​ដោយ​: ភ្នំ​សន្ទុក / កំពង់ធំ​: នៅ​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២២ លោក ហាក់ ម៉ុង​ហួត អភិបាលស្រុក​តាំង និង​ព្រះគ្រូ​សីល​មុនី​វង្ស តុ​ន ពិសី ព្រះគ្រូ​ចៅអធិការ​វត្ត​គុ​ហ​នគរ បាន​ចុះសួរសុខទុក្ខ​ចែក​អំណោយ​សប្បុរសធម៌​ដល់​លោកយាយ លោកតា ទីទ័លក្រ​ចំនួន ៤០​គ្រួសារ មកពី​៧​ភូមិ នៃ​ឃុំ​ពង្រ ស្រុក​តាំងគោក​។​

​នៅក្នុង​ឱកាស​នេះ​ព្រះគ្រូ​សីល​មុនី​វង្ស តុ​ន ពិសី ព្រះគ្រូ​ចៅអធិការ​វត្ត​គុ​ហ​នគរ សម្ដែង​នូវ​ទឹក​ព្រះទ័យ​សប្បាយរីករាយ​ដែល​ឃើញ​ថ្នាក់ដឹកនាំ​ស្រុក​យក​ចឹ​ត្ត​ទុក្ខ​ដាក់ ដឹង​សុខទុក្ខ​ប្រជាពលរដ្ឋ​ក្នុងស្រុក​តាំងគោក ទោះ​នៅក្នុង​កាលៈទេសៈ​ណាក៏ដោយ​លោក​តែងតែ​ចុះ​ជាប់​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ជានិច្ច​។ ព្រះអង្គ​មាន​មោទនភាព ដោយបាន​លោក​អភិបាល​តែងតែ​លើកទឹកចិត្ត និង​ផ្តល់​ទំនុកចិត្ត​ដល់​ព្រះអង្គ ក្នុងការ​គៀងគរ​សប្បុ​រស​ជន ដើម្បី​ចូលរួម​សកម្មភាព​មនុស្សធម៌ និង​ចូលរួម​អភិវឌ្ឍ​ស្រុក​តាំងគោក​នូវ​អំណោយ​មនុស្សធម៌​។​

​លោក ហាក់ ម៉ុង​ហួត អភិបាលស្រុក​តាំងគោក ក៏បាន​ពាំនាំ​ការ​ផ្តាំផ្ញើរ​សួរសុខទុក្ខ ពី​ថ្នាក់ដឹកនាំ​ជាពិសេស​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បណ្ឌិត ថោង ខុន​ឯកឧត្តម​តែងតែ​ដាស់តឿន និង​ផ្តល់​ជា​គំនិត​ឲ្យ​ថ្នាក់ដឹកនាំ​ភូមិ ឃុំ ស្រុក ធ្វើ​ម៉េច​ចុះ​ជាប់​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​នៅតាម​មូលដ្ឋាន​តាម​ផ្ទះ​។ ការចុះ​សួរសុខទុក្ខ បងប្អូន​ប្រជាពលរដ្ឋ​គឺ​ដឹង​ពី​ការលំបាក និង​បញ្ហា​ប្រឈម​ព្រមទាំង​សំណូមពរ ពី​តម្រូវការ​ទាំងឡាយ​រប​ស់បង​ប្អូន ដើម្បី​ធ្វើការ​រួមគ្នា​ក្នុងការ​ដោះស្រាយ​។

​លោក​ក៏បាន​បន្ថែមទៀតថា បងប្អូន​នៅ​ឃុំ​ពង្រ​ពិតជា​មានសំណាង​ដែលមាន​ព្រះគ្រូ​មុនី​សីល​វង្ស​តុ​ន ពិសី ព្រះអង្គ​តែងតែ​មានទឹក​ព្រះទ័យ​ស្រណោះ​អាណិត​លោកយាយ លោកតា ដែលមាន​ជីវភាព​លំបាក ព្រះ​តែងតែមាន​សម្ភា​រះ និង​បច្ច័យ ដើម្បី​ជួយ​សម្រាល​ការលំបាក​។ ជាងនេះទៅទៀត ព្រះ​បាន​ដឹកនាំ​ពុទ្ធ​បរិ​ស័​ទ្ធ និង​សប្បុរសជន​កសាង​ផ្លូវ​បេតុង ប្រវែង ២,៥៩០​ម៉ែត្រ និង​ដាំ​បង្គោល​ភ្លើង​នៅតាម​ផ្លូវ​ដើម្បី​បំភ្លឺ ជាពិសេស​សមិទ្ធផល​ជាច្រើន​នៅក្នុង​ឃុំ ។​

​ជា​ចុងក្រោយ​លោក​អភិបាល​ក៏បាន​មានមតិ​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ព្រោះ​រដូវ​នេះ​ជា​រដូវ​ទឹក​ឡើង សូម​ប្រុងប្រយ័ត្ន​ទៅលើ ក្មេង​តូចៗ និង​ទៅ​ចូលរួម​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ឲ្យ​បាន​គ្រប់​គ្រប់គ្នា​។ សូម​ចូលរួម​ទប់​ស្ដាប់​បទល្មើស​នេសាទ​នានា ដែលជា​លក្ខណៈ​នេសាទ​ហួស​ដែន​កំណត់ និង​ប្រើប្រាស់​ឧបករណ៍​នេសាទ​ជា​ទ្រង់ទ្រាយ​ធំ​។​

​សូមបញ្ជាក់​ផងដែរ​ថា​អំណោយ​ដែល​ចែកជូន​មាន​ចំនួន​៤០​គ្រួសារ ដោយ​ក្នុង​១​គ្រួសារ​ទទួលបាន អង្ករ​២០ គីឡូក្រាម មី​១​កេស ទឹកស៊ីអ៊ីវ​១​យួរ ឃី​ត​១​ឈុត និង​ថវិកា​៦០,០០០​រៀល​៕​