​ដោយ​៖ សុផល / ភ្នំពេញ​៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងនាម​រដ្ឋសភា​កម្ពុ​ជា បាន​គាំទ្រ​បេសកកម្ម និង​តួនាទី​របស់ អង្គការសហប្រជាជាតិ ជាពិសេស តួនាទី​របស់​ក្រុមប្រឹក្សាសន្តិសុខ ក្នុងការ​ពង្រឹង​សាមគ្គីភាព រក្សា​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ ព្រមទាំង​ការដោះស្រាយ​បញ្ហា​វិវាទ និង​ជម្លោះ​នានា ដែល​កំពុង​កើតមាន នៅ​ទូទាំង​សកលលោក​។​

​សម្តេច​បាន​មានប្រសាសន៍​បែបនេះ នៅ​ក្នុងឱកាស​អនុញ្ញាតឱ្យ លោក អាប់​ឌូ​ឡា សា​ហ៊ី​ដ ប្រធាន​មហាសន្និបាត លើក​ទី​៧៦ នៃ​អង្គការសហប្រជាជាតិ ចូលជួប​សម្តែង​ការគួរសម នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២២ ខែសីហា ឆ្នាំ​២០២២ នៅ​វិមាន​រដ្ឋសភា​។

​នៅក្នុង​ឱកាស​នោះ លោក អាប់​ឌូ​ឡា សា​ហ៊ី​ដ បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ដែល សម្តេច​ប្រធានរដ្ឋសភា បានអនុញ្ញាត​ឱ្យ​លោក និង​គណៈប្រតិភូ បាន​ចូលជួប​សម្តែង ការគួរសម នៅក្នុង​ឱកាស​អញ្ជើញ មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។ លោក​បាន​សម្តែង ការកោតសរសើរ​ចំពោះ វីរភាព និង​ការលះបង់​ដ៏​ធំធេង​របស់ សម្តេច​ប្រធានរដ្ឋសភា ក្នុងការ​រំដោះប្រទេស​ក​ម្ពុ​ជា និង​បាន​ចូល​រូ​ម​អភិវឌ្ឍន៍​ប្រទេសជាតិ រហូតមក​ស្ទើរ​ពេញ មួយជីវិត​របស់​សម្តេច​។

​លោក អាប់​ឌូ​ឡា សា​ហ៊ី​ដ បានលើកឡើង​ពី​តួនាទី​ដ៏​ជិតស្និទ្ធ និង​មិនអាច​ខ្វះ​បាន រវាង​អង្គការ​សហ​ប្រជា​តិ និង​អន្តរ​សភា (IPU) ។ លោក​បាន​គូសបញ្ជាក់ថាៈ កម្ពុជា ជា​ប្រទេស​គំរូ​មួយ ដែល​បណ្តា​ប្រទេស​នានា គួរ​យកតម្រាប់​តាម ដោយសារ​កម្ពុជា បានប្រែក្លាយ​ពី​ប្រទេស ដែលមាន​កង​រក្សា​សន្តិភាព អង្គការសហប្រជាជាតិ នៅ​ឆ្នាំ​១៩៩៣ ប៉ុន្តែ​ពេលនេះ កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​ស្ម័គ្រចិត្ត​របស់ខ្លួន ក្នុង​ក្របខណ្ឌ​អង្គការសហប្រជាជាតិ ទៅ​បំពេញបេសកកម្ម​មនុស្ស​ធម៌ រក្សាសុខ​សន្តិភាព នៅ​ប្រទេស​ជាច្រើន ក្នុង​សកលលោក​។

​លោក អាប់​ឌូ​ឡា សា​ហ៊ី​ដ បាន​ជូនពរ​ឱ្យ​កម្ពុជា សម្រេចបាន​គោលដៅ​អភិឌ្ឍន៍ ក្នុងការ​ក្លាយជា​ប្រទេស មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ប្រទេស មាន​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០​។

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ថ្លែងអំណរគុណ​ដល់ អង្គការសហប្រជាជាតិ ដែល​តែង​ផ្តល់​ការគាំទ្រ និង​កិច្ចសហការ ក្នុងការ​រួមចំណែក​អភិវឌ្ឍន៍​កម្ពុជា ជាពិសេស ការផ្តល់​វ៉ាក់សាំង​កូ​វីដ​-១៩ សំភារៈ​បច្ចេកទេស និង​ឧបករណ៍​វេជ្ជសាស្ត្រ ដែល​រួមចំណែក ដល់​ភាពជោគជ័យ នៃ​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​។

សម្តេច​បាន​មានប្រសាសន៍​លើកឡើងថាៈ ការចាប់បដិសន្ធិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​លើក​ទី​២ គឺ​មានការ​ជ្រោមជ្រែង យ៉ាងសកម្ម​ពី​អង្គការសហប្រជាជាតិ ដែល​ធ្វើឱ្យ​កម្ពុជា អាច​ចូលរួមចំណែក​យ៉ាងសកម្ម ជាមួយ​ដៃគូរ​អន្តរជាតិ​នានា ទាំង​ក្នុង​ក្របខណ្ឌ​នីតិប្រតិបត្តិ និង​នីតិប្បញ្ញត្តិ ក្នុងការ​ឈានទៅ​សម្រេចបាន នូវ​រាល់​របៀបវារៈ​សកល​នានា ដែល​បាន​ដាក់ចេញ ក្នុងនោះ​រួមមាន របៀបវារៈ​អភិវឌ្ឍន៍​សកល​ឆ្នាំ​២០៣០ ជាដើម​។ នា​ដើម​ទសវត្ស​ឆ្នាំ​៩០ ក្រោម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ស្តីពី សន្តិភាព​នៅ​កម្ពុជា អង្គការសហប្រជាជាតិ បាន​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព មកជួយ​កម្ពុជា​។

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​គូសបញ្ជាក់ថាៈ ចាប់តាំងពី​ឆ្នាំ​២០០៦ រហូតដល់​បច្ចុប្បន្ន កម្ពុជា​បាន​ក្លាយខ្លួនជា​ប្រទេស ដែល​បានរួម​ចំណែក​ជាមួយ អង្គការសហប្រជាជាតិ​វិញ ក្នុង​បុព្វហេតុ​សន្តិភាព និង​មនុស្សធម៌ ក្នុង​ពិភពលោក តាមរយៈ​ការបញ្ជូន​កងកម្លាំង​ថែរក្សា​សន្តិភាព ជាង ៨ ពាន់​នាក់ ចូលរួម​ក្នុង​បេសកកម្ម ចំនួន​១១ ក្នុងប្រទេស​ចំនួន​៩​។ ការចូលរួម​យ៉ាងសកម្ម និង​ដ៏​មានតម្លៃ​នេះ ធ្វើឱ្យ​ប្រទេស​កម្ពុជា ជាប់​ចំណាត់ថ្នាក់​ទី​២៨ ក្នុងចំណោម ១២២ ប្រទេស​។

​ជាមួយគ្នានេះ សម្តេច​ប្រធានរដ្ឋសភា បានលើកឡើង​ថាៈ ចាប់តាំងពី​អាណត្តិ​ទី​១ រហូតដល់​ចុង​អាណត្តិ​ទី​៦​នេះ រដ្ឋសភា​កម្ពុជា ក៏បាន​រួមចំណែក​យ៉ាងសកម្ម ក្នុងការ​ថែរក្សា និង​កសាង​សន្តិភាព ក្នុង​តំបន់ និង​សកលលោក ជាមួយ​ដៃគូ​ស្ថាប័ន​នីតិប្បញ្ញត្តិ​នានា ក្នុងការ​ប្រតិបត្តិការ​ងារ​ការទូត​សភា ជាពិសេស​តាមរយៈ​ស្ថាប័ន​សហភាព​អន្តរ​សភា (IPU) ដែលមាន​ភារកិច្ច​ធ្វើ​សេចក្តីរាយការណ៍ ជូន​អង្គ​មហាសន្និបាត​ប្រចាំឆ្នាំ របស់​អង្គការសហប្រជាជាតិ​៕/V​