំឡើង ក្រោម​អធិបតីភាព លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក នោ ហ្យ​ន់​ជូន (RHO Hyunjun) ប្រធាន តំណាង​ទីភ្នាក់ងារ សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (​ក​យ​កា​-KOICA) ប្រចាំ​នៅ​កម្ពុជា និង​សាស្ត្រាចារ្យ​រង លូ លី​ឃាង នាយក​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង លោក​សាស្ត្រាចារ្យ យូ ប្យុង​វុ​ក (Yoo Byung Wook) ប្រធាន​គម្រោង​នៃ មជ្ឈមណ្ឌល សាកលវិទ្យាល័យ វេជ្ជសាស្ត្រ​ស៊ុន​ជុន​យ៉ាង អង្គភាព​ពាក់ព័ន្ធ និង ភ្ញៀវកិត្តិយស ជាច្រើនរូប រួមទាំង​មន្ត្រី មកពី​ការិយាល័យ​ក​យ​កា តំណាង​ក្រសួងសុខាភិបាល មជ្ឍមណ្ឌល​សាកលវិទ្យាល័យ វេជ្ជសាស្ត្រ​ស៊ុន​ជុន​យ៉ាង និង អង្គការ​សុខភាព​ពិភពលោក (WHO) និង​តំណាង មន្ទីរពេទ្យ​ជាតិ ចំនួន​ប្រាំ រួមមានៈ ១)-​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​, ២)​មន្ទីរពេទ្យ​កុមារ​ជាតិ​, ៣)-​មន្ទីរពេទ្យ​ព្រះកុសុមៈ​, ៤)​មន្ទីរពេទ្យ​កាល់ម៉ែត​, និង ៥)-​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដែលមាន​អ្នកចូលរួម​សរុប​ជាង ២០០ នាក់ បាន​ចូលរួម នៅក្នុង​សិក្ខាសាលា​នេះ​។​

​គោលបំណង​នៃ​សិក្ខាសាលា​នេះ គឺ​ដើម្បី​រិះរក​រក​មធ្យោបាយ​ត្រួតពិនិត្យ អំពី​បែបបទ​របស់ គិលានុបដ្ឋាក នៃ​មន្ទីរពេទ្យ​ជាតិ​ទាំង​ប្រាំ និង​ពង្រឹងសមត្ថភាព​របស់​ពួកគេ បន្ទាប់ពី​ជំងឺ​កូ​វីដ​-១៩ ត្រូវបាន​គ្រប់គ្រង និង​ចែករំលែក​ចំណេះដឹង តាមរយៈ​ការអញ្ជើញ អ្នកឯកទេស គិលានុបដ្ឋាក មកពី​មជ្ឈមណ្ឌល​សាកលវិទ្យាល័យ វេជ្ជសាស្ត្រ ស៊ុន​ជុន​យ៉ាង នៃ​សាធារណរដ្ឋ​កូរ៉េ មក​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​របស់​ពួកគេ ជាមួយ​អ្នកចូលរួម​ទាំងអស់​។​

​ក្នុង​សុន្ទរកថា​អបអរសាទរ​របស់ លោក នោ ហ្យ​ន់​ជូន (RHO Hyunjun) លោក បាន​ថ្លែងថាៈ គម្រោង​អាទិភាព​របស់ ក​យ​កា​-KOICA គឺ វិស័យ​សុខាភិបាល របស់​ប្រទេស​កម្ពុជា​។​

​បន្ថែម​ពីលើ​នេះ លោក​បាន​មានប្រសាសន៍ថាៈ “ ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង ក្នុងការ​លើកកម្ពស់​គុណ​ភាព និង​លទ្ធភាព ក្នុងការ​ទទួល​សេវា​ថែទាំ​សុខភាព​សាធារណៈ ក​យ​កា​-KOICA បាន​សាងសង់​នូវ​អគារ ចំនួន ៣ នៅ​មន្ទីរពេទ្យ​ជាតិ ចំនួន​ពីរ ១)-​អគារ​មិត្តភាព​កម្ពុជា​-​កូរ៉េ នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ និង ២)- អគារ​ចក្ខុរោគ និង អគារ​ជំងឺ​ត្រចៀក ច្រមុះ បំពង់ក នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​។ រួមទាំង អាគារ​មន្ទីរពេទ្យ​ខេត្ត ចំនួន ៣ រួមមាន ១)- អគារ​សម្ភព រោគ​ស្ត្រី និង​កុមារ នៅក្នុង​មន្ទីរពេទ្យ​ខេត្តសៀមរាប ២- មន្ទីរពេទ្យបង្អែក​បាធាយ និង ៣)- មន្ទីរពេទ្យ​មិត្តភាព​កូរ៉េ​-​កម្ពុជា ក្នុង​ខេត្តកំពង់ឆ្នាំង និង ការសាងសង់​មណ្ឌល​សុខភាព​មាតា ចំនួន ៥ នៅ​ខេត្តមណ្ឌលគិរី និង ខេត្តរតនគិរី ។​

​ថ្លែង​ក្នុងឱកាស​នោះ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បាន​ថ្លែងអំណរគុណ​យ៉ាង ជ្រាលជ្រៅ ចំពោះ​ក​យ​កា​-KOICA និង​រដ្ឋាភិបាល និង​ប្រជាជន​នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​គាំទ្រ​ផ្នែក​បច្ចេកទេស សម្ភារៈ និង​ហិរញ្ញវត្ថុ​សម្រាប់​វិស័យ​សុខាភិបាល​កម្ពុជា​។​

​គួររំឭកថា រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ កូរ៉េ (KOICA-​ក​យ​កា​) បានផ្តល់​ជំនួយឥតសំណង ក្នុង​ទឹកប្រាក់​ចំនួន ប្រាំបី (៨) លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​“ គម្រោង​ការកសាង​សមត្ថភាព សម្រាប់​មជ្ឈមណ្ឌល ត្រចៀក ច្រមុះ បំពង់ក (ENT) នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​” ដែល​បាន​អនុវត្ត ចាប់ពី​ឆ្នាំ​២០១៨ រហូតដល់​ឆ្នាំ​២០២២ នេះ​។ អគារ​ត្រចៀក ច្រមុះ បំពង់ក ចំនួន មួយ​ខ្នង ដែលមាន​កំពស់ ៥ ជាន់ បាន​សាងសង់​រួចរាល់​ហើយ នៅក្នុង​បរិវេណ មន្ទី​ពេទ្យ​ព្រះ​អង្គឌួង ហើយ​អគារ​នះ បាន​បំពាក់​នូវ​សំភារៈ​ទំនើប​បំផុត ចាំបាច់​នានា ដើម្បី​ពិនិត្យ ព្យាបាល និង​វះកាត់ ធ្វើយ៉ាងណា ដើម្បី​បង្កើន​គុណភាព​សេវាកម្ម ក្នុង​មន្ទី​ពេទ្យ ឲ្យ​ល្អប្រសើរ មួយកំរិត​ថែមទៀត​។​

​ក្រៅពី​ការលើក​កំពស់ ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត សម​ត្តិ​ភាព​របស់​វេជ្ជបណ្ឌិត ជំនាញ​ឯកទេស និង​បុគ្គលិក​ទាំងអស់ នឹង​ត្រូវបាន​បង្កើន​ស​ម​ត្តិ​ភាព តាមរយៈ​កម្មវិធី បណ្តុះបណ្តាល និង​ការផ្ទេរ​ចំណេះដឹង និង​ចំណេះធ្វើ ពី​វេជ្ជបណ្ឌិត ជនជាតិ​កូរ៉េ​៕/V​