ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃសៅរ៏ទី២០ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំ ស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្រុងកំពង់ឆ្នាំង បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយ លទ្ធផលសន្និបាត គណៈកម្មាធិការកណ្តាលវិសាមញ្ញ របស់គណបក្ស ប្រជាជនកម្ពុជា និងបូកសរុបលទ្ធផល នៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និង លើកទិសដៅការងារ ឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកស្រី ជូ ប៊ុនអេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធាន ក្រុមការងារថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង ។
លោកស្រី ប៊ន សុភី ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង បានផ្សព្វផ្សាយនូវខ្លឹមសារសំខាន់ៗ នៃលទ្ធផលសន្និបាត គណៈកម្មាធិការកណ្តាល វិសាមញ្ញរបស់គណបក្ស និងបូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងទិសដៅការងារ ឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រួចមក លោកក៏បានលើកឡើង អំពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅទូទាំងប្រទេស ក៏ដូចជា ខេត្តកំពង់ឆ្នាំង បានដំណើរការ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាស អព្យាក្រឹត្យ សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា និង ការគំរាមកំហែង ឡើយ។
លោកស្រី ជូ ប៊ុនអេង បានថ្លែងនូវការកោតសរសើរ ដល់មន្ត្រីគណបក្សប្រជាជនកម្ពុជាក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុងកំពង់ឆ្នាំង និងគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ពិសេសថ្នាក់សង្កាត់ និងភូមិក្នុងក្រុងកំពង់ឆ្នាំង ដែលលះបង់អស់កម្លាំងកាយ ស្មារតី និងសំភារៈ ខិតខំបំពេញតាមតួនាទីនិង ភារ:កិច្ចដែលគណៈអចិន្ត្រៃយ៍បានដាក់ ចេញក្នុងសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ រហូតសម្រេចបាននូវជ័យជំនះដ៏ធំធេងជូនគណបក្ស សម្រាប់ជាមូលដ្ឋានគ្រឹះ ឆ្ពោះទៅដណ្តើមជោគជ័យថ្មីថែមទៀតនាពេលខាងមុខ។
លោកស្រី ជូ ប៊ុនអេង បានផ្តាំផ្ញើដល់មន្ត្រីគណបក្សទាំងអស់ ត្រូវបន្តទទួលខុសត្រូវខ្ពស់ ចំពោះភារកិច្ច ដែលបានប្រគល់ឱ្យរក្សាការផ្សារភ្ជាប់ ជាមួយប្រជាជន ស្វែងយល់ពី ទុក្ខលំបាកប្រជាជន ខិតខំដោះស្រាយ សំណូមពររបស់ប្រជាជន បន្តជួបសំណេះ សំណាល ថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា ដើម្បីដណ្តើមយកជ័យជម្នះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ ៕/V