ដោយៈ ដេប៉ូ / ភ្នំពេញៈ បើតាម​ប្រភព​ពត៌មាន ពី​ប្រទេស​ជប៉ុន បានឱ្យដឹងថាៈ លោក ទុយ រី ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​ប្រទេស​ជប៉ុន បាន​អញ្ជើញ​ចូលរួម បើក​ការប្រកួត​បាល់ទាត់ Cambodia Day ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ និង​ពិសេស​ផ្សព្វផ្សាយ ឱ្យ​ប្រជាជន​ជប៉ុន ចាប់អារម្មណ៍ ក្នុងការ​ធ្វើដំណើរ​ទេស​ចរណ៍ មកកាន់​កម្ពុជា ។​

​គួរ​បញ្ជាក់ថា ការប្រកួត​បាល់ទាត់ រវាង​ក្រុម Shimizu S-Pulse និង Kashiwa Reysol នៃ​លី​គ​កំពូល​ជប៉ុន (Japan League) ដោយបាន​ប្រសិទ្ធិ នាម​ការប្រកួត​ថា ជា​ទិវា​កម្ពុជា Cambodia Day នេះ ត្រូវបាន​រៀបចំឡើង​ដោយ ក្រុមហ៊ុន​តៃ​កា (TAICA) ដែលមាន​អាជីវកម្ម​នៅ​កម្ពុជា នា​ចុង​សប្តាហ៍​កន្លងមក​។ នេះ​ជា​លើក​ទី​២​ហើយ សម្រាប់​ការរៀបចំ​ការប្រកួត​បា​ល់​ទាត់ ដែលមាន​ឈ្មោះថា Cambodia Day ដែល​លើក​ទី​១ គឺធ្វើឡើង​កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០២១ នៅ​ទីលាន​បាល់ទាត់ នៅ​ខេត្ត Shizuoka ។​

​ក្នុង​ពិធី​នេះ គេ​ឃើញ​មានការ​អញ្ជើញ​បើក ដោយ​លោក IMAMURA Masahiro សមាជិកសភា និង​ជា​ប្រធាន​សមាគម សភា​ជប៉ុន​-​កម្ពុជា និង​មានការ​អញ្ជើញ​ចូលរួម​ពី លោក ទុយ រី ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​ប្រទេស​ជប៉ុន នៅ​ទីលាន​បាល់ទាត់ នៅ​ខេត្ត Shizuoka ដែលជា​កន្លែង​ប្រកួត បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលាយ អំពី​កម្ពុជា ដោយ​ប្រើពាក្យ​ថា ” កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយៈ Cambodia: Kingdom of Wonder” និង​មាន​អ្នកចូលរួម​ទស្សនា ប្រមាណ ១៥.០០០ នាក់​។​

​ជាមួយគ្នា​នឹង​ការប្រកួត​បាល់ទាត់​នោះ ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ជប៉ុន ក៏បាន រៀបចំ​ស្តង់ ដើម្បី​តាំង​បង្ហាញ​ផលិតផល​ខ្មែរ និង​ផ្សព្វផ្សាយ តំបន់​ទេសចរណ៍​នានា នៅ ប្រទេស​កម្ពុជា ក៏ដូចជា មានកម្ម​វិធី​ឆ្លើយ​សំណួរ​ពាក់ព័ន្ធ​នឹង​ប្រទេស​កម្ពុជា ដើម្បី​ទទួលបាន រង្វាន់ ដូចជា ក្រមា ឬ​អាវយឺត​ជាដើម​។​

​សកម្មភាព​ទាំងនេះ គឺ​បានបង្ហាញ​ឲ្យ​ឃើញ ពី​ការ​អរិយធម៌ ដ៏​ល្អ​ផូរផង់​របស់​កម្ពុជា និង​ជាការ​ចូលរួមចំណែក ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ទាក់ទាញ​ប្រជាជន​ជប៉ុន ជា​មិត្ត ឱ្យ​ចាប់អារម្មណ៍ និង​ស្គាល់​កម្ពុជា ឱ្យ​កាន់តែ​ច្រើនឡើង ក្នុង​គោលបំណង​ជំរុញ វិស័យ​ទេសចរណ៍​របស់​កម្ពុជា ផងដែរ ៕/V​