ដោយៈ សុផល / ភ្នំពេញ៖ កម្មវិធីដកពិន្ទុប័ណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក គ្រោងនឹងដាក់ឱ្យដំណើរការអនុវត្ត សាកល្បង នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ខណៈដែលការអនុវត្តន៍ ពេញលេញ គ្រោងចាប់ផ្តើមពី ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើកទិសដៅ ការងារឆមាសទី២ ឆ្នាំ២០២២ កាលពីពាក់កណ្តាល សប្តាហ៍នេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធាន គណៈកម្មាធិការ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានមានប្រសាសន៍ថាៈ ការតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ ក្រសួងសារធារណការ និងដឹកជញ្ជូន និងក្រសួងមហាផ្ទៃ បានធ្វើរួចរាល់ ទាក់ទងនឹងថា តើត្រូវដកពិន្ទុបានប៉ុន្មាន? ផាកពិន័យបានប៉ុន្មាន? ចំណែកការពិនិត្យមើលពិន្ទុ ក៏បានធ្វើចប់សព្វគ្រប់ផងដែរ ។
លោក បានបន្តថាៈ ក្រសួងបានបញ្ជាទិញប្រព័ន្ធដកពិន្ទុប័ណ្ណបើកបរ ចំនួន ៣០០ គ្រឿង ហើយបានផ្តល់ជូន ខាងមន្ត្រីនគរបាល និងបណ្តុះបណ្តាល ចំនួន ៤ លើក ដល់មន្ត្រីចំនួន ៣០០ នាក់ ផងដែរ។
លោក បានឱ្យដឹងទៀតថាៈ ប្រព័ន្ធដកពិន្ទុប័ណ្ណបើកបរ ត្រូវបានអភិវឌ្ឍរួចរាល់ និងគ្រោងដាក់ឱ្យដំណើរការ សាកល្បងផ្លូវការ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ និងដាក់ឱ្យអនុវត្តពេញលេញ ជាផ្លូវការ នៅដើមឆ្នាំ ២០២៣ ខាងមុខ ដោយរង់ចាំ ការសម្រេចលើពេលវេលាសមស្រប ពីសម្តេចក្រឡាហោម ។
សូមជម្រាបជូនថា កម្មវិធីដកពិន្ទុប័ណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក គឺជាកម្មវិធីបច្ចេកវិទ្យា ដែលអនុញ្ញាតឱ្យមន្ត្រីនគរបាលចរាចរណ៍ ធ្វើការដកពិន្ទុលើ ប័ណ្ណបើកបរ និងពិន័យលើ បទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីពង្រឹងការអនុវត្តន៍ ច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានលក្ខណៈពិសេស ដូចជា ស្គាល់ទម្រង់ប័ណ្ណ រួមមាន ប័ណ្ណបើកបរ លិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ និងប័ណ្ណសម្គាល់យានយន្ត និងអាចដឹងថា ប័ណ្ណបើកបរត្រឹមត្រូវ ឬក្លែងក្លាយ ដឹងពីប្រតិបត្តិការ នៃការកាត់ពិន្ទុ និងពិន័យលឿនរហ័ស ដឹងទីតាំងភូមិសាស្ត្រ និងប្រវត្តិនៃការដកពិន្ទុ និងពិន័យ និងអាចកត់ត្រា រាល់ទិន្នន័យ ដែលអាចប្រើប្រាស់ ជាយុទ្ធសាស្រ្ត សម្រាប់កាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍៕/V