​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ទឹកជំនន់​និង​ការបា​ក់ដី​សង្កត់​បង្កឡើង​ដោយ​ការ​ធ្លាក់ភ្លៀង​ខ្លាំង​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​៥០​នាក់​នៅ​ឥណ្ឌា​ខាងជើង​និង​ខាងកើត​នៅ​រយៈពេល​បី​​ថ្ងៃ​មកនេះ នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​កាលពី​ថ្ងៃអាទិត្យ​។​

​ទឹកភ្លៀង​បាន​ពន្លិច​ភូមិ​រាប់រយ បក់​យក​ផ្ទះ​ទៅ​តាម​ទឹក​ហូរ​និង​ធ្វើអោយ​អ្នកស្រុក​ជាប់​នៅ​កណ្តាល​ទឹក​នៅ​ពេល​បុគ្គលិក​ជួយសង្គ្រោះ​ខិតខំ​ជម្លៀស​ជនរងគ្រោះ​។​

​មុននេះក្នុងខែសីហា ការិយាល័យ​អា​កាស​ធាតុ​សហព័ន្ធ​បាន​ព្យាករណ៍​ថា ឥណ្ឌា​ទំនងជា​ទទួល​ទឹកភ្លៀង​មធ្យម​នៅ​ខែ​សីហា​និង​កញ្ញា ដែល​ល្អ​សំរាប់​ដំណាំ​កសិកម្ម​នៅក្នុង​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​បី​នៅ​អាស៊ី​​មួយ​នេះ ដែល​ពឹង​លើ​ការដាំដុះ​ដើម្បី​ជំរុញ​កំណើន​និង​បង្កើត​ការងារ​ធ្វើ​។​

​កសិកម្ម​តំណាងអោយ​១៥​ភាគរយ​នៃ​សេដ្ឋកិច្ច​តំលៃ​២,៧​ទ្រី​លាន​ដុល្លារ​របស់​ឥណ្ឌា នៅពេល​វា​ចិញ្ចឹម​ប្រជាជន​ឥណ្ឌា​ជាង​ពាក់កណ្តាល​ក្នុងចំណោម​ពលរដ្ឋ​ឥណ្ឌា​១,៣​ពាន់​លាន​នាក់​។​

​ការ​ធ្លាក់ភ្លៀង​ខ្លាំង កើត​មាន​តាម​ក្រោយ​នូវ​ការបា​ក់ដី​នៅក្នុង​រដ្ឋ​ហ៊ី​ម៉ា​ចាល់ (Himachal)​នៅ​បី​ថ្ងៃ​មកនេះ​ដោយ​សម្លាប់​មនុស្ស​យ៉ាង​តិច​៣៦​នាក់​។​

​នៅក្នុង​រដ្ឋ​តំបន់ភ្នំ​អ៊ុត​តា​រ៉ា​ខាន់​(Uttarakhand)​ក្បែរ​នោះ រដ្ឋាភិបាល​បាន​និយាយថា មនុស្ស​បួន​នាក់​បាន​ស្លាប់​និង​១៣​នាក់​បាត់​ខ្លួន​ដោយសារតែ​ការ​ធ្លាក់ភ្លៀង​ជាប់​ខណៈ​នៅក្នុង​រដ្ឋ​អូ​ឌី​សា​(Odisha)​ភាគ​ខាងកើត​ឥណ្ឌា មនុស្ស​យ៉ាង​តិច​ប្រាំមួយ​នាក់​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​ទាក់ទង​នឹង​ការ​ធ្លាក់ភ្លៀង​ខ្លាំង​។​

​ជំនន់​ប៉ះពាល់​មនុស្ស​ជិត​៨០០.០០០​នាក់​និង​ជម្លៀស​មនុស្ស​រាប់​ម៉ឺន​នាក់​ចេញពីផ្ទះ​របស់​គេ​នៅ​រដ្ឋ​អូ​ឌី​សា ៕

​ស្ពាន​មួយ​បាក់​ដោយ​ទឹកជំនន់​ហូរ​បុក​នៅក្នុង​រដ្ឋ​ហ៊ី​ម៉ា​ចាល់ កាលពី​ថ្ងៃ​២០​សីហា​

​ទឹកជំនន់​ពន្លិច​ស្ពាន​មួយ​នៅ​រដ្ឋ​ហ៊ី​ម៉ា​ចា​ល់​

​ផ្ទះ​ខ្ទម​លិច​ក្នុង​ទឹកជំនន់​នៅក្នុង​រដ្ឋ​អូ​ឌី​សា កលា​ពីថ្ងៃ​២០​សីហា​