ដោយ :សៅ វ៉ាន់ឌី/ព្រះវិហារ: ភ្លៀងធ្លាក់ខ្លាំង ជាប់ៗគ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ធ្វើឲ្យទំនប់ទប់ទឹកមួយកន្លែងនៅលើខ្នងភ្នំដងរែកបានច្រោះបាក់ទាំងស្រុង និងផ្លូវមួយចំនួន ក៏បានច្រោះបាក់ជាច្រើនកន្លែង។

លោកវរសេនីយ៍ឯក ជា ឈុន មេបញ្ជាការរង នាយសេនាធិការ កងពលតូចអន្តរាគមន៍លេខ៨បានឲ្យដឹងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ថាទំនប់ទប់ទឹក អន្លង់ក្រពើ បានច្រោះបាក់ទាំងស្រុង ដោយសារភ្លៀងបានបន្តបង្អុរខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ បច្ចុប្បន្នកម្លាំងបាននិងកំពុងធ្វើការយ៉ាងសកម្មដើម្បីទប់ទំនប់ទឹកមួយចំនួនទៀត នៅលើខ្នងភ្នំដងរែក ដែលទឹកភ្លៀង កំពុងហូរកាត់ពីលើខ្នងទំនប់ បណ្តាលឲ្យច្រោះ និងខ្សែផ្លូវបេតុងឡើងភ្នំតាងោល ក៏បានរងការច្រោះបាច់ អស់ជាច្រើនកន្លែង ដែរ។កន្លែងខ្លះបាក់ កន្លែងខ្លះ ច្រោះ និងកន្លែងខ្លះទៀត បាក់ដីជ្រុះដុំថ្មធ្លាក់សង្កត់លើផ្លូវ មិនអាចធ្វើដំណើរឡើងបាន។

បញ្ជាក់របស់លោកនាយសេនាធិការ ក្នុងឱកាសលោកដឹកនាំកម្លាំង អមដំណើរឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពល តូចអន្តរាគមន៍លេខ៨ ចុះពិនិត្យស្ថានភាព ផ្លូវ និងទំនប់ទឹក ដែលបានរងការខូចខាត ដោយសារភ្លៀងធ្លាក់ខ្លាំង ។

ជាមួយគ្នានេះ លោកនាយសេនាធិការ ក៏បានអំពាវនាវ ដល់អាជ្ញាធរពាក់ព័ន្ធ ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយដងស្ទឹងអូរគ្រោង និងតំបន់ដែលងាយរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បង្កើនការប្រុងប្រយ័ត្ន ចៀសវាងកើតមានឡើងនូវគ្រោះថ្នាក់ផ្សេងៗ៕សរន