​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (VNExpress) ៖ មន្ត្រី​រដ្ឋាភិបាល​មួយ​រូប​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៩​សីហា​ថា​ប្រទេស​ថៃ​បាន​កត់ត្រា​ឃើញ​ភ្ញៀវទេសចរ​ចំនួន ៣,៧៨ លាន​នាក់​បាន​មក​ដល់​ពី​ខែ​មករា​​ដល់​ថ្ងៃទី ១៧ ខែ​សីហា​។​

​លោក ថា​វី​ស៊ីន វី​សានុ​យោធីន (Taweesin Visanuyothin) អ្នកនាំពាក្យ​នៃ​ក្រុមការងារ​ទប់ស្កាត់​កូវី​ដ​១៩ របស់​រដ្ឋាភិបាល បាន​និយាយថា ភ្ញៀវ​មកដល់​ភាគច្រើន ដែល​មក​ពី​ម៉ាឡេស៊ី ឥណ្ឌា និង​សិង្ហ​បុរី បាន​បង្កើត​ប្រាក់ចំណូល​ចំនួន ១៧៦ ពាន់​លាន​បាត (៤,៩៣ ពាន់​លាន​ដុល្លារ​)​។​

​លោក​ថា​វី​ស៊ីន​និយាយថា ថៃ​នឹង​ពង្រីក​រយៈពេល​នៃ​ទិដ្ឋាការ​ពេល​មកដល់​របស់​ខ្លួន ដែល​អនុវត្ត​ចំពោះ​ជនជាតិ​ឥណ្ឌា ចិន និង​អា​រ៉ាប៊ីសាអូឌីត ពី ១៥ ថ្ងៃ​ទៅ ៣០ ថ្ងៃ ដោយ​ចាប់ផ្តើម​នៅក្នុង​ខែ​តុលា​។ វិធានការ​នេះ​មាន​គោលដៅ​ជំរុញ​វិស័យ​ទេសចរណ៍​ខណៈ​វា​ងើប​ឡើងវិញ​ពី​ការធ្លាក់ចុះ​ភ្លាមៗ​ដោយសារ​ជំងឺ​រាតត្បាត​។​

​កាលពី​ឆ្នាំមុន ការមកដល់​របស់​ជ​ន​បរទេស​បាន​ធ្លាក់ចុះ​មក​ត្រឹមតែ ៤២៨.០០០ នាក់​ប៉ុណ្ណោះ ដោយសារ​ជំងឺ​រាតត្បាត បើ​ធៀប​នឹង​កំណត់ត្រា​ជិត ៤០ លាន​នាក់​ក្នុង​ឆ្នាំ ២០១៩​ដែល​រួមចំណែក​ដល់​​ផលិតផល​ក្នុងស្រុក​សរុប​ប្រហែល ១២ ភាគរយ​។​

​សេដ្ឋកិច្ច​ធំ​ទី​ពីរ​របស់​អាស៊ីអាគ្នេយ៍​នេះ​រំពឹង​ទទួលបាន​ភ្ញៀវ​ពី ៨ លាន​ទៅ ១០ លាន​នាក់​នៅ​ឆ្នាំនេះ លើស​ពី​ការព្យាករណ៍​ពី​មុន​ចំនួន ៧ លាន​នាក់ នេះ​បើ​យោង​តាម​ក្រសួង​ហិរញ្ញវត្ថុ​៕

​អ្នកទេសចរ​ដើរ​នៅ​ឆ្នេ​រកោះ​ភូ​កេត ប្រទេស​ថៃ កាលពី​ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​២០២២​