សហភាព​អឺរ៉ុប ផ្តល់ជំនួយ ៣,៥ លាន​អឺរ៉ូ ដល់​សាលាក្តី​ខ្មែរក្រហម​

982
ចែករម្លែក

​ដោយៈ ម៉េង​ឆៃ​/​ភ្នំពេញៈ សហភាព​អឺរ៉ុប បានប្រកាស​ផ្តល់ជំនួយ​ចំនួន ៣,៥ លាន​អឺរ៉ូ ដល់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា អ​.​វ​.​ត​.​ក ដើម្បី​គាំទ្រ​ដល់​ដំណើរការ​របស់ អ​.​វ​.​ត​.​ក សម្រាប់​ឆ្នាំ​២០១៨ ដែល​ក្នុងនោះ ទឹកប្រាក់​ចំនួន ២,២៥ លាន​អឺរ៉ូ នឹង​ផ្តល់ជូន​ភាគី​អន្តរជាតិ និង ១,២៥ លាន​អឺរ៉ូ​នឹង​ផ្តល់ជូន​ភាគី​ជាតិ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​រួម​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា អ​.​វ​.​ត​.​ក និង​សហភាព​អឺរ៉ុប​។​

អដ្ឋិធាតុជនរងគ្រោះក្នុងរបបខ្មែរក្រហម(រូបថតបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

​ ​សេចក្តីប្រកាស​រួម ចុះ​ថ្ងៃទី​២៥ ខែមិថុនា​បង្ហាញថា សហភាព​អឺរ៉ុប គឺជា​ម្ចាស់ជំនួយ​ធំ​មួយ ក្នុងចំណោម​ម្ចាស់​ជំនួយ​ធំៗ​បំផុត​របស់​អ​.​វ​.​ត​.​ក ហើយ​ការ​ផ្តល់ជំនួយ​ចុងក្រោយ​នេះ ធ្វើ​ឲ្យ​ជំនួយ​ហិរញ្ញវត្ថុ ដែល​សហភាព​អឺរ៉ុប បានផ្តល់​ដល់ អ​.​វ​.​ត​.​ក មាន​ចំនួន​សរុប ២២,៧០ លាន​អឺរ៉ូ ចាប់ពី​សាលាក្តី​ខ្មែរក្រហម ចាប់បដិសន្ធិ នៅ​ឆ្នាំ​២០០៦ មក​។​

​លោក ក្រាញ់ តូ​នី ប្រធានការិយាល័យ​រដ្ឋ​បាល​ស្តីទី និង​លោក Knut Rosandhaug អនុប្រធាន​ការិយាល័យ​រដ្ឋបាល អ​.​វ​.​ត​.​ក បាន​មានប្រសាសន៍​នៅក្នុង​សេចក្តីថ្លែងការណ៍​រួមគ្នា​ថា “​តាងនាម​ឲ្យ អ​.​វ​.​ត​.​ក យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​ការបន្ត​ឧបត្ថម្ភ​គាំទ្រ​ដ៏​ថ្លៃថ្លា​របស់​សហភាព​អឺរ៉ុប​។ ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​នេះ នឹង​រួម​ចំណែក​បន្ត​និរន្តរភាព​កិច្ចការ​របស់​សាលាក្តី ដើម្បី​សម្រេចបាន​យុត្តិធម៌ ចំពោះ​អំពើ​ឃោរឃៅ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩”​។​

​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំ​២០១៨​នេះ ភាគី​ជាតិ និង​អន្តរជាតិ នៅ​សាលាក្តី​ខ្មែរក្រហម ត្រូវការ​ថវិកា ២៤.៧២០.០០០ ដុល្លារ​អាមេរិក​។ ក្នុងនោះ ភាគី​អន្តរជាតិ ត្រូវការ​ថវិកា​ចំណាយ ១៨,៩៣ លាន​ដុល្លារ និង​ភាគី​ជាតិ ចំនួន ៥,៧៩ លាន​ដុល្លារ​។ នៅ​ឆ្នាំ​២០១៨​នេះ ភាគី​ជាតិ ទទួល​បាន​ថវិកា​ពី​រាជរដ្ឋាភិបាល​កម្ពុជា ចំនួន ៤ លាន​ដុល្លារ ព្រមទាំង​ថវិកា​មួយចំនួន​ពី​ប្រទេស​ម្ចាស់ជំនួយ​។​

​ ​គិត​ចាប់ពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០១៧ សាលាក្តី​ខ្មែរក្រហម អ​.​វ​.​ត​.​ក ដែល​បង្កើតឡើង​ដោយ​អង្គការសហ​ប្រជា​ជាតិ និង​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចំណាយ​ថវិកា​សរុប ៣១៩,៥៦ លាន​ដុល្លារ ដែល​ក្នុងនោះ ភាគី​ជាតិ ចំណាយ​សរុប ៧៥,២ លាន​ដុល្លារ​៕មន

ទីតាំងផ្សាយពាណិជ្ជកម្ម