ដោយ​: វ៉ៃ​កូ / ខេត្តស្វាយរៀង​: លោក​ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២២​នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព និង​គម្រោង​អភិវឌ្ឍន៍​នានា ក្នុង​ក្រុង​ស្វាយរៀង​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ឱ្យ​កាន់តែ​ស្រស់ស្អាត មាន​កន្លែង​លំហែ​កម្សាន្ត​កាន់តែច្រើន​សម្បូរបែប​ស​ម្រា​ប់​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ មក​ទស្សនា​កម្សាន្ត​បន្ថែមទៀត​។

​បើតាម​មន្ត្រី​សាលាក្រុង​ស្វាយរៀង បានឱ្យដឹងថា ចក្ខុវិស័យ​ដ៏​វែងឆ្ងាយ​និង​ច្បាស់លាស់ ក្រោម​ការដឹកនាំ​របស់​លោក ម៉ែន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង លោក​បានធ្វើឱ្យ​ខេត្ត​ទាំងមូល​មានការ​អភិវឌ្ឍ​យ៉ាង​លឿន​លើ​គ្រប់​វិស័យ និង​ខឿនសេដ្ឋកិច្ច​កាន់តែ​រឹងមាំ តាមរយៈ​ការ​កៀរគរ​អ្នកវិនិយោគ​ឱ្យមក​បណ្តាក់ទុន​បង្កើត​ទីផ្សារការងារ​យ៉ាងច្រើន​នៅក្នុង​ទឹកដី​ខេត្តស្វាយរៀង ជាពិសេស​ទឹកដី​ក្រុង​ស្វាយរៀង ខណៈដែល​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ​និង​មាន​ជីវភាព​កាន់តែ​ល្អប្រសើរ​ដោយ​មិនចាំបាច់​ធ្វើ​ចំណាកស្រុក​ទៅ​ខេត្ត​ផ្សេង​ឡើយ​។

​លោក​បាន​បន្តទៀតថាៈ ការអភិវឌ្ឍ​និង​កែលម្អ​សោភណភាព​និង​បរិស្ថាន​នៅ​ត្រើយ​ខាងកើត​ទន្លេ​វ៉ៃ​គោ​បន្ថែមទៀត​នោះ គឺ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ក្រុង​ស្វាយរៀង​ជា​ក្រុង​ដែលមាន​សោ​ភណ្ឌ​ភាពស្រស់ស្អាត បរិស្ថាន​ល្អ គ្មាន​ទឹកជំនន់​នៅ​រដូវវស្សា ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ទាំង​នៅក្នុង​ខេត្ត ទាំង​នៅក្រៅ​ខេត្ត រួម​នឹង​ភ្ញៀវទេសចរ​អន្តរជាតិ ដើម្បី​ចូលរួម​អបអរសាទរ​ក្នុង​ពិធីបុណ្យ​អុំទូក​របស់​ខេត្ត​ក្នុង​ខែតុលា​ឆ្នាំ​២០២២ នៅពេល​ខាងមុខនេះ​។

​សូមបញ្ជាក់ថា ការចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​នៃ​ការអភិវឌ្ឍ​ក្រុង​ស្វាយរៀង​នេះ លោក ម៉ែន វិបុល អភិបាលខេត្ត​ក៏បាន​ធ្វើការ​ណែនាំ​ទៅដល់​មន្ត្រី​មន្ទីរជំនាញ​និង​លោក​អភិបាលក្រុង​ស្វាយរៀង​ត្រូវ​រួមសហការ​គ្នា​ឱ្យបាន​ល្អ ដើម្បី​ធ្វើការ​អភិវឌ្ឍ​គម្រោង​នានា​ឱ្យបាន​សម្រេច​ជោគជ័យ ក្នុងនោះ​ត្រូវ​ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋនៅក្នុង​ក្រុង​ស្វាយរៀង​ដែល​រស់នៅ​ជុំវិញ​ទន្លេ​វ៉ៃ​គោ​ឱ្យ​ចូលរួម​និង​គាំទ្រ​ការអភិវឌ្ឍ​ខេត្ត ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ខេត្តស្វាយរៀង​មានការ​រីកចម្រើន ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕