ដោយ:ពៅនិមល/ភ្នំពេញ៖ បន្ទាប់ពីធ្លាក់ថ្លៃបានមួយរយៈ គិតចន្លោះថ្ងៃទី២១ ដល់ទី៣១ ខែសីហា ឆ្នាំ២០២២នេះ តម្លៃ ប្រេងសាំងធម្មតាកើនថ្លៃចំនួន ៥០រៀល រីឯប្រេងម៉ាស៊ូតកើនថ្លៃ ១០០រៀល នៅក្នុងមួយលីត្រ។
ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២២ ខែសីហានេះ បានបង្ហាញតម្លៃលក់រាយប្រេងឥន្ធនៈថា ការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈក្នុងរយៈពេល១០បន្ទាប់នេះ សម្រាប់ប្រេងសាំងធម្មតាកើនពី ៤.៦៥០រៀល ទៅ ៤.៧០០រៀល ក្នុង១លីត្រ ហើយប្រេងម៉ាស៊ូតកើនពី ៥.០០០រៀល ទៅ ៥.១០០រៀល ក្នុងមួយលីត្រ។ ក្រសួងឲ្យដឹងទៀតថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ត្រូវដាក់លក់ចំនួន ៤.៩៦៦រៀល ក្នុង១លីត្រសម្រាប់ប្រេងសាំងធម្មតាEA92 និង ៥.៣៦៦រៀល ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

សូមបញ្ជាក់ថា ជុំវិញបញ្ហាប្រេងឥន្ធនៈនេះ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា ប្រមុខរាជរដ្ឋាភិបាល នៅតែសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាដដែល គឺចំនួន ៦,៥សេនដុល្លារ ក្នុង១លីត្រ។

ដោយឡែក ពាក់ព័ន្ធការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ក្រសួងពាណិជ្ជកម្ម នៅតែអះអាងថា ក្រសួងគ្រានន់តែស្រង់តម្លៃឡើង-ចុះ នៃប្រេងតាមទីផ្សារអន្តរជាតិ មកគណនាតាមប្រកាសដូចមានក្នុងភ្ជាប់ក្នុងឯកសារប៉ុណ្ណោះ។
សូមរម្លឹកថា តម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ គិតចាប់ពីថ្ងៃទី១១ដល់២០ ខែសីហា ឆ្នាំ២០២២ មានតម្លៃ ៤.៩១៦រៀល ក្នុង១លីត្រ សម្រាប់ប្រេងសំាងធម្មតា EA92 និង ៥.២៦៦រៀល ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត៕