ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖លោកបណ្ឌិត មាស សារិន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា លោក ប៉ែន សុវណ្ណី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទាតំណាងឲ្យថ្នាក់ដឹកនាំខេត្តស្វាយរៀងបានអញ្ជើញចូលរួមពិធីបើកវគ្គបណ្តុះបណ្តាលសុខភាពសហគមន៍ខេត្តស្វាយរៀង ថ្ងៃទី២១ ខែសីហាឆ្នាំ២០២២នេះ។

  វគ្គបណ្តុះបណ្តាលសុខភាពសហគមន៍មានការចូលរួមថ្នាក់ដឹកនាំនិងប្រតិភូក្រុមការងារសម្របសម្រួលនៃគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាមន្រ្តីអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តនិងមន្ត្រីពាក់ព័ន្ធមន្ត្រីតាមមណ្ឌលសុខភាពក្នុងខេត្តជនមានពិការភាពខ្សោយសតិបញ្ញា និងអាណាព្យាបាលចំនួន៨០នាក់     

  លោកបណ្ឌិត មាស សារិន បានមានប្រសាសន៍ថាគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកកម្ពុជាមានការទទួលខុសត្រូវជាចំបងក្នុងការអភិវឌ្ឍចលនាកីឡាជនបញ្ញាខ្សោយទាំងក្មេង ពេញវ័យនិងចាស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជាដោយផ្តោតសំខាន់ទៅលើការហាត់ហ្វឹកហ្វឺននិងការប្រកួតកីឡាជារៀងរាល់ឆ្នាំនិងក៏បានផ្តល់ឱកាសឲ្យជនបញ្ញាខ្សោយបានចូលរួមសកម្មភាពកីឡា សំដៅហ្វឹកហាត់កាយសម្បទាមំាមួន បញ្ញាស្មារតីឲ្យមានភាពរីកចម្រើន និងសីលធម៌ថ្លៃថ្នូរទទួលបានការលើកទឹកចិត្ត ចូលរួមក្នុងការចែករម្លែកបទពិសោធន៍ជំនាញ វត្ថុអនុស្សាវរីយ៍ និងភាពរាក់ទាក់ពីញាត្តិ អាណាព្យាបាល និងកីឡាករកីឡាការិនី ជាជនបញ្ញាខ្សោយដទៃទៀតពិសេសគឺជៀសផុតពីការរើសអើងផ្សេងៗនៅក្នុងសហគមន៍ផងដែរ។

គណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកកម្ពុជាជានិច្ចកាលតែងតែយកចិត្តទុកដាក់ក្នុងការពង្រីកចលនាកីឡាជនបញ្ញាខ្សោយទៅតាម ខេត្តគោលដៅមួយចំនួនដូចជា រាជធានីភ្នំពេញ កណ្តាលតាកែវ ស្វាយរៀង កំពត កំពង់ស្ពឺ ព្រៃវែង បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ សៀមរាប កំពង់ចាមព្រះវិហារ និង កំពង់ស្ពឺប៉ុន្តែការពង្រីកអនុគណៈកម្មាធិការនេះនៅមាន

កម្រិតនៅឡើយដោយចលនាកីឡាស្ប៉េស្យាល់អូឡាំពិកភាគច្រើនពឹងផ្អែកលើការជួយឧបត្ថម្ភមួយផ្នែកពីរាជរដ្ឋាភិបាលកម្ពុជា មួយផ្នែកទៀត ពីអង្គការជាតិ អន្តរជាតិ និងសប្បុរសជន។           

លោកឃ្លាំង ចន្ទូអគ្គលេខាធិការនៃគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកកម្ពុជាបាននិយាយថាការរៀបចំវគ្គបណ្តុះបណ្តាលសុខភាពសហគមន៍នេះឡើងក្នុងគោលបំណងធំសំខាន់រួមមានដើម្បីឲ្យមានបណ្តាញនិងស្គាល់ពីសញ្ញាណសុខភាពជនបញ្ញាខ្សោយនៅតាមសហគមន៍ការបង្កើនការហាត់ប្រាណ និងលេងកីឡានៅតាមសហគន៍។ ផ្តល់សកម្មភាពសុខភាព និងបង្ការជាបន្តដល់កីឡាករ កីឡាការិនី ខ្សោយសតិបញ្ញាក្នុងផ្នែកកាយសម្បទា ការញាំទឹក និងអនាម័យអាហារូបត្ថម្ភនិងបង្ការពីមេរោគផ្សេងៗហើយអប់រំនិងបណ្តុះបណ្តាលសមាជិកគ្រួសាររបស់កីឡាករ កីឡាការិនី និងគ្រូបង្វឹកដើម្បីចូលរួមតស៊ូមតិផ្នែកសុខភាព។

លោកអគ្គលេខាបានបន្តថា មានបណ្តាញសម្រាប់អាណាព្យាលបាលជនបញ្ញាខ្សោយ មកពីអង្គការសមាគមនិងពីក្រុមគ្រួសារនានាជុំវិញខេត្តដើម្បីផ្តល់ឱកាសដល់ពួកគេបានយល់ដឹងពីការថែទាំសុខភាពជាបញ្ហាចំបងសម្រាប់អាណាព្យាបាល និងប្អួនៗ កីឡាករកីឡាការិនីបញ្ញាខ្សោយនិងបង្កើនការយល់ដឹងផ្នែកសុខភាពទូទៅសុខភាពមាតាសុខភាពទារកសុខភាពមាត់ធ្មេញនិងសុខភាពនៃការរស់នៅប្រចាំថ្ងៃរបស់ជនខ្សោយសតិបញ្ញា៕សរន

ស្ប៉េស្យាល់អូឡាំពិកកម្ពុជាបើកវគ្គបណ្តុះបណ្តាលសុខភាពសហគមន៍ខេត្តស្វាយរៀង