​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ គ្រោះទឹកជំនន់​ដ៏​ខ្លាំង​ពី​ភ្លៀង​ធ្លាក់​តាម​រដូវ​នៅ​ភាគ​ខាងកើត​អា​ហ្វ​ហ្គានី​ស្ថាននិង​ផ្នែក​នៃ​ប្រទេស​ជិតខាង​ប៉ា​គី​ស្ថាន​បាន​បណ្តាលឱ្យ​មនុស្ស​រាប់​សិប​នាក់​​ស្លាប់​ក្នុងពេល​តែ​មួយ​យប់ នេះ​បើ​យោង​តាម​មន្ត្រី​ក្នុង​តំបន់​បានឱ្យដឹង​កាលពី​ថ្ងៃអាទិត្យ​ទី​២១​សីហា​។​

​វីដេអូ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Associated Press បានបង្ហាញ​អ្នកភូមិ​នៅក្នុង​ស្រុក​ឃូស៊ី (Khushi) នៃ​ខេត្ត​ឡូហ្គា (Logar)​ភាគខាងត្បូង​រដ្ឋធានី​កា​ប៊ុល​របស់​អា​ហ្វ​ហ្គានី​ស្ថាន កំពុង​បោសសម្អាត​ផ្ទះ​ខូចខាត​របស់​ពួកគេ បន្ទាប់​ពី​ទឹកជំនន់​។​

​លោក អាប់​ឌុល​ឡា​ស មូ​ហ្វាកឺ (Abdullah Mufaker) ប្រធាន​អាជ្ញាធរ​ឆ្លើយតប​គ្រោះមហន្តរាយធម្មជាតិ​នៃ​ខេត្ត​ឡូហ្គា បាន​និយាយថា​គេ​នៅ​មិនទាន់​ដឹង​ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​បាន​ស្លាប់​​និង​រងរបួស​ដោយសា​រ​ទឹកជំនន់​នោះទេ ប៉ុន្តែ​មាន​អ្នក​ស្លាប់​យ៉ាង​តិច​ប្រាំបួន​នាក់​។​

​លោក​បន្តថា “​ចំនួន​ពិតប្រាកដ​នៅ​មិនទាន់​ច្បាស់​ទេ​ឥឡូវនេះ ហើយ​ប្រជាពលរដ្ឋ​បាន​ចេញ​ទៅ​ប្រមូល​សាកសព​ហើយ​”​។​

​លោក ឌែ​ល អា​ហ្គា (Del Agha) ព្រឹទ្ធាចារ្យ​ក្នុង​ភូមិ បាន​និយាយថា ទឹកជំនន់​គឺជា​រឿង​មិន​ធ្លាប់​មាន​ពីមុនមក​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ស្រុក​ឃូស៊ី​។ លោក​បាន​បន្តថា “​វា​បាន​បំផ្លាញ​សត្វ ផ្ទះ និង​ដី​កសិកម្ម​របស់​ប្រជាជន​ទាំងអស់​។ ប្រជាជន​គ្មាន​ផ្ទះសម្បែង ពួកគេ​ត្រូវ​បង្ខំចិត្ត​ជ្រកកោន​នៅលើ​ភ្នំ​”​។​

​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​ជិតខាង ទឹកជំនន់​ដែល​បង្កឡើង​ដោយ​ភ្លៀង​រដូវវស្សា​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៣៦ នាក់ រួមទាំង ១១ នាក់​ស្លាប់​នៅក្នុង​តំបន់​ជាប់​ព្រំដែន​អា​ហ្វ​ហ្គានី​ស្ថាន នេះ​បើ​​យោង​តាម​អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ​ធម្មជាតិរ​បស់​ប្រទេស​នេះ​។ បុគ្គលិក​ជួយសង្គ្រោះ​ដែល​គាំទ្រ​ដោយ​យោធា​បាន​ជម្លៀស​មនុស្ស​រាប់ពាន់​នាក់​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព ខណៈ​ភ្លៀង​ធ្លាក់​បន្ថែម​​ទៀត​ត្រូវ​គេ​រំពឹង​កើតឡើង​នៅក្នុង​សប្តាហ៍​នេះ​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​៕

មនុស្ស​កំពុង​សម្អាតផ្ទះ​សម្បែង​ក្រោយ​ទឹកជំនន់​នៅ​ស្រុក​ឃូស៊ី