ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: ស្ត្រី​ម្នាក់​បាន​រងរបួស​ធ្ងន់​ធ្ង​រ បន្ទាប់ពី​មាន​ជម្លោះ​ពាក្យសម្តី ត្រូវ​ប្តី​កាប់​នឹង​ពូថៅ នៅលើផ្ទះ​របស់​ពួកគេ​។ ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ១១​ៈ​៣០​នាទី យប់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២២ ស្ថិតក្នុង​ភូមិ​ព្រែ​ងោង ឃុំ​ភា​រី​មានជ័យ ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ ស្ត្រី​រងគ្រោះ​ដែល​ត្រូវបាន​ប្តី យក​ពូថៅ​កាប់​នោះ មានឈ្មោះ តង់ សុខ អាយុ ៦៥ ឆ្នាំ ត្រូវ​ប្តី​របស់គាត់​ឈ្មោះ សោម ផេ​ន អាយុ ៦២ ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រែ​ងោង ឃុំ​ភា​រី​មានជ័យ ស្រុក​បសេដ្ឋ ។ ជនសង្ស័យ បាន​យក​ពូថៅ​កាប់ ប្រពន្ធ​របស់ខ្លួន នៅលើផ្ទះ​ចំនួន​៤ ពូថៅ បណ្តាល​ឲ្យ​ត្រូវចំ មាត់​ខាងស្តាំ​មួយ​ពូថៅ ចំ​ដៃ​ខាងឆ្វេង​ពីរ​ពូថៅ ចំ ក ខាងស្ដាំ មួយ​ពូថៅ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។​

​ប្រភព​ដដែល បាន​បន្តទៀតថាៈ ជនរងគ្រោះ ត្រូវ​កូនចៅ​បញ្ជូនទៅ​ព្យាបាល​នៅឯ​មន្ទីរពេទ្យ នៅ​រាជធានី​ភ្នំពេញ​។ ជនបង្ករ​ជា​ប្តី ពេលធ្វើ​សកម្មភាព​រួច បាន​រត់​គេចខ្លួនបាត់​។ មូលហេតុ ដោយសារ​ភ្លើង​ប្រច័ណ្ឌ​។ ហើយ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បសេដ្ឋ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល ភា​រី​មានជ័យ កំពុង​ស្រាវជ្រាវ និង​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​៕/V​