​ស្ត្រី​មេ​តុងទីន​ដែល​រង​ការចោទប្រកាន់ថា​ស៊ីដាច់​លុយ​ជាង​២​លាន​ដុល្លារ​ចេញមុខ​បដិសេធ​

1428
ចែករម្លែក

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​ស្ត្រី​មេ​តុងទីន​ម្នាក់​ដែល​ត្រូវ​កូន​តុងទីន​ចោទប្រកាន់ថា​បាន​ស៊ីដាច់​ប្រាក់​២​លាន​៦​សែន​ដុល្លារ​អាមេរិក​នោះបាន​ចេញមុខ​មក​បក​ស្រាយ​ថា​មិនមែនជា​ការពិត​ទេ​។​ព្រោះ​នាង​បាន​ដោះស្រាយ​ដោយ​យក​ទ្រព្យសម្បត្តិ​របស់ខ្លួន​ទៅ​ប្រគល់ឱ្យ​កូន​តុងទីន​យក​ជា​ប្រយោជន៍​ចែកគ្នា​តាម​ដែល​អាច​ទារ​បាន​។​ក្នុងនោះ​មាន​ភស្តុតាង​ជា​កិច្ចព្រមព្រៀង​ស្តីពី​ការទូទាត់​បំណុល ចុះ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៧ ជា​ភស្តុតាង​តាម​ការទាមទារ​របស់​កូន​តុងទីន​ទាំង​១៧​នាក់​នេះ​ស្រាប់​។​

​នាង​លី​គឹម​ហួរ​ជា​មេ​តុងទីន​បានបញ្ជាក់​នៅ​ថ្ងៃទី​២៦​ខែមិថុនា​ឆ្នាំ​២០១៨​នេះ​ថា​នាង​ខ្ញុំ​ដែលជា​មេ​តុងទីន​មិនដែល​បាន​បោកប្រាស់​កូន​តុងទីន​ណាមួយ​ឡើយ​។​ផ្ទុយទៅវិញ​ក្នុងពេលដែល​នាង​ខ្ញុំ​ធ្វើជា​មេ​តុងទីន​ជាច្រើន​ខ្សែ​ហើយ​មួយ​ខ្សែៗ​មានកូន​តុង​ចំនួន​៣០​នាក់​ទៅ​៤០​នាក់​ជាង​។​នៅពេល​កំពុង​លេង​តុងទីន​មានកូន​តុងទីន​២​ទៅ​៣​នាក់​ក្នុង​មួយ​ខ្សែ​បាន​ដេញ​តុងទីន​រួច​គេចខ្លួនបាត់​ដោយ​មិន​ទទួលខុសត្រូវ​បណ្តាលឱ្យមាន​ការខូចខាត​ដល់​កូន​តុងទីន​ផ្សេងទៀត​។

​ជាក់ស្តែង​កូន​តុងទីន​ឈ្មោះ​ហេង រ៉ាវី បាន​បោក​ប្រាក់​ចំនួន​៩០​ម៉ឺន​ដុល្លារ​កំពុង​ជាប់ពន្ធនាគារ ។​រីឯ​កូន​តុងទីន​ឈ្មោះ​មាន សុខ​ឡេង បាន​បោក​ប្រាក់​ចំនួន​២៥​ម៉ឺន​ដុល្លារ និង​កូន​តុងទីន​ឈ្មោះ ស សុ​ភ័​ក្ក្រ​បាន​បោក​ប្រាក់​ចំនួន​២០​ម៉ឺន​ដុល្លារ​ដោយ​សុំ​សង​តែ​៦​ម៉ឺន​ដុល្លារ​និង​សង​តាម​ខែ​ក្នុង​មួយខែ​៥០០​ដុល្លារ​។​នៅ​មានកូន​តុងទីន​ជាច្រើន​ទៀត​ក៏បាន​ធ្វើ​ការបោក​ប្រាក់​បណ្តាលឱ្យ​កូន​តុងទីន​ងាប់​មានការ​ខាតបង់​។

​នាង​លី​គឹម​ហួរ​បាន​អះអាងថា​ក្នុងនាម​នាង​ខ្ញុំ​ជា​មេ​តុងទីន​នាង​ខ្ញុំ​បាន​ប្រឈមមុខ​ដោះស្រាយ​ដោយ​យក​ទ្រព្យសម្បត្តិ​របស់ខ្លួន​ដែលមាន​ទៅ​ប្រគល់ឱ្យ​កូន​តុងទីន​។​សូម្បីតែ​សិទ្ធិ​លើ​បំណុល​ដែល​នាង​ខ្ញុំ​មាន​លើ​អ្នក​ជំពាក់​ប្រាក់​នាង​ខ្ញុំ​ក៏​នាង​ខ្ញុំ​សុខចិត្ត​ប្រគល់​ទៅឱ្យ​កូន​តុងទីន​ដើម្បី​ធ្វើការ​ទាមទារ​និង​យក​ជា​ប្រយោជន៍​ចែកគ្នា​តាម​ដែល​អាច​ទារ​បាន​។​ដូច​មាន​ភស្តុតាង​ជា​កិច្ចព្រមព្រៀង​ស្តីពី​ការទូទាត់​បំណុល ចុះ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៧ ជា​ភស្តុតាង​តាម​ការទាមទារ​របស់​កូន​តុងទីន​ទាំង​១៧​នាក់​។

ប៉ុន្តែ​កូន​តុងទីន​ទាំង​១៧​នាក់​ក្រោយពី​បាន​កាត់​ផ្ទេរ​ទ្រព្យសម្បត្តិ​របស់​នាង​ខ្ញុំ​រួច​អស់ហើយ​តាម​កិច្ចព្រមព្រៀង​ឧទាហរណ៍​ជាក់ស្តែង​សូម្បីតែ​ផ្ទះ​នាង​ខ្ញុំ​រស់នៅ​មាន​លេខ​៣៧​សេ​អឺ​សូន្យ​អឺ​១ ផ្លូវ​៣៥៨ សង្កាត់​ទួល​ស្វាយព្រៃ​១​ខណ្ឌចំការមន​ដែល​កូន​តុងទីន​បានដាក់​ជា​អាស័យដ្ឋាន​សម្រាប់​ឱ្យ​តុលាការ​កោះហៅ​នាង​ខ្ញុំ​ក៏ត្រូវ​បានធ្វើការ​កាត់​ផ្ទេរកម្មសិទ្ធិ​ឱ្យទៅ​កូន​តុងទីន​រូ​ច​ហើយ​ដែរ​។

លើកលែងតែ​សិទ្ធិ​លើ​បំណុល​ដែល​ពួកគេ​បានឱ្យ​នាង​ខ្ញុំ​ធ្វើការ​ផ្ទេរសិទ្ធិ​ដើម្បី​ពួកគេ​ធ្វើការ​ទាមទារ​ខ្លួនឯង​និង​ដែល​បាន​យល់ព្រម​ថា​ទោះ​ទារ​បាន​ក្តី​ឬ​មិនបាន​ក្តី​ក៏​ពួកគេ​មិនឱ្យ​នាង​ខ្ញុំ​ដែលជា​មេ​តុងទីន​រងគ្រោះ​ដែរនោះ​។ សង​អ្វី​បន្ថែមទៀត និង​មាន​ទាំង​សាក្សី​ឈ្មោះ​តាំង គឹម​ឆេង និង​ឈ្មោះ​ប៉ូ​ឡូ ដែលជា​អ្នកសរសេរ​កិច្ចព្រមព្រៀង​បានដឹង​ឭ​និង​អាច​បំភ្លឺ​ជូន​សមត្ថកិច្ច​បញ្ជាក់​ការពិត​បាន​។​

​នាង​លី​គឹ​ហួរ​បាន​បន្តថា​បញ្ហា​ទារបំណុល​ជំនួស​នាង​ខ្ញុំ​ដូច​មានចែង​ក្នុង​កិច្ចព្រមព្រៀង​នោះ​កូន​តុងទីន​មិនអាច​អាច​ទារបំណុល​បាន​ហើយ​បានធ្វើ​ការប្តឹង​មួលបង្កាច់​ចោទប្រកាន់​នាង​ខ្ញុំ​ថា​ប្រព្រឹត្តិ​អំពើ​ឆបោក​ប្រាក់​ដោយ​បំភ្លៃ​អង្គហេតុ​រឿង​រដ្ឋប្បវេណី​ទៅជា​រឿង​ព្រហ្មទណ្ឌ​រួច​ឱ្យ​លោក​ព្រះរាជអាជ្ញារង​ចេញ​ដីកាចាប់ខ្លួន​នាង​ខ្ញុំ​ដោយ​មិនបាច់​កោះហៅ​យ៉ាង​អយុត្តិធម៌​បំផុត​។​

​ប៉ុន្តែ​នាង​ខ្ញុំ​ក៏បាន​ទទួល​ភាពយុត្តិធម៌​មកវិញ​ពី​លោក​ចៅក្រម​ស៊ើបសួរ​កូយ​សៅ​ដែល​បាន​សាកសួរ​នាង​ខ្ញុំ​និង​បានទទួល​ភស្តុតាង​ដូចដែល​នាង​ខ្ញុំ​បានបញ្ជាក់​ខាងលើ​រូ​ច​បានសម្រេច​មិន​ឃុំខ្លួន​នាង​ខ្ញុំ​តាម​ឆន្ទានុសិទ្ធិ​ដែល​យល់ឃើញថា​រឿង​ហេតុដែល​កើតឡើង​មាន​អង្គហេតុ​ជា​រឿង​រដ្ឋប្បវេណី​កាលបើ​ឃុំខ្លួន​នាង​ខ្ញុំ​គឺ​ផ្តល់​ភាពអយុត្តិធម៌​ដល់​នាង​ខ្ញុំ​។​នាង​ខ្ញុំ​ក៏បាន​សន្យា​នៅ​ចំពោះមុខ​លោក​ចៅក្រម​ស៊ើប​សួរថា​ថា​នឹង​បង្ហាញខ្លួន​នៅ​ចំពោះមុខ​តុលាការ​តាម​ការកោះហៅ​។

​ចំណុច​នេះ​នាង​ខ្ញុំ​សូម​អរគុណ​ចំពោះ​ការផ្តល់​យុត្តិធម៌​ពី​លោក​ចៅក្រម​ស៊ើបសួរ​។​ដើម្បី​បញ្ជា​ក់នូវ​ភាព​ទៀងត្រង់​និង​បង្ហាញថា​ភាគី​ណាមួយ​ដែល​បាន​ប្តឹង​ឬ​បកស្រាយ​ត្រឹមត្រូវ​ឬ​មិន​ត្រឹមត្រូវ​នាង​ខ្ញុំ​សុខចិត្ត​ចូលខ្លួន​ធ្វើ​សម្បថ​នៅ​ទី​អាស្រម​ក្នុង​តុលាការ​ជាមួយនឹង​កូន​តុងទីន​ទាំង​១៧​នាក់​។​

ឱ្យ​កូន​តុងទីន​ទាំង​១៧​នាក់​ចូលរួម​ស្បថស្បែ​និង​សុខចិត្ត​ទទួលយក​ទំនាយ​តាម​សម្បថ​រៀងៗ​ខ្លួន​តាម​អំពើ​ដែល​ខ្លួន​បាន​និយាយ​មិន​ពិត​ក្បត់ពាក្យសន្យា​ប្តឹង​មួលបង្កាច់​ដល់​នាង​ខ្ញុំ​ក្នុង​គោលបំណង​ឱ្យ​នាង​ខ្ញុំ​ជាប់គុក​ខាងតែបាន​។​

​នាពេលនេះ​ពួកគេ​កំពុងតែ​បំភ្លៃ​ការពិត​រហូតដល់​ហ៊ាន​លើកគ្នា​ទៅ​ដាក់​សម្ពាធ​លើ​លោក​ចៅក្រម​ស៊ើបសួរ ដែលជា​ចៅក្រម​មាន​ឧ​ត្ត​ម​គតិ​ល្អ​សម្រេច​រឿងក្តី​តាមច្បាប់​មិន​តាម​បក្ខពួក ការកៀបសង្កត់ ការដាក់​សម្ពាធ​ដោយ​ដើមបណ្តឹង​និង​អ្នកមានអំណាច​ឡើយ​៕S/​

រូបស្រ្តីមេតុងទីនដែលរងការចោទប្រកាន់និងម្តាយ

ទីតាំងផ្សាយពាណិជ្ជកម្ម