​ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ព្រឹត្តិការណ៍ “​ជិះ​កង់ ដើម្បី​ការងារ​សមរម្យ និង​បរិ​យាប​ន្ន សម្រាប់​ជន​មាន​ពិការភាព​” បាន​ប្រព្រឹត្តិ​ឡើង នា​ព្រឹក​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២២ មាន​អ្នកចូលរួម​ជិះ​កង់ ប្រមាណ ៦០០ នាក់ ដោយបាន​ចាប់​ផ្តើមចេញ​ដំណើរ ពី​ទីក្រុង​កោះ​ពេជ្រ ហើយ​មាន​ចំងាយ​ផ្លូវ ៣៥ គីឡូម៉ែត្រ ២០​គីឡូម៉ែត្រ និង ១​គីឡូម៉ែត្រ ។

​គួរ​បញ្ជាក់ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ ទីភ្នាក់ងារ​ស្វី​ស សម្រាប់​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ (SDC) និង​ទីភ្នាក់ងារ​សហប្រជាជាតិ រួមមាន ILO UNESCO UNICEF និង UNIDO ដែល​បាន​ចូលរួម​អនុវត្ត កម្មវិធី​មុខរបរ និង​ការងារ​សមរម្យ សម្រាប់​យុវជន នៅ​កម្ពុជា ដំណាក់កាល​ទី ២ (​ដែល​ហៅ​កាត់​ថា DEY II) និង​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា ផងដែរ បានរួម​ចំណែក​គាំទ្រ ដល់​ការរៀបចំ​ព្រឹត្តិការណ៍ “​ជិះ​កង់ ដើម្បី​ការងារ​សមរម្យ និង​បរិ​យាប​ន្ន សម្រាប់​ជន​មាន​ពិការភាព​” មួយ​នេះ​ឡើង ។​

​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែលជា​អធិបតី និង​ក៏បាន​ចូលរួម​ជិះ​កង់ ក្នុង​ចំងាយ​ផ្លូវ ១​គីឡូម៉ែត្រ ជាមួយ​ជនពិការ​ដែរនោះ សង្ឃឹមថា អ្នកចូលរួម​ទាំងអស់​គ្នា ពិតជា​ទទួលបាន​នូវ ភាពសប្បាយ​រីករាយ ពី​ការ​ជិះ​កង់ ជាពិសេស ឆ្លុះ​ប​ញ្ជាំ​ង​ពី​គុណ​តម្លៃ នៃ​សាមគ្គីភាព ដែល​ធ្វើឱ្យ​យើង​អាច​ជំនះ​រាល់​ឧបសគ្គ នៅ​ចំពោះមុខ ដើម្បី​ចូលរួម​លើកកម្ពស់ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យាប​ន្ន ដោយ​មិន​ទុក​នរណាម្នាក់ ចោល​ឡើយ​។​

​លោក អ៊ិត សំហេង បានលើកឡើង​ថាៈ អង្គការសហប្រជាជាតិ បានកំណត់​យក​ថ្ងៃទី​១២ ខែសីហា ជា​ទិវា​យុវជន​អន្តរជាតិ ដើម្បី​អបអរសាទរ​នូវ​សារៈសំខាន់ នៃ​តួនាទី​របស់​យុវជន ក្នុងការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​។ ជាការ​ពិតណាស់ កម្ពុជា គឺជា​ប្រទេស​ដែល​សំបូរ ទៅដោយ​យុវជន ពោលគឺ ប្រជាពលរដ្ឋ​ជាង ៥០ ភាគរយ មាន​អាយុ​ក្រោម ៣០ ឆ្នាំ​។​

​លោក​រដ្ឋមន្ត្រី ជឿជាក់ថាៈ យុវជន​ទាំងនោះ គឺជា​ចលករ​កម្លាំង​ពលកម្ម ដ៏​មាន​សក្តានុពល ឆ្លើយតប​ទៅ​តម្រូវការ​ទីផ្សារការងារ នាពេល​បច្ចុប្បន្ន និង​ថ្ងៃ​អនាគត និង​ជ្រោង​កំណើន សេដ្ឋកិច្ចកម្ពុជា ឱ្យ​កាន់តែ​រីកចំរើន​បន្ថែមទៀត តាមរយៈ​ការទទួលបាន នូវ​ការបណ្តុះបណ្តាល ជំនាញ​មួយ ប្រកបដោយ​គុណភាព និង​ត្រឹមត្រូវ​។ ដូចនេះ យើងទាំងអស់គ្នា ពោលគឺ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កម្មវិធី DEY II ក៏ដូចជា​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ កំពុង​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ បញ្ហា​ជុំវិញ​កត្តា​មុខរបរ និង​ការងារ​របស់​យុវជន ដើម្បី​បង្កើន​ឱកាស​ការងារ និង​ទទួលបាន​ជីវភាព​រស់នៅ និង​អនាគត កាន់តែ​ប្រសើរ ដល់​យុវជន ជាពិសេស​ជន​មាន​ពិការភាព​ផងដែរ​។​

​លោក អ៊ិត សំហេង បានស្នើ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អ្នកតាក់តែង​គោលនយោបាយ ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ផ្តល់ឱកាស និង​ការគាំទ្រ ដល់​ជន​មាន​ពិការភាព ក្នុង​ការទទួល​បានកា​រ​អប់រំ បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ និង​ឱកាស​ទទួលបាន​មុខរបរ និង​ការងារ​សមរម្យ តាមរយៈ​ការវិនិយោគ ការរួមចំណែក ការសម្របសម្រួល និង​ការបង្កើត​ការងារ ជូន​ដល់​ជន​ទាំងនោះ​៕/V