​ដោយ​៖ ម៉េង​ឆៃ / ភ្នំពេញ​៖ នៅក្នុង​សប្តាហ៍​នេះ មាន​ព្រឹត្តិការណ៍​ជាតិ​ជាច្រើន បានកើត​ឡើង ក្នុងនោះ​មាន ក្រោយ​ការ​សម្រេច របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន លុបចោល​គម្រោង​អភិវឌ្ឍន៍ ភ្នំ​តា​ម៉ៅ គឺ​ព្រះករុណា ព្រះមហាក្សត្រ បានចេញ ព្រះរាជក្រឹត្យ ដាក់​តំបន់ភ្នំ​តា​ម៉ៅ ជា​តំបន់​ការពារ​ព្រៃឈើ រួមទាំង​ដំណឹង​សំខាន់ៗ ជាច្រើន​ទៀត​។​

១- រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​បង្កើន ប្រាក់​របប​សន្តិសុខ​សង្គម ជូន​ដល់​អតីតមន្ត្រី រាជការ​ស៊ីវិល ក្រោយ​ពិនិត្យឃើញ​មាន​គម្លាត រវាង​អ្នក​ចាស់ និង​ថ្មី

​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​អនុក្រឹត្យ ដែល​ចុះហត្ថលេខា និង​ប្រថាប់ត្រា ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន កាលពីពេល​ថ្មីៗ​នេះ បានសម្រេច​កែប្រែ​ដំឡើង ប្រាក់​របប​សន្តិសុខ​សង្គម ជូន​ដល់​អតីត​មន្ត្រីរាជការ​ស៊ីវិល ក្នុង​គោលដៅ​គិតគូរ​បន្ថែម ទៅដល់​ជីវភាព​រស់នៅ​របស់ អតីតមន្ត្រី​រាជការ​ស៊ីវិល ដែល​បាន​ចូលនិវត្តន៍ ក៏ដូចជា ដើម្បី​កាត់បន្ថយ​គម្លាត ប្រាក់​របប​សន្តិសុខ​សង្គម បច្ចុប្បន្ន រវាង​អតីតមន្ត្រី​រាជការ​ស៊ីវិល ចាស់ និង​ថ្មី ផងដែរ​។​

២- អ្នករាយការណ៍​ពិសេស UN ចាប់ផ្តើម​បំពេញ​ទស្សនកិច្ច នៅ​កម្ពុជា នា​ថ្ងៃនេះ ដើម្បី​វាយតម្លៃ​ពី​ស្ថានភាព​សិទ្ធិមនុស្ស នៅ​កម្ពុជា

​អ្នករាយការណ៍​ពិសេស ទទួលបន្ទុក​សិទ្ធិមនុស្ស របស់​អង្គការសហប្រជាជាតិ ប្រចាំ​កម្ពុជា លោក វី​ទី​ត មុន​តា​ប៊ុន (Vitit MUNTARBHORN) ចាប់ផ្តើម​បំពេញ​ទស្សនកិច្ច ផ្លូវការ​រយៈពេល ១២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៥-២៦ ខែសីហា ឆ្នាំ​២០២២ នេះ ដើម្បី​វាយតម្លៃ ពី​ស្ថានភាព​សិទ្ធិមនុស្ស នៅ​កម្ពុជា​។ តាម​គម្រោង អ្នករាយការណ៍​ពិសេស ជួប​ជជែក​ពី បញ្ហា​សិទ្ធិមនុស្ស ជាមួយ​មន្ត្រី​រដ្ឋាភិបាល និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ជាពិសេស ការខិតខំ​របស់​រដ្ឋា​ភិ​បាល ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរ នូវ​លំហរ​សិទ្ធិមនុស្ស ដែល​រួមមាន សិទ្ធិ​នយោបាយ សិទ្ធិ​ពលរដ្ឋ សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌​។ នេះ​ជា​ដំណើរ​ទស្សនកិច្ច លើកដំបូង​របស់លោក វី​ទិ​ត មុន​តា​ប៊ុន មកកាន់​កម្ពុជា បន្ទាប់ពី​លោក ទទួល​តំណែង ជា​អ្នករាយការណ៍​ពិសេស ទទួលបន្ទុក​សិទ្ធមនុស្ស​របស់ អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា កាលពី​ខែឧសភា ឆ្នាំ​២០២១ ជំនួស​លោកស្រី Rhona Smith ។

៣-​សម្តេច​តេ​ជោ ប្រាប់​អ្នករាយការណ៍​ពិសេស ទទួលបន្ទុក​សិទ្ធិមនុស្ស​ថា សូម​ធ្វើ​របាយការណ៍ ឱ្យមាន​តុល្យភាព​ពី​កម្ពុជា

​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ ជាមួយ​លោក វី​ទិ​ត មុន​តា​ប៊​ន អ្នករាយការណ៍​ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស នៅ​កម្ពុជា នៅ​ថ្ងៃទី​១៦ ខែសីហា នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ប្រា​ប់លោក វី​ទិ​ត មុន​តា​ប៊​ន សូម​ពិចារណា និង​ពិនិត្យ​ឱ្យបាន​ត្រឹមត្រូវ ក្នុង​ការធ្វើ​របាយការណ៍ ឱ្យមាន​តុល្យភាព មិនអាច​ម្ខាង​ថា រក្សា​ការសម្ងាត់ ហើយ​ម្ខាង​ទៀត ទាមទារ​ឱ្យមាន​ការទទួលខុសត្រូវ និង​តម្លាភាព​នោះទេ​។​

៤-​សម្ដេច​តេ​ជោ ហ៊ុន សែន បញ្ជា​ឱ្យ​បញ្ឈប់​ការផ្ដាច់​មុខ​ផ្ដល់​សេវា​ទូរស័ព្ទ និង​អ៊ី​ន​ធើ​ណែ​ត នៅក្នុង​បុរី

​កាលពី​ថ្ងៃទី​១៧ ខែសីហា ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី ប្រគល់​សញ្ញាបត្រ ជូន​ដល់ និស្សិត​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានសម្រេច ក៏ដូចជា ដាក់ចេញ​បទបញ្ជា​មួយចំនួន សំដៅ​ដោះស្រាយ​បញ្ហា​ធំៗ ជូន​ពលរដ្ឋ​។ បញ្ហា​ធំៗ ដែល​សម្តេច​តេ​ជោ បានសម្រេច ក៏ដូចជា ដាក់ចេញ​បទបញ្ជា រួមមាន បង្កើត​អនុក្រឹត្យ​គ្រប់គ្រង ការពារ​តំបន់​ព្រៃឈើ និង​សត្វ​ព្រៃភ្នំ​តា​ម៉ៅ ដោះស្រាយ បញ្ហា​ពាក់ព័ន្ធ​នឹង​ការកាប់​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក នៅ​ខេត្ត​ព្រះសីហនុ ក៏ដូចជា ដាក់ចេញ​នូវ​ដំណោះស្រាយ លើ​បញ្ហា​រ៉ាំរ៉ៃ នៃ​ការតវ៉ា​របស់ កម្មករ កម្មការិនី រោងចក្រ​កាត់ដេរ ជាដើម​។ ក្នុងនោះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជា​ឱ្យ​បញ្ឈប់ កុងត្រា​ផ្ដាច់មុខ រវាង​ក្រុមហ៊ុន​សេវា​ទូរស័ព្ទ និង​សេវា​អ៊ី​ន​ធើ​ណែ​ត ជាមួយ​ក្រុមហ៊ុន​បុរី ផ្ទះល្វែង ដែល​បាន​បង្ក​ផល​លំបាក​យ៉ាងខ្លាំង ក្នុងការ​រស់នៅ​ប្រចាំថ្ងៃ​របស់ ប្រជាពលរដ្ឋ រស់នៅក្នុង​បុរី ដោយសារ​បញ្ហា​មិនមាន​សេវា​ទូរស័ព្ទ និង​អ៊ិន​ធើ​ណែ​ត នៅក្នុង​បុរី​។

៥-​សម្តេច​តេ​ជោ ហ៊ុន សែន លើកទឹកចិត្ត ឱ្យ​មេដឹកនាំ​ពិភពលោក បន្ត​យកចិត្តទុកដាក់ លើ​សុខុមាលភាព​ប្រជាជន និង​សុខភាព​សាធារណៈ ជា​អាទិភាព​ខ្ពស់បំផុត

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​១៨ ខែសីហា ក្នុងឱកាស​អញ្ជើញ​ទទួល​អំណោយ វ៉ាក់សាំង​កូ​វីដ​-១៩ ប្រភេទ​ភី​ហ្វៃ​ស័​រ (Pfizer) សម្រាប់​កុមារ ចំនួន ៣០ ម៉ឺន​ដូ​ស ពី​ប្រជាជន និង​រដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ អេ​ស្ប៉ា​ញ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ជំរុញ​លើកទឹកចិត្ត ឱ្យ​មេដឹកនាំ​ពិភពលោក​ទាំងអស់ រួមគ្នា​បន្ត​យកចិត្តទុកដាក់ លើ​សុខុមាលភាព​ប្រជាជន និង​សុខភាព​សាធារណៈ ជា​អាទិភាព​ខ្ពស់បំផុត ដើម្បី​ឆ្លើយតប​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ ឆ្លង​សាកល​កូ​វីដ​១៩ ដែល​មិនទាន់មាន​សញ្ញា​ថា អាច​នឹង​រលាយបាត់ ពី​ផែនដី នៅពេលណា​នោះ​។ តាម​បទពិសោធន៍​របស់​កម្ពុ​ជា សម្តេច​តេ​ជោ ចាត់ទុកថា វិធានការ ចាក់​វ៉ាក់សាំង​កូ​វីដ ១៩ នៅតែ​ជា​ជំរើស​ល្អ មិនអាច​មើលរំលង​បាន សម្រាប់​ថែរក្សា អាយុជីវិត​ប្រជាជន , រក្សា​ប្រក្រតីភាព នៃ​ដំណើរការ​សេដ្ឋកិច្ច និង​សង្គម​ឡើងវិញ បន្ទាប់ពី​រង​ផលប៉ះពាល់ យ៉ាងដំណំ​ពី​កូ​វីដ ១៩​។​

៦- សម្តេច​ក្រឡាហោម ស ខេង អំពាវនាវ​ដល់ អាជ្ញាធរ​ការពារ របង​សំណាញ់ ជុំវិញ​ផ្លូវ​ល្បឿន​លឿន ដើម្បី​សុវត្ថិភាព​អ្នកដំណើរ​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អំពាវនាវ​ដល់ អភិបាល​រាជធានី ខេត្ត ត្រូវការ​ពាររបង​សំណាញ់ នៅ​ជុំវិញ​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ ដើម្បី​ធានា​សុវត្ថិភាព​អ្នកដំណើរ ខណៈ​មាន​ករណី​ពលរដ្ឋ​រស់នៅ ជិត​ផ្លូវ​ល្បឿន​លឿន កាត់​សំណាញ់ ដើម្បី​ឆ្លងកាត់ ឬ​ដឹក​សត្វ​លើផ្លូវ​ល្បឿន​លឿន​។ ផ្លូវ​ល្បឿន​លឿន គ្រោង​នឹង​បើក​ដំណើរការ​សាកល្បង នៅ​ខែតុលា ខាងមុខនេះ​។​

៧- លោក ជា សុផារ៉ា ព្រមាន​ចាប់ខ្លួន​អ្នក​ហ៊ាន​តវ៉ា រឿង​សំណង់​ខុសច្បាប់ នៅ​តំបន់​រមណីយដ្ឋាន​អង្គរ

​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​ព្រមាន​ចាប់ខ្លួន​ជន​ទាំងឡាយណា ដែល​ហ៊ាន​តវ៉ា រឿង​សំណង់​ខុសច្បាប់ នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​។ ការព្រមាន​នេះ បានធ្វើ​ឡើង ខណៈដែល​ក្រុមការងារ ចុះ​វាស់វែង កំណត់​និយាម​ការ​ក្បាលដី និង​អត្តសញ្ញាណ​អ្នកកាន់កាប់​ដី​និង​សំណង់ ខុសច្បាប់ ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃទៀត ស្ថិតក្រោម​ការគ្រប់គ្រង​របស់ អាជ្ញាធរ​ជាតិ​អប្សរា នឹង​ចាប់ផ្តើម​អនុវត្តន៍ រយៈពេល ១៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៨ ខែសីហា តទៅ នៅក្នុង​ភូមិ​ទាំង ១១២​ភូមិ នៅក្នុង​រមណីយដ្ឋាន​អង្គរ ខេត្តសៀមរាប​។​

៨-​លោក ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា មិនបាន​ស្ថិតនៅ​ពីក្រោយ​ការដោះដូរ​ដី នៅ​តំបន់ភ្នំ​តា​ម៉ៅ​ទេ

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងទ័ពជើងគោក បាន​អះអាង​យ៉ាងច្បាស់​ថា លោក​មិនបាន​ស្ថិតនៅ ពីក្រោយ​ការដោះដូរ​ដី នៅ​តំបន់ភ្នំ​តា​ម៉ៅ ទៅឱ្យ​ក្រុមហ៊ុន​ឯកជន សម្រាប់​វិនិយោគ នោះឡើយ​។​

៩- មន្ត្រី​ទទួលបន្ទុក​ថា គ្មាន​ការហាមឃាត់ ចេញចូល​ការដ្ឋាន​ដាំ​ដើមឈើ នៅ​ភ្នំ​តា​ម៉ៅ​ទេ

​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ មាន​ព័ត៌មាន​ចុះផ្សាយ​ថា មានការ​ហាមឃាត់​មិនឱ្យ​ចេញចូល ការដ្ឋាន​ដាំ​ដើមឈើ​ឡើងវិញ នៅ​ភ្នំ​តា​ម៉ៅ​ទេ​។ ប៉ុន្តែ​មន្ត្រី​ទទួលបន្ទុក អះអាងថា ពុំមាន​ការហាមឃាត់​អ្វី​ទេ គ្រាន់តែ​ថា មុននឹង​ចេញចូល​ត្រូវ​ជូនដំណឹង ឬ​សុំ​ការអនុញ្ញាត​ពី មន្ត្រី​ទទួលខុសត្រូវ​ជាមុន​ផង​។

១០- មេខ្លោង​ទន្ទ្រាន​ដីព្រៃ នៅ​ខេត្ត​ព្រះសីហនុ បាន​ចូល​សារភាព ទោសកំហុស​ហើយ ក្រោយ​ការប្រកាស​របស់ សម្តេច​តេ​ជោ បាន ១​ថ្ងៃ

​នៅ​ទីបំផុត មេខ្លោង ដែល​បំផុស​ឱ្យមាន​ចលនា ទន្ទ្រាន​កាន់កាប់​ដី នៅ​ខេត្ត​ព្រះសីហនុ បាន​ចូលខ្លួន​សារភាព ទោសកំហុស​ហើយ នៅ​ល្ងាច​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២២ នៅ​សាលាដំបូង ខេត្ត​ព្រះសីហនុ​។ ការចូល​ខ្លួន​សារភាព​កំហុស​នេះ តប​តាម​ការអំពាវនាវ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​សម្តេច បាន​ជំរុញ​ឱ្យ​ជន​នោះ ចេញមុខ ទទួលខុសត្រូវ បើ​មិន​ចង់​ជាប់ឃុំ​។​

១១-​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ បង្កើត​ឧទ្យាន​សួនសត្វ ព្រៃ​ការពារ និង​សួន​ភូតគាម «​ភ្នំ​តា​ម៉ៅ​»

​ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជក្រឹត្យ សម្រេច​បង្កើត​ឧទ្យាន​សួនសត្វ ព្រៃ​ការពារ និង​សួន​ភូតគាម «​ភ្នំ​តា​ម៉ៅ​» ក្នុងស្រុក​បាទី ខេត្តតាកែវ លើ​ផ្ទៃដី ២.០២៥ ហិកតា ក្នុង​គោលដៅ ដើម្បី​ធានា​នូវ​និរន្តរភាព​នៃ​ការថែរក្សា អភិរក្ស​ព្រៃឈើ និង​សត្វព្រៃ ការសង្គ្រោះ ព្យាបាល ស្តារ​លទ្ធភាព​សត្វព្រៃ អប់រំ ផ្សព្វផ្សាយ ការសិក្សា​ស្រាវជ្រាវ និង​សេវា​ទេសចរណ៍​។ ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២២ មាន​គោលបំណង អភិវឌ្ឍន៍​សួន​ភូតគាម​សាស្ត្រ ដែលមាន​ពូជឈើ​ប្រណិត និង​មានតម្លៃ​សេដ្ឋកិច្ច​ខ្ពស់​។ អភិវឌ្ឍន៍​ជា​តំបន់​គោលដៅ ទេសចរណ៍ធម្មជាតិ វប្បធម៌ និង​ប្រវត្តិសាស្ត្រ ផ្ដល់​ការថែរក្សា​សង្គ្រោះ​សត្វព្រៃ ព្យាបាល និង​ស្តារ​លទ្ធភាព​សត្វ​។ ការធ្វើ​វិបុល​កម្ម​សត្វព្រៃ ប្រភេទ​សត្វ និង​រុក្ខជាតិ​កម្រ ជិត​ផុត​ពូជ ជា​មូលដ្ឋាន​សម្រាប់ ការសិក្សា​ស្រាវជ្រាវ អប់រំ​ផ្សព្វផ្សាយ​អន្តរ​អំពើ រវាង​មនុស្ស​-​សត្វព្រៃ និង​ព្រៃឈើ​។ បង្កើត​គម្រប​បៃតង និង​បង្កើន​សោ​ភ័​ណ្ឌ​ភាព​ក្នុង​តំបន់ លើកកម្ពស់​ការថែរក្សា​ធនធាន សេនេទិច​រុក្ខជាតិ​-​សត្វព្រៃ និង​ការអភិវឌ្ឍ​ធនធានធម្មជាតិ ប្រកបដោយ​និរន្តរភាព​៕/V​