​ដោយ​: យោធិន / ត្បូងឃ្មុំៈ កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២២ ប្រតិបត្តិ​ករ​បោសសម្អាត​មីន នៃ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព NPMEC បាន​បន្ត​រកឃើញ​គ្រាប់មីន ស្ថិតក្នុង​ចម្ការកៅស៊ូ នា​ភូមិ​ក្រវៀន​ខាងជើង ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​គិតថា​ជាទី​តាំង​មាន​សុវត្ថិភាព និង​មាន​កម្មករ​បំពេញការងារ​ជា​រៀងរាល់ថ្ងៃ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១​អាជ្ញាធរ​មីន​។

​សូមបញ្ជាក់ថា ក្រោម​គម្រោង​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​សកម្មភាព​មីន “​ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាមញញឹម​” អាជ្ញាធរ​មីន​ក៏បាន​ដាក់ពង្រាយ​កម្លាំង​ប្រតិបត្តិ​ករ​បោសសម្អាត​មីន របស់​កងកម្លាំង​រក្សា​សន្តិភាព​( NPMEC) ចាប់ពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២២ ដើម្បី​ប្រែក្លាយ​ខេត្ត​ត្បូងឃ្មុំ ជា​ខេត្ត​អស់​មីន ក្នុង​រយៈពេល​កំណត់​៦​ខែ​។​

​សម្រាប់​សកម្មភាព​កិច្ចប្រតិបត្តិការ​រុករក និង​បោសសម្អាត​មីន​របស់​អង្គភាព​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព គិត​ត្រឹម​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២២ កងកម្លាំង​រក្សា​សន្តិភាព (NPMEC )​បាន​បោសសម្អាត​ផ្ទៃដី​មាន​មីន​ក្នុង​ទំហំ ១,៨ គីឡូម៉ែត្រ​ក្រឡា សម្រេចបាន​ប្រមាណ ៤០% នៃ​ផែន​ការសរុប​ប្រមាណ​ជា ៣,៩៨ គីឡូម៉ែត្រ​ក្រឡា ដោយបាន​រកឃើញ​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ចំនួន​១.០៨៥ គ្រាប់​។ នេះ​បើតាម​ការបញ្ជាក់​របស់​ថ្នាក់ដឹកនាំ​អាជ្ញាធរ​មីន​៕​