ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា បាន​ប្តេជ្ញា​ដណ្តើម​មេដាយមាស​ឱ្យបាន​៩​គ្រឿង ក្នុងឋានៈ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម ឆ្នាំ​២០២៣​។​

​វា​ពិតជា​មិនមែនជា​រឿង​សាមញ្ញ​នោះទេ ដែល​ប្រភេទ​កីឡា​ដែលមាន​សក្ដានុពល​មួយ​នេះ បាន​តាំងចិត្ត​ខ្ពស់​ក្នុងការ​ប្រជែង​មេដាយមាស​ចំនួន​៩​គ្រឿង​បែបនេះ​។ ស៊ី​ហ្គេម ឆ្នាំ​២០២២ លើក​ទី​៣១​នៅ​វៀតណាម ដែល​ទើបតែ​បញ្ចប់​កាលពី​ខែឧសភា​នោះ ប្រភេទ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា ដណ្តើមបាន​មេដាយមាស​៣​គ្រឿង​។​

​មេដាយមាស​៣​គ្រឿង​កម្ពុជា​ប្រជែង​បាន​ហើយ តែ​ការបង្កើន​មេដាយមាស​ចំនួន​៦​គ្រឿង​បន្ថែម ដើម្បីឱ្យ​សម្រេចបាន​មេដាយ​៩​គ្រឿង តាម​ស​ន្ទ​ស្សន៍​មេដាយ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ (CAMSOC) ក៏ដូចជា​រាជរដ្ឋាភិបាល​វា​ក៏​ជា​អ​ម្រែ​ក​ដែល​មិន​ស្រាល​នោះទេ​។​

​លោក អ៊ូ រតនា ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា ការ​ជម្រុញ​ដល់​ក្រុម​ជម្រើសជាតិ​ឲ្យ​បង្កើន​ការហ្វឹកហាត់ បង្កើន​ការគោរពវិន័យ ពេលវេលា​ហ្វឹកហាត់​គឺជា​កត្តា​សំខាន់​ណាស់​។ សម្រាប់​ប្រភេទ​កីឡា​វ៉ូ​វី​ណា​ម​នេះ កម្ពុ​ជាមាន​សក្ដានុពល​ខ្លាំង ដោយ​ធ្លាប់​ដណ្ដើមបាន​មេដាយមាស​កម្រិត​ពិភពលោក​ទៀតផង ។​

​លោក យ៉ាំ ថៃ​សាន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា ទទួលស្គាល់ថា ចំណុចខ្សោយ​ខ្លះៗ ដូចជា​នៅ​ខ្វះ​មន្ត្រី ដែលមាន​ចំណេះដឹង​លើ​ផ្នែក​ព័ត៌មានវិទ្យា ផ្នែក​ភាសាបរទេស មន្ត្រី​បច្ចេកទេស​រៀបចំ និង​ដឹកនាំ​ការប្រកួត​បរិមាណ​នៅមាន​កម្រិត​ខ្វះ​ឧបករណ៍​សម្ភារៈ​ស្តង់ដារ ហ្វឹកហាត់ ខ្វះ​ឧបករណ៍​អេឡិចត្រូនិក​ផ្តល់​ពិន្ទុ​។ ពិសេស សហព័ន្ធ​មិនបាន​បញ្ជូន​គ្រូបង្វឹក កីឡាករ​-​កីឡាការិនី ជម្រើសជាតិ​ចេញទៅ​ធ្វើការ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស​។​

​ការងារ​ត្រូវធ្វើ​ចំពោះមុខ​នេះ គឺ​ត្រៀមលក្ខណៈ​ចូលរួម​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម ជើងឯក​ទ្វីបអាស៊ី​លើក​ទី​៥​ចុងឆ្នាំ​២០២២ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​។ ការត្រៀម​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ចៅក្រម អាជ្ញាកណ្តាល កម្រិត​អន្តរជាតិ ត្រៀម​រៀបចំ​ការ ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២២​។​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣​នា​ខែវិច្ឆិកា​ឆ្នាំ​២០២២​។​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជើងឯក​អាស៊ី អាគ្នេយ៍​លើក​ទី​៦​។ ទាំងនេះ គឺជា​ការត្រៀម​ពង្រឹងគុណភាព​ទាំង​ការរៀបចំ និង​ការចូលរួម​ប្រកួត​សំខាន់ៗ ដើម្បី​ត្រៀមលក្ខណៈ​ឱ្យ​គ្រប់​ជ្រុងជ្រោយ​លើ​មាគ៌ា​ឆ្ពោះទៅរក​ភាពជោគជ័យ​នា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣៕​