ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល,​វ៉េអិនអិចស្ព្រេស)៖​ហ្វក់​ស៍ខន់​(Foxconn)​ដែលជា​ក្រុមហ៊ុន​ផលិត​គ្រឿង​បង្គំ​អោយ​ក្រុមហ៊ុន​Apple​បាន​ចុះហត្ថលេខា​លើ​អនុ​ស្សនៈ​នៃ​ការយោគយល់​គ្នា​តំលៃ​៣០០​លាន​ដុល្លារ​មួយ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​វៀតណាម​គី​ញ បាក់ សី​ធី​(Kinh Bac City)​ដើម្បី​ពង្រីក​រោងចក្រ​របស់​ខ្លួន​នៅ​វៀតណាម​ខាងជើង​ក្នុង​បំណង​ជំរុញ​ផលិតកម្ម​និង​បង្កើន​មុខ​ផលិតផល នេះ​បើ​តាម​ការផ្សាយ​របស់​សារ​​ព័ត៌មាន​រដ្ឋ​វៀតណាម​កាលពី​ថ្ងៃ​សៅរ៍​។​

​កាសែត​តួ​យ​ជែ(Tuoi Tre)​របស់​វៀតណាម​បាន​និយាយថា រោងចក្រ​ថ្មី​របស់​ក្រុមហ៊ុន​តៃវ៉ាន់​នេះ​ស្ថិត​លើដី​៥០,៥​ហិច​តា​នៅក្នុង​ខេត្ត​បាក់​យ៉ាង​(Bac Giang)​ដោយ​វា​នឹង​បង្កើត​ការងារ​ក្នុងស្រុក​៣០.០០០​នាក់ ។​

​ក្រុមហ៊ុន​ជួល​ដី​៥០,៥​ហិច​តា​ហើយ​មាន​ផែនការ​បង្កើត​រោងចក្រ​តំលៃ​៣០០​លាន​ដុល្លារ​មួយ​នៅក្នុង​ខេត្ត​បាក់​យ៉ាង​។​

​ឧទ្យាន​ឧស្សាហកម្ម​ក្វាង ចា​វ ក្នុង​ខេត្ត​បាក់​យ៉ាង​

​តាមពិត​ក្រុមហ៊ុន​Foxconn និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿង​បង្គំ​Apple​មួយទៀត​គឺ​លុន​ស៊ែរ ព្រី​ស៊ីសិន អ៊ី​ន​ដា​ស្ទ្រី​(Luxshare Precision Industry)​បានចាប់ផ្តើម​សាកល្បង​ផលិត​នាឡិកា​Apple Watch​និង​កុំព្យូទ័រ​MacBook​នៅ​វៀតណាម​ខាងជើង ហើយ​មាន​គំរោង​ផលិត​វា​ជា​លើកដំបូង​នៅក្នុង​ប្រទេស​វៀតណាម​។​

​សូមបញ្ជាក់​ថា ក្រុមហ៊ុន​Apple​បាន​និង​កំពុង​រើ​ទីតាំង​ផលិត​ទូរស័ព្ទ​iPhone​ខ្លះ​ពី​ចិន​ទៅ​កាន់​ទីផ្សារ​ផ្សេងៗ រួម​មាន​ឥណ្ឌា កន្លែង​ដែល​ខ្លួន​បាន​ចាប់ផ្តើម​ផលិត​iPhone 13​នៅ​ឆ្នាំ​នេះ និង​ក៏​មាន​​ផែនការ​ដំឡើង​iPad នៅ​ទីនោះ​ផងដែរ​។​

​ឥណ្ឌា ដែល​ជា​ទីផ្សារ​ស្មា​ត​ហ្វូន​ធំ​បំផុត​ទី​ពីរ​ក្នុង​លោក រួម​ជាមួយ​ប្រទេស​ម៉ិក​ស៊ិចនិង​វៀតណាម​កំពុង​ក្លាយជា​កន្លែង​ទាក់ទាញ​ក្រុមហ៊ុន​ផលិត​គ្រឿង​ផ្គត់ផ្គង់​ម៉ាក​អាម៉េរិក​ល្បីៗ នៅ​ពេល​ក្រុមហ៊ុន​មួយ​ចំ​​នួន​ព្យាយាម​បង្វែរ​ផលិតកម្ម​ចេញ​ពី​ចិន​៕