ដោយ:មុនីរ័ត្ន បូព៌ព្រឹក្ស/ភ្នំពេញ:នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស បានគោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លុបឈ្មោះលោក សាន្ត ប៊ុនធឿន និងលោក ហ៊ត ប៊ូ ហៅអធិរាជមហាសាច់ ពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ដោយសារពួកគេធ្វើឲ្យប៉ះពាល់កិត្តិយសអង្គភាព និងមានការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ។នេះបើយោងតាមលិខិតរបស់លោកចុះថ្ងៃទី១៨ខែសីហាឆ្នាំ២០២២។

ទន្ទឹមនឹងសំណើផ្លូវការនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចារលើលិខិតនោះនៅថ្ងែទី ២១ ខែសីហានេះដោយឯកភាព និងស្នើដល់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិឱ្យចាត់ការបន្ទាន់។

ដោយឡែកឆេលណែលតេឡេក្រាមផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី២១ ខែសីហានេះដែរសម្តេចបានសរសេរថា ចរិតពាលរបស់សាន ប៊ុនធឿនប្រាកដជាមិនអាចកែប្រែបានឡើយ។ដើម្បីជួយដល់សាន ប៊ុនធឿននិងប្រពន្ធកូន ខ្ញុំនិងភរិយាបានជួយលុយដើម្បីសាន ប៊ុនធឿនទិញផ្ទះនៅ ថែមទាំងផ្តល់លុយជូន សាន ប៊ុនធឿន៥០០ ដុល្លារក្នុងមួយខែតាំងពីឆ្នាំ២០១៨មក។
ខ្ញុំធ្លាប់បានអប់រំសាន ប៊ុនធឿនកុំឱ្យសុីផឹកជេរបញ្ចោរតែចរិតមនុស្សនេះកែមិនឡើងឡើយ។

សម្ដេចតេជោបានសរសេរនៅឃ្លាចុងក្រោយថា “ដើម្បីជៀសវាងនូវការយល់ច្រឡំណាមួយកើតឡើងថ្ងៃនេះខ្ញុំបានបញ្ជាឱ្យមេបញ្ជាការអង្គរក្សស្នើសុំបណ្តេញ
សាន ប៊ុនធឿនចេញពីក្របខ័ណ្ឌកងទ័ព”៕សរន