ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ កំរិត​ទឹកទន្លេ​យ៉ាង​សេ​(Yangtze)​ធ្លាក់ចុះ​ខ្លាំង​បាន​បញ្ចេញ​កោះ​មួយ​ពី​បាតទន្លេ​នៅក្នុង​ទីក្រុង​ចុងឈី​ញ​( Chongqing)​របស់​ចិន​ភាគ​និរតី​និង​ព្រះពុទ្ធ​រូប​បី​អង្គ​​នៅលើ​កោះ​នេះ​ដែល​គេ​ជឿ​ថា​មាន​ចំណាស់​៦០០​ឆ្នាំ​ក៏​ផុស​ឡើង​ផងដែរ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ​របស់​ចិន​។​

​ព្រះ​បដិមា​ទាំង​បី​អង្គ​ត្រូវ​គេ​រកឃើញ​នៅ​ផ្នែក​ខ្ពស់​បំផុត​នៃ​​កោះថ្ម​ប៉ប្រះ​ទឹក​នេះ​ហៅ​ថា​ហ្វូយ​លៀង​( Foyeliang)​ដែល​ត្រូវបាន​កំណត់​ជា​ជំហាន​ដំបូង​ថា​វា​ត្រូវ​បាន​ឆ្លាក់​ឡើង​ក្នុង​រជ្ជកាល​មី​ញ​​ឬ ឈី​ញ​។​

​បដិមា​មួយ​ជា​លោកសង្ឃ​គង់​លើ​ស្រទាប់​ផ្កាឈូក​។​

​សូមបញ្ជាក់​ថា​កំរិត​ទឹកទន្លេ​យ៉ាង​សេ​បាន​ធ្លាក់ចុះ​យ៉ាង​គំហ៊ុក​ដោយសារតែ​ភាព​រាំងស្ងួត​និង​រលក​កំដៅ​មួយ​កំពុង​គ្របដណ្តប់​ចិន​ភាគ​និរតី​។​

​ទឹកទន្លេ​យ៉ាង​សេ​ធ្លាក់ចុះ​ទាប​ជាង​កំរិត​ធម្មតា​៤៥​ភាគរយ​ចាប់តាំងពី​ខែកក្កដា​មក និង​រលក​កំដៅ​ទំនង​ជា​បន្ត​វាយប្រហារ​ចិន​ភាគ​និរតី​យ៉ាង​តិច​មួយ​សប្តាហ៍​ទៀត​

​ព្រះ​បដិមា​បី​អង្គ​លេចចេញ​ពី​បាតទន្លេ​យ៉ាង​សេ​

​ភាពរាំងស្ងួត​អស់​ប៉ុន្មាន​សប្តាហ៍​នៅ​ទូទាំង​អឺរ៉ុប​ក៏​បាន​បញ្ចេញ​ទ្រព្យសម្បត្តិ​ដែល​លិច​កប់​បាត់​ជា​យូរ​មក​ហើយ​។​នៅអេ​ស្ប៉ាញ អ្នក​បុរាណវិទ្យា​បាន​រីករាយ​ដោយ​ការលេចចេញ​រង្វង់​ដុំថ្ម ដែល​គេ​ហៅថា​​ស្ពែន​នី​ស ស្តូន​ហែ​ង​(Spanish Stonehenge)​។​

​នៅ​ទន្លេ​ដ៏​ធំ​នៅ​អឺរ៉ុប​មួយទៀត គឺ​ទន្លេ​ដា​នូ​ប​(Danube) ទឹក​បាន​ធ្លាក់​ដ​ល់​កំរិត​ទាប​បំផុត​របស់​វា​នៅក្នុង​រយៈពេល​ជិត​មួយ​សតវត្សរ៍​មក​នេះ ដោយ​បញ្ចេញ​នាវាចម្បាំង​អាល្លឺម៉ង់​ជាង​២០​គ្រឿង ដែល​​បាន​លិច​ចូលទៅបាតទន្លេក្នុងអំឡុង​សង្គ្រាមលោកលើកទីពីរ​ក្បែរ​ទីប្រជុំជន​ប្រា​ហូ​វ៉ូ របស់​ស៊ែ​ប៊ី​៕