ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា យ៉ាងហោច​ណាស់​មនុស្ស ៣៤​នាក់​បាន​ស្លាប់​និង​រាប់សិប​នាក់​បាន​រងរបួស​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ពីរ​ផ្សេង​​គ្នា​កាលពី​ថ្ងៃ​សៅរ៍​ទី​២០​សីហា ដែល​ហេតុការណ៍​នី​មួយៗ​កើត​ឡើង​មុន​គ្នា​បន្តិច​ប៉ុណ្ណោះ​។​

​មន្ត្រី​ក្នុង​តំបន់​បាន​និយាយថា គ្រោះថ្នាក់​លើកដំបូង​ពាក់ព័ន្ធ​នឹង​រថយន្ត​ក្រុង​និង​រថយន្ត​សង្គ្រោះបន្ទាន់​បាន​សម្លាប់​មនុស្ស​១៥ នាក់​និង​របួស​៣១ នាក់​ទៀត​នៅ​លើ​ផ្លូវ​ហាយវេ​ក្នុង​ខេត្ត​ហ្គា​ហ្សាន​ថេប (Gaziantep)​។​

​អភិបាលខេត្ត​លោក​ដាវុ​ត ហ្គុល (Davut Gul) មុននេះ​បាន​និយាយថា ឧបទ្ទវហេតុ​នេះ​បាន​ជាប់​ពាក់ព័ន្ធ​នឹង “​រថយន្តក្រុង ក្រុម​សង្គ្រោះ​បន្ទាន់ និង​រថយន្ត​សង្គ្រោះ​”​នៅលើ​ផ្លូវ​រវាង​ទី​រួម​ខេត្ត​​ហ្គា​ហ្សាន​ថេប​និង​ខេត្ត​នី​ហ្ស៊ី​ព (Nizip) ។​

​ទីភ្នាក់ងារ​សារព័ត៌មាន DHA បាន​និយាយថា រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយគ្រឿង​បាន​បុក​រថយន្ត​សង្គ្រោះបន្ទាន់ រថយន្ត​ពន្លត់​អគ្គិភ័យ និង​រថយន្ត​ដឹក​អ្នកសារព័ត៌មាន នៅ​កន្លែងកើតហេតុ​ពីដំបូង​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា គ្រូពេទ្យ​បីនាក់ អ្នក​ពន្លត់​អគ្គិភ័យ​បីនាក់ និង​អ្នកកាសែត​ពីរ​នាក់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន Ilhas​របស់​តួ​ក​គី បាន​ស្ថិតក្នុង​ចំណោម​អ្នកស្លាប់​។​

​រូបថត​នៅលើ​វេបសាយ DHA បានបង្ហាញ​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត​សង្គ្រោះបន្ទាន់​បាន​ដាច់​ខ្ទេច​មើល​មិន​យល់ និង ការខូចខាត​ចំពោះ​រថយន្តក្រុង​។​

DHA បាន​រាយការណ៍​ថា បច្ចុប្បន្ន កង​អាវុធហត្ថ​កំពុង​សាកសួរ​អ្នកបើកបរ​រថយន្តក្រុង​ដើម្បី​ព្យាយាម​រក​មូលហេតុ​បង្ក​គ្រោះថ្នាក់​នេះ​។​

​រដ្ឋអាជ្ញា​ក៏​កំពុង​ស៊ើបអង្កេត​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ប្រល័យ​ទី​ពីរ​ផង​ដែរ​នៅ​ចម្ងាយ ២៥០ គីឡូម៉ែត្រ​ពី​កន្លែងកើតហេតុ​ទីមួយ​តែ​ប៉ុន្មាន​ម៉ោង​ដែល​បាន​កើតឡើង​ខណៈ​ក្រុម​សង្គ្រោះ​កំពុង​ធ្វើ​​អន្តរាគមន៍​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​មុន​នោះ​។

​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​លោក និយាយថា គ្រោះ​ថ្នាក់​ទី​ពីរ​នេះ​បាន​សម្លាប់​មនុស្ស​១៩​នាក់​និង​របួស​២៦​នាក់ បន្ទាប់​ពី​អ្នក​បើក​ឡានធំ​បើក​បុក​ហ្វូង​អ្នក​ថ្មើរជើង​នៅ​ទីក្រុង​ដឺ​រីក (Derik) ក្នុង​ខេត្ត​ម៉ា​ឌី​ន (Mardin)៕

​មនុស្ស​៣៤​នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​ពីរ​ផ្សេង​គ្នា​កាលពី​ថ្ងៃ​សៅរ៍​នៅ​តួ​ក​គី​