​ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២២ ខែសីហា ឆ្នាំ​២០២២ នេះ បាន​អញ្ជើញ​ជា​អធិបតី នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ ការិយាល័យ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ ស្រុក​ចន្ទ្រា ស្ថិតនៅ​បរិវេណ​សាលាស្រុក​ចន្ទ្រា ។

​ពិធី​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត លោក​ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត តំណាង​កងកម្លាំងប្រដាប់អាវុធ ទាំងបី​ប្រភេទ លោកនាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក មន្ត្រីរាជការ​សាលាស្រុក និង​ការិយាល័យ​នានា ជុំវិញ​ស្រុក ប្រធាន មន្ត្រី​ជួរមុខ មន្ត្រី​ជួរ​ក្រោយ នៃ​ការិយាល័យ​ច្រកចេញចូល​តែមួយ មេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និង​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល ទាំង​៦​ឃុំ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ ជា​ច្រេ​ី​ន​រូប​ទៀត​។

​នាឱកាស​នោះ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រី និង​បុគ្គលិក​បម្រើ​ការងារ នៅ​ការិយាល័យ​ច្រកចេញចូល​តែមួយ ត្រូវមាន​អាកប្បកិរិយា ទន់ភ្លន់ សាមញ្ញ រួសរាយ រាក់ទាក់ ត្រូវ​ប្រកាន់​ភ្ជាប់ នូវ​គោលការណ៍​ក្រមសីលធម៌​វិជ្ជាជីវៈ ស័ក្ដិ​សមជា​អ្នកផ្ដល់​សេវា ជូន​ប្រជាពលរដ្ឋ ហើយ​រដ្ឋបាល​ស្រុក ត្រូវមាន​យន្តការ ត្រួតពិនិត្យ តាមដាន​ឲ្យ​បាន​ជាប់​ជាប្រចាំ និង​គាំទ្រ​ដល់​ដំណើរការ ការិយាល័យ​ច្រក ចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ នៅ​រដ្ឋបាល​ស្រុក ដើម្បី​ធានាថា ការផ្តល់សេវា​រដ្ឋបាល​ទាំងនេះ ដំណើរការ​ប្រកបដោយ​តម្លាភាព និង​គណនេយ្យភាព ស្របតាម​គោលការណ៍​បែបបទ និង​នីតិវិធី​ដែល​បានកំណត់ ។ ទន្ទឹមនេះ សម្រាប់​មន្ទីរ ជំនាញ​ពាក់ព័ន្ធ សូម​បន្ត​ខិតខំ​ជំរុញ និង​សម្របសម្រួល ដើម្បី​ព​ន្លឿ​ន​ការផ្ទេរ​សេវា​នានា ដែល​នៅ​សេសសល់ មក​ឲ្យ​ការិយាល័យ​ច្រកចេញចូល​តែមួយ នៅ​សាលាស្រុក រួមទាំង​ការគាំទ្រ ខាង​បច្ចេកទេស និង​ការកសាង​សមត្ថភាព ដល់​ការផ្តល់សេវា​ទាំងនេះ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ក្នុងនោះ មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចូលរួម​ជួយ​ផ្សព្វផ្សាយ និង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ ដែលមាន​មូលដ្ឋាន​នៅក្នុង​ស្រុក​ចន្ទ្រា មក​ទទួល​សេវា តាមរយៈ​ការិយាល័យ​ច្រកចេញចូល​តែមួយ​ស្រុក ដោយ​មិនត្រូវ​ទទួល​ពាក្យស្នើសុំ​សេវា នៅ​មន្ទីរ​បន្តទៀត​នោះទេ បន្ទាប់ពី​ការិយាល័យ​នេះ បាន​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ នាពេលនេះ៕/V​