​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ (TYDA) បាន​ចុះ​ព្យាបាល​ប្រជាពលរដ្ឋ នៅក្នុង​ឃុំ​ពោ​ធ៍​រំចាក ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ដោយមាន​ការចូលរួម​ជាមួយ ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ឃុំ និង ស្រុក​ព្រៃកប្បាស អាជ្ញាធរ​ដែនដី យុវជន និស្សិត​សមាគម​អាហារូបករណ៍ អ​.​ម​.​ត និង​ផ្នែក​ដែល​ពាក់ព័ន្ធ ជាច្រើន​ទៀត កាលពី​ព្រឹក​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២២ ។

​លោក​វេជ្ជបណ្ឌិត ស៊ូ ស៊ីផា​ណ្ណា ប្រធាន​ប្រតិបត្តិ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន សម្តេច​តេ​ជោ (TYDA) តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី បាន​មានប្រសាសន៍ថាៈ សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី តែងតែ​គិតគូរ​សុខទុក្ខ ចំពោះ​សុខភាព និង​ការរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​តែងតែ​បង្កលក្ខណៈ​ងាយ ស្រួល ក្នុងការ​ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ ដល់ទី​កន្លែង ព្រមទាំង​បញ្ជូន​ប្រជាពលរដ្ឋ ដែលមាន​ករណី​ធ្ងន់ធ្ងរ មក​ព្យាបាល នៅ​រាជធានី​ភ្នំពេញ ក្រោម​ការឧបត្ថម្ភ​ទាំងស្រុង របស់​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមរយៈ​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី និង​ក្រុមការងារ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន សម្តេច​តេ​ជោ​។​

​លោក ពេ​ជ សោភ័ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជា​សហប្រធាន ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ស្រុក ព្រៃកប្បាស បាន​មានប្រសាសន៍ថាៈ យើង​ពិតជា​មានសំណាង​ណាស់ ដែលមាន​ថ្នាក់ដឹកនាំ របស់​យើង​គឺ សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែ​គិតគូរ​សុខទុក្ខ ចំពោះ​សុខភាព និង​ការរស់នៅ​របស់​បងប្អូន ប្រជាពលរដ្ឋ​។ ជាក់ស្ដែង ថ្ងៃនេះ ក្រុមគ្រូពេទ្យ បានមក​ចុះ​ពិនិត្យ​ព្យាបាល ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅក្នុង​ស្រុក​ព្រៃកប្បាស ជា​លើក​ទី​៦​។​

​លោក​ក៏បាន​ថ្លែងអំណរគុណ និង​មាន​មោទនភាព ចំពោះ​ថ្នាក់ដឹកនាំ និង​ក្រុមការងារ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ដែល​បាន​លះបង់ គ្រប់បែបយ៉ាង នៅក្នុង​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ និង​ទាំង​ការផ្ដល់សេវា​ព្យាបាល ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ទូទាំងប្រទេស​។ លោក ពេ​ជ សោភ័ន បាន​ថ្លែងអំណរគុណ ប្រជាពលរដ្ឋ ដែល​បាន​ជឿទុកចិត្ត និង​បោះឆ្នោត ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដូចជា​បោះឆ្នោត​ឲ្យ​ខ្លួនឯង ដើម្បី​បន្ត​សន្តិភាព និង​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ដឹកនាំ​ប្រទេស ឱ្យ​កាន់តែ​មានការ​អភិវឌ្ឍ​រីកចម្រើន​។

​បើតាម​របាយការណ៍រ​បស់ អភិបាលស្រុក​ព្រៃកប្បាស បានឱ្យដឹងថា វិស័យ​សុខាភិបាល នៅក្នុង​ស្រុក មានការ​រីកចម្រើន ក្នុងនោះ ប្រជាពលរដ្ឋ បានទទួល​ការចាក់​វ៉ាក់សាំង ទាំង​ដុស​មូលដ្ឋាន និង​ដុស​ជំរុញ​បាន​ប្រមាណ ៧០% និង​ទទួលបាន​សេវា​ព្យាបាល ដែល​ឥតគិតថ្លៃ ពី​សំណាក់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ជា​លើក​ទី​៦ នឹង​ទទួលបាន​ការវះកាត់​បេះដូង ជូន​ប្រជាពលរដ្ឋ​ចំនួន ៤ នាក់ ក្រោម​ការឧបត្ថម្ភ​ដ៏​ថ្លៃថ្លា របស់ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ៕/V​