ដោយ : ប.ជ័យ / បន្ទាយមានជ័យ :រដ្ឋបាលស្រុកថ្មពួកបានបំភ្លឺជូនរដ្ឋបាលខេត្តបន្ទាយមានជ័យករណីពលរដ្ឋរងគ្រោះម្នាក់បានផ្ញើសារចូលប្រអប់សាររបស់ហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយបញ្ជាក់ថា លោកគី ជា ម្ចាស់ភាស៊ីចំណតរថយន្តនៅត្រង់រង្វង់មូលផ្លូវជាតិលេខ៥៨ ច្រកបឹងត្រកួនឃុំគោករមៀតស្រុកថ្មពួក គឺអនុវត្តមិនបានត្រឹមត្រូវលើកិច្ចសន្យាក្នុងសៀវភៅបន្ទុកនៃការយកភាស៊ីនិងលើលិខិតរដ្ឋបាលខេត្តបន្ទាយមានជ័យលេខ៥៣១/២០ សជណ ចុះថ្ងៃទី០៣ខែសីហាឆ្នាំ២០២០ ឡើយ ។
ពោលគឺបុគ្គល ដែលក៏ជាមន្ត្រីយោធារូបនេះ មិនបានគោរពកិច្ចសន្យារឿងទារភាស៊ីចំណត ។ និងក៏មិនបានកាយអាចម៍ដីដែលចាក់លុបយកចំណីផ្លូវ និងក៏មិនខ្ចីរុះរើរោងសំនង់ដែលដាក់កុងត្រួលយកភាស៊ីចំពីមុខផ្លូវជាតិ នាភូមិបឹងសុក្រំឃុំគោករមៀតឬលើដីរង្វង់មូលបឹងត្រកួននោះឡើយ ។

ករណីនេះ លោកអនុប្រធានទីចាត់ការអន្តរវិស័យ សាលាខេត្តបន្ទាមានជ័យប្រាប់កាសែតរស្មីកម្ពុជាកាលពីថ្ងៃទី២០ខែសីហាឆ្នាំ២០២២ ថា : រាល់ខ្លឹមសារនៃលិខិតកំណត់ហេតុនានារួមទាំងលិខិតរដ្ឋបាលខេត្តបបន្ទាយមានជ័យ លេខ៥៣១/២០ សជណ ចុះថ្ងៃទី០៣ខែសីហាឆ្នាំ២០២០ គឺឈ្មោះគី ជា មិនបានគោរពនិងអនុវត្តសោះឡើយ ។
លោកបន្តថា លោកគី ជា ទទួលស្គាល់ការពិតនិងសារភាពកំហុសរួចហើយ ប៉ុន្តែ គាត់មិនព្រមអនុវត្តឡើយទាំងករណីចាក់អាចម៍លើចំណីផ្លូវជាតិលេខ៥៨ ទាំងការសាងសង់សំណង់ច្រើនឡើងៗនិងទាំងប៉ះពាល់ដីកម្មសិទ្ធិរបស់អ្នកដទៃនៅម្តុំរង្វង់បឹងត្រកួននោះ ។
ពោលគឺឈ្មោះនេះ ប្រព្រឹត្តខុសឆ្គងទាំងទៅលើអាជ្ញាធរមានសមត្ថកិច្ចរដ្ឋនិងទាំងទៅលើពលរដ្ឋ ហើយបង្កជាការថ្នាំងថ្នាក់ដ៏ជ្រាលជ្រៅដ៏យូរត្រាំត្រែងមួយ ។
និងការមិនអនុវត្តតាមកិច្ចសន្យានៃសៀវភៅបន្ទុកលើការយកភាស៊ីចំណត ។
ចំណែកលិខិតលេខ០៤៤/២២ រថព ចុះហត្ថលេខាដោយលោកអែម សុខា អភិបាលស្រុក ចុះថ្ងៃទិ២២ខែកក្កដាឆ្នាំ២០២២ របស់រដ្ឋបាលស្រុកថ្មពួក គោរពជូនលោកអភិបាលខេត្តបន្ទាយមានជ័យដែលកាសែតរស្មីកម្ពុជា ទើបទទួលបានច្បាប់ចម្លងបានឱ្យដឹងថា:ករណីឈ្មោះគី ជា ដែលជាម្ចាស់ភាស៊ីចំណតរថយន្តនៅត្រង់រង្វង់មួលផ្លូវជាតិលេខ៥៨ ច្រកបឹងត្រកួន ឃុំគោរៀតនិងនៅផ្លូវជាតិលេខ៥៦ ខាងត្បូងទីរួមស្រុក មាឃុំគំរូ នៅថ្ងៃទី២៣ខែឧសភាឆ្នាំ២០២១ រដ្ឋបាលស្រុកបានរៀបចំរបាយការណ៍គោរពជូនឯកឧត្តមអភិបាលខេត្តរួចម្តងហើយ ។ និងបានធ្វើកិច្ចសន្យា បញ្ឈប់ការយកភាស៊ីពីគោយន្តកន្ត្រៃរបស់កសិករដឹកកសិផលប្រចាំថ្ងៃ។
ក្រោយមករដ្ឋបាលស្រុកបានទទួលលិខិតលេខ៤៥០/២១ សជណ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យចុះថ្ងៃទី២៥ខែសីហាឆ្នាំ២០២១ ស្តីពីគណនីហ្វេសប៊ុកចែលីន ដែលបានផ្ញើសារចូលក្នុងទំព័រហ្វេសប៊ុកសម្តេចក្រឡាហោមស ខេង ។
នៅថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០២១ រដ្ឋបាលស្រុក បានអញ្ជើញឈ្មោះគី ជា មកធ្វើការឆ្លើយបំភ្លឺនិងជម្រាបជូនពីសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ (លេខ៥៣១/២០ សជណ ចុះថ្ងៃទី០៣ខែសីហាឆ្នាំ២០២០ ) ដូចដែលជូនភ្ជាប់ ។
រហូតដល់ថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២១ រដ្ឋបាលស្រុកបានចេញលិខិតលេខ០៣/ ២១ សជណ ស្តីពីការទុករយ:ពេលដើម្បីអនុវត្តតាមខ្លឹមសារលិខិតរបស់រដ្ឋបាលខេត្តនិងរៀបចំក្រុមការងារតាមដាន ពិនិត្យការអនុវត្តរបស់ឈ្មោះគី ជា ឃើញថា មានភាពល្អប្រសើរ ។
ប៉ុន្តែទើបតែមួយរយ:ក្រោយមក ស្រាប់តែលេចឮព័ត៌មានថា ឈ្មោះគី ជា មានការអនុវត្តមិនត្រឹមត្រូវតាមខ្លឹមសារលិខិតរដ្ឋបាលខេត្ត ក៏ដូចជាការជូនដំណឹងរបស់រដ្ឋបាលស្រុកទៅវិញ ។
ហេតុនេះ រដ្ឋបាលស្រុកសូមគោរពជូនរបាយការណ៍និងសុំអនុសាសន៍របស់លោកអភិបាលខេត្ត ។


សូមរំលឹកថា លិខិតរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យលេខ៥៣១/២០ សជណ ចុះថ្ងៃទី០៣ខែសីហាឆ្នាំ២០២០ និងរដ្ឋបាលស្រុកបានចេញលិខិតលេខ០៣/ ២១ សជណ ចុះថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២១ របស់រដ្ឋបាលស្រុកថ្មពួក មានខ្លឹមសារថា : ករណីឈ្មោះគី ជា ចាក់អាចម៍ដីដលុបយកចំណីផ្លូវ នៅចំណុចរង្វង់មូលបឹងត្រកួននិងធ្វើរោងសំណង់ដាក់កុងត្រួលយកភាស៊ីចំណតរថយន្តចំពីមុខ(ផ្លូវក្រវ៉ាត់ព្រំដែនផ្លូវជាតិលេខ៥៨ ) នាភូមិបឹងសុក្រំឃុំគោករមៀតស្រុកថ្មពួក ក្រុមការងារថ្នាក់ខេត្ត បានបើកកិច្ចប្រជុំសម្របសម្រួល ដោះស្រាយនិងបានចុះទៅដល់ទីតាំង ហើយណែនាំលោកគី ជា ឱ្យអនុវត្តកិច្ចមួយចំនួនដូចតទៅ : ១-ចំពោះសំណើសុំប្រើប្រាសដីជាប់ចំណីផ្លូវជាតិលេខ៥៨ ជាប់រង្វង់មូលបឹងត្រកួន(ខាងកើតផ្លូវជាតិ)តាមសំណើចុះថ្ងៃទី០៧ខែមិថុនាឆ្នាំ២០១៩ របស់ឈ្មោះគី ជា គឺរដ្ឋបាលខេត្តមិនអនុញ្ញាតិឡើយ ។
២-ត្រូវរុះរើរោងដែលដាក់យកភាស៊ីចំណតរថយន្តចេញពីលើដីចំណីផ្លូវជាតិលេខ៥៨ ត្រង់រង្វង់មូលបឹងត្រកួន ព្រោះវាធ្វើអោយប៉ះពាល់មុខទឹកនិងធ្វើអោយប៉ះពាល់ដល់ដីកម្មសិទ្ធិអ្នកដទៃ ។
៣-ត្រូវប្រមូលលូដែលបានដាក់ពង្រាយចេញពីដីចំណីផ្លូវសាធារណ:និងត្រូវរក្សាដីចំណីផ្លូវនេះទុកជាសម្បត្តិសាធារណ:រប់ស់រិញ ។៤-ត្រូវកាយយកអាចម៍ដី ដែលបានចាក់រួចរាល់ចេញពីដីចំណីផ្លូវជាតិលេខ៥៨ ដោយទុករយ:ពេល២សប្តាហ៍ ជាកំហិត ។
៥-ហាមអ្នកពាក់ព័ន្ធយកដីចំណីផ្លូវមកប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន ។និង៦-ក្នុងករណី មិនអនុវត្តតាមការណែនាំខាងលើនេះ រដ្ឋបាលខេត្តនឹងអនុវត្តតាមវិធានការច្បាប់ជាធរមាន ។
ពាក់ព័ន្ធករណីនេះទៀត ពលរដ្ឋឈ្មោះសៀន លន់ ភេទប្រុសអាយុ៣៨ឆ្នាំ និងប្រពន្ធឈ្មោះកែវ សុធារី អាយុ៣៣ឆ្នាំ រស់នៅភូមិបន្ទាយមានរឹទ្ធិឃុំគោករមៀតស្រុកថ្មពួក ដែលជនរងគ្រោះដែរពីករណីឈ្មោះគី ជា នេះបានចាក់ដី សាងសង់រោង ធ្វើសកម្មភាពនៃចំណតភាស៊ីរថយន្តពីមុខដីកម្មសិទ្ធិរបស់ខ្លួន បានត្អូញត្អែរថា : ពួកខ្លួននៅបន្តរងគ្រោះដោយអំពើអយុត្តិធម៌ដ៏រ៉ាំរ៉ៃពីឈ្មោះគី ជា ដែលមិនគោរពច្បាប់ និងការណែនាំរបស់អាជ្ញាធរ ។


ករណីនេះ អាជ្ញាធរមានសមត្ថកិច្ចបានរកឃើញការពិត ហើយឈ្មោះគី ជា ក៏បានសារភាព ទទួលកំហុសផងដែរ ប៉ុន្តែឈ្មោះនេះនៅតែមិនព្រមអនុវត្ត ដែលនេះជាគំរូអាក្រក់អោយអ្នកផ្សេងយកតម្រាប់តាម។
ម្យ៉ាង ដោយឈ្មោះនេះ ជាមន្ត្រីយោធាផង (ក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា ថៃ) ហើយបង្កទង្វើនេះលើរដ្ឋនិងលើពលរដ្ឋ វាបានបង្កអោយមានការថ្នាំងថ្នាក់ ។
បន្ថែមលើនោះ មន្ត្រីនគរបាលនាយកដ្ឋានសន្តិសុខ ក្រសួងមហាផ្ទៃក៏ធ្លាប់ចុះស្រាវជ្រាវករណីពលរដ្ឋខាងលើប្តឹងទៅអាជ្ញាធរករណីលោកគី ជា រំលោភដីចំណីផ្លូវនិងនៅពីមុខដីខ្លួនហើយដែលបានផ្សាយក្នុងសារព័ត៌មាន ហើយបានរកឃើញថា អ្វីៗដែលពលរដ្ឋសំណូមពរគឺជាការពិត ត្រឹមត្រូវ ដូចអាជ្ញាធរបានបញ្ជាក់មែន ។
ឆ្លើយតបនឹងករណីនេះ លោកគី ជា ធ្លាប់បានប្រាប់មន្ត្រីអាជ្ញាធរនិងសារព័ត៌មានរស្មីកម្ពុជាថា : លោកនឹងអនុវត្តតាម តែត្រូវប្រគល់ដីនោះជូនប្រយោជន៍សាធារណ:របស់រដ្ឋ ។
ប៉ុន្តែ ជាក់ស្តែងលោកមិនទាន់អនុវត្តបាន ដោយរង់ចាំលោកចូលនិវត្តន៍សិន ។ ហេតុនេះ សូមទុកឱ្យលោកបានស្ងប់អារម្មណ៍នៅចន្លោះពេលនេះទៅដល់ចូលនិវត្តន៍៕សរន

(រូបថតឯកសារ)