​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាងកក​ប៉ុស្តិ៍​) ៖ អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២១​សីហា​ថា កូនស្រី​របស់​លោក អា​ឡិច​សាន់​ឌឺ ឌូ​ហ្គី​ន (Alexander Dugin)​ជា​ជន​មនោគមវិជ្ជា​រុស្ស៊ី​ក្បាលរឹង​ស្និទ្ធ​​នឹង​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន ត្រូវបាន​សម្លាប់​នៅ​ក្នុងការ​បំផ្ទុះ​រថយន្ត​នៅ​ជាយក្រុង​មូ​ស្គូ​។​

​យោង​តាម​គ្រួសារ​សាច់ញាតិ​ដែល​ស្រង់​សម្តី​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី លោកឌូ​ហ្គី​ន ដែលជា​អ្នក​បញ្ចេញ​សំឡេង​គាំទ្រ​ដល់​ការ​លុកលុយ​របស់​វិមាន​ក្រឹម​ឡាំង​ក្នុងប្រទេស​អ៊ុយ​ក្រែន​គឺ​ទំនងជា​គោលដៅ​នៃ​​ការ​បំផ្ទុះ​នេះ ខណៈ​កូនស្រី​របស់​គាត់​បាន​ខ្ចី​ឡាន​គាត់​នៅ​វិនាទី​ចុងក្រោយ​។​

​គណៈកម្មាធិការ​ស៊ើបអង្កេត​របស់​រុស្ស៊ី​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា នាង ដា​រី​យ៉ា ឌូ​ហ្គី​ណា (Daria Dugina) ត្រូវបាន​សម្លាប់​នៅ​ពេល​គ្រាប់បែក​បង្កប់​ក្រោម​រថយន្ត Toyota Land Cruiser បាន​ផ្ទុះ ខណៈ​នាង​បើកបរ​នៅលើ​ផ្លូវ​ហាយវេ​នៅក្បែរ​ភូមិបូល​ស៊ី វី​ហ្ស៊ី​យ៉ូមី (Bolshie Vyzyomy) នៅ​ចម្ងាយ ៤០ គីឡូម៉ែត្រ​ពី​ក្រៅ​ក្រុង​មូ​ស្គូ​។

​គណៈកម្មាធិការ ដែល​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​ធំៗ​នៅ​រុស្ស៊ី បានឱ្យដឹងថា នាងឌូ​ហ្គី​ណា ជា​អ្នកកាសែត​កើត​ក្នុង​ឆ្នាំ​១៩៩២ ដែល​ខ្លួន​នាង​ផ្ទាល់​គាំទ្រ​ការឈ្លានពាន បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​ហើយ​ការ​​ស៊ើបអង្កេត​ករណី​ឃាតកម្ម​បាន​ចាប់ផ្តើម​បើក​ដំណើរការ​។​

​កាលពី​ខែ​កក្កដា អង់គ្លេស​បាន​ដាក់​រូប​នាង​ក្នុង​បញ្ជី​ជនជាតិ​រុស្ស៊ី​ជាប់​ទណ្ឌកម្ម​សម្រាប់​ការ​ចែកចាយ​ព័ត៌មាន​មិន​ពិត​អំពី​អ៊ុយ​ក្រែន​តាមអ​ន​ឡាញ​។

​លោកឌូ​ហ្គី​ន អាយុ ៦០ ឆ្នាំ ដែល​ជួនកាល​គេ​ហៅថា “​ខួរក្បាល​របស់​ពូ​ទីន​” គឺជា​បញ្ញវន្ត​ជាតិនិយម​ជ្រុល​របស់​រុស្ស៊ី ដែល​និយាយ​មិនចេះ​សំចៃមាត់​។

​គាត់​តែង​គាំទ្រ​ជា​យូរ​មកហើយ​នូវ​ការ​បង្រួប​ប្រួម​ដែនដី​និយាយ​ភាសា​រុស្ស៊ី​នៅ​ចក្រភព​រុស្ស៊ី​ដ៏​ធំ​សម្បើម និង គាំទ្រ​ពេញ​បេះដូង​ចំពោះ​ការឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុ​យក្រែន​។

​គាត់​ត្រូវបាន​ដាក់​ក្នុង​បញ្ជី​ទណ្ឌកម្ម​របស់​លោក​ខាងលិច បន្ទាប់​ពី​រុស្ស៊ី​កាត់​យក​ទឹកដី​គ្រីមេ​ក្នុង​ឆ្នាំ​២០១៤ ដែល​ចំណាត់ការ​នេះ​ក៏​គាត់​គាំទ្រ​ដែរ​។

​មកទល់​ឥឡូវ​មិនទាន់​មាន​ការអះអាង​ទទួលខុសត្រូវ​ចំពោះ​ការ​បំផ្ទុះ​គ្រាប់បែក​នេះ​នៅឡើយ​ទេ​៕

​អ្នក​ស៊ើបអង្កេត​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​បំផ្ទុះ​គ្រាប់បែក​រថយន្ត​បណ្តាលឱ្យ​ស្លាប់​នាង ដា​រី​យ៉ា ឌូ​ហ្គី​ណា កាលពី​ថ្ងៃអាទិត្យ