ដោយ​: ទេ​ពក​ង្រី / ខេត្តកំពង់ឆ្នាំង​: មនុស្ស​ពីរ​នាក់​បាន​ស្លាប់ នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រវាង​អ្នកជិះ​ម៉ូតូ​បុក​ជាមួយ​រថយន្ត​ធុន​ធំ ក្នុង​ដំណើរ​ច្រាសទិស​គ្នា​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង​នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២២ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៨១​និង​៨២ ដែល​ស្ថិតនៅ​ភូមិ​ស្ពុ​ក​រាជ្យ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កេ​ត យ៉ុង ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង​ទទួល​ផែន​ចរាចរណ៍ បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​២១​សីហា​២០២២​នេះ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បានកើត​ឡើង​រវាង​ម៉ូតូ​ម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1GI 2615 បើកបរ​ដោយ​ឈ្មោះ ម៉ាន់ សុភាព ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទ្រ​នាម​ពេជ្រ ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមាន​អ្នករួមដំណើរ ម្នាក់ទៀត ឈ្មោះ សាន ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ស្រុក​ជាមួយ​អ្នកបើកបរ បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។

​ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង​ទទួល​ផែន​ចរាចរណ៍​ផ្លូវគោក បាន​ឲ្យ​ដឹង​បន្ថែមទៀតថា លុះ​ពេល​បើកបរ​មកដល់​ចំណុច​កើត​ខាងលើ ក៏បាន​ឡើង​វ៉ា ជែង​រថយន្ត ១​គ្រឿង​ផ្សេងទៀត ម៉ាក CHEN LONG ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 3F-4126 សណ្តោង​រ៉ឺម៉ក ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 4A-8774 ដែល​ដឹក​ប្រេងឥន្ធនៈ​តូ​តា​ល់ បើកបរ​ដោយ​ឈ្មោះ ខេ​ត្រ វ៉ាន់​និសា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​.​ភូមិ​អង្គ .​សង្កាត់​ចោមចៅ .​ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ រួច​ក៏បាន​ទៅបុក​ជាមួយ​រថយន្ត ១ គ្រឿង​ផ្សេងទៀត​ម៉ាក HINO ពណ៌​ស ចង្កូត​ស្តាំ​ពាក់​ស្លាក​លេខ KCHH 0049 សណ្តោង​រ៉ឺម៉ក ពណ៌​ខៀវ ពាក់​ផា្ល​ក​លេខ កំពង់ឆ្នាំង 4A-0024 បើកបរ​ដោយ​ឈ្មោះ ឡា ឡាយ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ចុង​ព្រៃ ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ក្នុង​ដំណើរ​ច្រាស់ទិស​គ្នា ហើយ​ក៏បាន​ខ្ទាត​មនុស្ស​ទៅ​ប៉ះ​ជាមួយ​រថយន្ត​ម៉ាក CHEN LONG ដែល​ម្ចាស់​ម៉ូតូ​កំពុង​ឡើង​វ៉ា​ជែង​នោះ ក្នុង​ដំណើរ​ស្រប​ទិស​គ្នា បណ្តាលអោយ រថយន្ត​កិន​ស្លាប់​ទាំងពីរ​នាក់​នៅនឹងកន្លែង​កើតហេតុ​តែម្ដង​។​

​ក្រោយពី​កើតហេតុ កម្លាំង​ជំនាញ​បាន​ចុះ​ទៅដល់ កន្លែងកើតហេតុ​ធ្វើការ​វាស់វែង និង​នាំយក​រថយន្ដ និង​ម៉ូតូ​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រលាប្អៀរ ដើម្បី​បន្ត​និតិ​វិធី ហើយ​បានធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឲ្យ​គ្រួសារ​សាច់ញាតិ យកទៅ​លំនៅដ្ឋាន​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផងដែរ​៕​