ដោយៈ គង់ហេង/ កំពង់ចាមៈ ថ្លែងក្នុងនាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមកាត់បន្ថយការចំណាយច្រើនក្នុងក្រុមគ្រួសារនីមួយៗ ដើម្បីលើកកម្ពស់កម្រិតជីវភាព តាមរយៈការថែរក្សាសុខភាពឱ្យបានល្អ។

លោកប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាមបានធ្វើការអំពាវនាវបែបនេះ នៅក្នុងឱ្យកាសដែលលោក និងសហការីជាច្រើនរូបបានអញ្ជើញចូលរួមសំណេះសំណាល និងចែកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទ ក្រហមកម្ពុជាជូនដល់ជនងាយរងគ្រោះ ខ្វះខាតជីវភាពចំនួន ៥៣ គ្រួសារចំនួន ប្រាំ ឃុំ របស់ស្រុកកងមាស នៅវត្តកោះតាង៉ោ ឃុំសូគង នៅព្រឹកថ្ងៃទី ២១ សីហានេះ។

លោក អ៊ុន ចាន់ដា បានថ្លែងថាៈ សូមឱ្យប្រជាពលរដ្ឋទាំងអស់រស់នៅប្រកបដោយសុខដុមរមនា មានផាសុខភាព មានសុភមង្គលក្នុងក្រុមគ្រួសារ ជួបជុំកូនចៅសប្បាយរីករាយទាំងអស់គ្នា។ ដោយខិតខំប្រកបរបរចិញ្ចឹមជីវិត ដើម្បីធ្វើយ៉ាងណាលើកកម្ពស់កម្រិតជីវភាពកាន់តែប្រសើរឡើងពោល គឺត្រូវជួយខ្លួនឯង តាមរយៈការថែរក្សាសុខភាពឱ្យបានល្អ កុំឧស្សាហ៍ចូលមន្ទីរពេទ្យ,អប់រំកូនចៅកុំឱ្យពាក់ព័ន្ធការប្រព្រឹត្តខុសច្បាប់ ពិសេសបញ្ហាបទល្មើសគ្រឿងញៀន និងចូលរួមកាត់បន្ថយ ឬកុំឱ្យមានតែម្តងនូវគ្រោះថ្នាក់ចរាចរណ៍។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូនជនងាយរងគ្រោះទាំង ៥៣ គ្រួសារដោយគ្រួសារនីមួយៗ ទទួលបាន៖ អង្ករ ២៥ គីឡូក្រាម,ទឹកត្រី មួយ យួរ,មីមួយកេស,ទឹកស៊ីអ៊ាវមួយយួរ,ត្រីខ ១០កំប៉ុង,សាប៊ូ បួន ដុំ,ឃីត មួយ កញ្ចប់,អាវយឺត បួន,ម៉ាស់ ១០ បន្ទះ និងថវិកា ប្រាំម៉ឺនរៀល។ នាឱកាសនោះលោក អ៊ុន ចាន់ដា បានប្រគេន ដល់ចៅអធិការវត្តកោះតាង៉ោនូវអង្ករ ១០០ គីឡូក្រាម,មីបួនកេស,ត្រីខ បួន យួរ និងបច័្ចយមួយចំនួន៕សរន