​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ការប្រយុទ្ធ​គ្នា​ដើម្បី​ផលិត​រថយន្ត​លឿន​បំផុត​នៅលើ​ភពផែនដី​បាន​ឡើង​កម្តៅ​ខ្លាំង​នៅ​ចុង​សប្តាហ៍​នេះ ខណៈ​ក្រុមហ៊ុន Bugatti​បានបង្ហាញ​នូវ​រថយន្ត​ម៉ូ​ដែល​​ចុងក្រោយ​របស់​ខ្លួន ដែល​មានឈ្មោះ​ថា Mistral ។​

​វា​ជា​កំណែ​រថយន្ត​ទំនើប​បើក​ដំបូល Chiron ដ៏​អស្ចារ្យ​របស់ខ្លួន ដែល​មាន​ន័យ​ថា​វា​ទទួលបាន​ម៉ាស៊ីន Quad-turbocharged ១៦ ស៊ីឡាំង​ដ៏​ខ្លាំងក្លា ប្រព័ន្ធ​កង់​វិល​ទាំង​បួន​ដ៏​ហ្មត់ចត់ និង​ការ​រចនា​ដ៏​ទាក់ទាញ​នៅ​ផ្នែក​ខាងក្នុង​។​

​មេៗ​នៅ​ក្រុមហ៊ុន Bugatti និយាយថា រថយន្ត​នេះ​មាន​គោលដៅ​តែមួយ​គត់​នៅ​ក្នុង​ចិត្ត គឺ “​ក្លាយ​ជា​យានយន្ត​បើក​លើផ្លូវ​លឿន​បំផុត​នៅលើ​ពិភពលោក​ម្តងទៀត​”​។​

​ប៉ុន្តែ​វា​ប្រឈម​នឹង​ការប្រកួតប្រជែង​ដ៏​ស្វិតស្វាញ​។ នោះ​ក៏​ព្រោះ​តែ​ក្រុមហ៊ុន Hennessey ទើប​តែ​បង្ហាញ​រថយន្ត Venom F5 គ្មាន​ដំបូល​ដែល​ពួកគេ​និយាយ​ថា​នឹង​ក្លាយ​ជា​រថយន្ត​លឿន​បំផុត​និង​ខ្លាំង​​បំផុត​នៅលើ​ពិភពលោក​។​

​រថយន្ត​ជំនាន់​មុន​របស់ Chiron គឺ​រថយន្ត Veyron មាន​កំណែ Grand Sport ជា​ជម្រើស​បើក​ដំបូល ប៉ុន្តែ​រហូត​មក​ទល់​សព្វថ្ងៃនេះ មិនទាន់​មាន​ប្រភេទ​រថយន្ត Chiron​ណា​ដែល​លាត​ដំបូល​​សុទ្ធ​នោះ​ទេ ចាប់តាំងពី​ឆ្នាំ ២០១៦ មក​។​

​រថយន្ត Veyron 16.4 Grand Sport Vitesse តម្លៃ ១,៦៨ លាន​ផោន (២​លាន​ដុល្លារ​)​គឺ​ជា​រថយន្ត​លឿន​បំផុត​ដែល​អាច​រក​ទិញ​បាន​សម្រាប់​សាធារណជន ជាមួយនឹង​ល្បឿន​កំពូល​គឺ ៤០៨,៨៤ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ក្នុង​ឆ្នាំ ២០១៣​។​

​ទោះយ៉ាងណា កំណត់ត្រា​នោះ​មាន​រយៈពេល​ត្រឹមតែ ៣ ឆ្នាំ​ប៉ុណ្ណោះ នៅ​ពេល​រថយន្ត Hennessey Venom GT Spyder បង្ហាញ​ល្បឿន​អតិបរមា ៤៣០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ហើយ​នៅ​តែ​រក្សា​​កំណត់ត្រា​លឿន​បំផុត​រហូតមក​ទល់​សព្វថ្ងៃនេះ​។​

Bugatti និយាយថា​ខ្លួន​ចង់បាន​មកុដ​នេះ​មក​វិញ ហើយ​រថយន្ត Mistral គឺជា​យានជំនិះ​ដើម្បី​ដណ្តើម​យក​មកុដ​នេះ​មកវិញ​។ ប៉ុន្តែ​រថយន្ត​នេះ​មិន​ថោក​នោះទេ គឺ​មាន​តម្លៃ​រហូត​ដល់ ៤,២​លាន​​ផោន (​ជិត​៥​លាន​ដុល្លារ​)៕

​រថយន្ត Bugatti Mistral