​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ការិយាល័យ​របស់​នាយ​ក​រដ្ឋមន្ត្រី​ជប៉ុន​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២១​សីហា​ថា លោក ហ្វ៊ុយ​មី​អូ គី​ស៊ី​ដា បាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩​គឺ​មួយ​សប្តាហ៍​មុនពេល​​មេដឹកនាំ​រូប​នេះ​រំពឹង​ចូលរួម​សន្និសីទ​អភិវឌ្ឍន៍​អាហ្វ្រិក​នៅ​ប្រទេស​ទុយ​នី​ស៊ី​។​

​មន្ត្រី​ម្នាក់​មក​ពី​ការិយាល័យ​នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា លោក​គី​ស៊ី​ដា​បាន​ធ្វើតេស្តិ៍ PCR “​បន្ទាប់​ពី​ក្តៅខ្លួន​ស្ទេញៗ​និង​ក្អក​” កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​។​

​របាយការណ៍​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​រួមទាំង​ទូរទស្សន៍​សាធារណៈ NHK​បាន​និយាយថា ឥឡូវ​នេះ​គាត់​ប្រហែលជា​អាច​ចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​តូ​ក្យូ​ស្តីពី​ការអភិវឌ្ឍ​អាហ្វ្រិក (TICAD) ពី​ចម្ងាយ​(​តាម​អន​ឡា​ញ​)​ចាប់ពី​ថ្ងៃទី ២៧-២៨ សីហា​។​

​ជប៉ុន​បាន​កត់ត្រា​ករណី​កូវី​ដ​១៩​ក្នុង​ចំនួន​ច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ តែ​ទោះ​យ៉ាងណា​ចំនួន​អ្នក​ស្លាប់​សរុប​ពី​ជំងឺ​នេះ​មាន​ទាប​ជាង​ប្រទេស​ជាច្រើន គឺ ៣៦.៧៨០ នាក់​។​

​លោក​គី​ស៊ី​ដា​អាយុ ៦៥ ឆ្នាំ ដែល​ចូល​កាន់តំណែង​កាលពី​ខែ​តុលា បាន​ចាក់​វ៉ាក់សាំង​លើក​ទី​បួន​របស់គាត់​នៅ​ដើមខែ​នេះ​។​

​គាត់​បាន​ឈប់សម្រាក​វិស្សមកាល​ជាមួយ​គ្រួសារ ហើយ​គ្រោង​ត្រឡប់​ទៅ​ធ្វើការ​វិញ​នៅ​ថ្ងៃ​ចន្ទ​ទី​២២​សីហា​នេះ​។​

​ជប៉ុន​មិន​ដែល​ដាក់​ការបិទ​ខ្ទប់​តឹងរ៉ឹង​នោះទេ ហើយ​វិធានការ​ប្រឆាំង​នឹង​មេរោគ ដែល​ផ្តោត​សំខាន់​ទៅលើ​ម៉ោង​បើក​បារ​និង​ភោជនីយដ្ឋាន ត្រូវបាន​ដកចេញ​កាលពី​ខែ​មីនា​នៅ​ទូទាំង​ប្រទេស​៕

​លោក​គី​ស៊ី​ដា​តេស្តិ៍​វិជ្ជមាន​កូវី​ដ ហើយ​នឹង​ធ្វើការ​ចេញពី​ផ្ទះ​ចាប់ពី​ថ្ងៃ​ចន្ទ​