ដោយ: សុផានីតា / កោះកុង: ក្រុមមន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុង ប្រើពេលវេលា១ឆ្នាំកន្លះ ដើម្បីស្ថាបនាស្ពានបេតុងថ្មីកោះយ៉ នៅស្រុកមណ្ឌលសីមា ដែលមានតម្លៃជាង១លានដុល្លារអាម៉េរិក។ គេនៅចាំថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ កន្លងទៅ សម្តេចបានប្រកាសអំពីគម្រោងស្ថាបនាស្ពាននេះដោយមានអ្នកឧកញ៉ា លី យ៉ុងផាត់ ជាអ្នកទទួលបន្ទុកចំណាយថវិកាអនុវត្ត។
ឥឡូវការដ្ឋានស្ពានបេតុងថ្មីកោះយ៉ បានផ្តើមដំណើរការហើយដោយមិនយូរនោះទេមួយឆ្នាំកន្លះប៉ុណ្ណោះនឹងទទួលបានស្ពានបេតុងកោះយ៉ថ្មីធ្វើដំណើរឆ្លងកាត់មិនចាំបាច់ព្រួយបារម្ភទៀតឡើយ គ្រាសព្វថ្ងៃនេះសភាពស្ពានចាស់ខ្លាំង។
លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុងនៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ថា ការដ្ឋានស្ថាបនាស្ពានបេតុងកោះយ៉ ផ្តើមសកម្មភាពយ៉ាងមមាញឹកទៅតាមបែបផែនជំនាញរៀងៗខ្លួន ទោះបីជាអាកាសធាតុមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក៏ដោយ។ គម្រោងកសាងស្ពានបេតុងថ្មីកោះយ៉ មានតម្លៃ១លានជិត៤សែនដុល្លារ ប្រវែង១២៦ ម៉ែត្រ និងទទឹង១១ម៉ែត្រ សង់ឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។
គួរកត់សម្គាល់ថា បច្ចុប្បន្ន ស្ពានដែកបាឡេកោះយ៉ មានសភាពចាស់ទ្រុឌទ្រោម ហើយតែងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរទៅប្រចាំ ជាពិសេសរដូវភ្លៀងធ្លាក់។ បញ្ហានេះក៏បានជ្រាបទៅដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ទើបសម្តេចប្រកាសអំពីគម្រោងស្ថាបនាដោយមានអ្នកឧកញ៉ា លី យ៉ុងផាត់ ជាអ្នកទទួលបន្ទុកចំណាយថវិកាអនុវត្ត។
តំណាងប្រជាពលរដ្ឋ លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា ក៏បង្ហាះញក្តីជឿជាក់ថា ក្រោយគម្រោងនេះបានបញ្ចប់ជាស្ថាពរ មូលដ្ឋានស្រុកនឹងកាន់តែប្រែមុខមាត់ជំនួសដល់ការអភិវឌ្ឍន៍បន្ថែមទៀត ជាពិសេសផ្តល់ការចរាចរណ៍ប្រកបដោយសុវត្ថិភាព និងទាក់ទាញកំណើនភ្ញៀវទេសចរមកលេងកម្សាន្ត៕សរន