​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​៖​ ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​ក្នុងការ​ដាក់​ប្រើប្រាស់​សៀវភៅ​អក្ខរកម្ម​ឌីជីថល​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ព័ត៌មាន​ក្នុង​កម្មវិធីសិក្សា​នៅ​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​គ្រូ​ដែលជា​ផ្នែក​មួយ​សំខាន់​ក្នុងការ​បណ្តុះបណ្តាល​វិស័យ​អប់រំ​នៅ​កម្ពុជា​។​

​គួរ​បញ្ជាក់ថា​ការដាក់ឱ្យ​ប្រើប្រាស់​សៀវភៅ​ទំនើប​ថ្មី​និង​ទាន់សម័យ​តាម​តម្រូវការ​សម័យ​ឌីជីថល​នេះ​ធ្វើឡើង​ក្នុង កិច្ចប្រជុំ​កាលពី​ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២២ ដោយមាន​ការចូលរួម​ពី​សំណាក់​គណៈ​គ្រប់គ្រង តំណាង និង​លោកគ្រូ​អ្នកគ្រូ នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ វិទ្យាស្ថាន​គរុកោសល្យ​រាជធានី​ភ្នំពេញ បាត់ដំបង មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តតាកែវ កំពង់ចាម កណ្តាល និង​ព្រៃវែង​។

សៀវភៅ​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​វិទ្យាស្ថាន​បើកទូលាយ និង​អង្គការ DW Akademie របស់​ប្រទេស​អាល្លឺម៉ង់ ដោយ​យោងតាម​ប្រកា​សលេខ ៣២១ អយក​.​ប្រក ចុះ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២២ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ស្ដីពី​ការដាក់ឱ្យ​ប្រើប្រាស់​សៀវភៅ “​អក្ខរកម្ម​ឌីជីថល ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ព័ត៌មាន​”​។

ក្រសួង​អប់រំ​បានបញ្ជាក់​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា មុន​ការដាក់​ប្រើប្រាស់​សៀវភៅ​នេះ​ក្នុង​កម្មវិធីសិក្សា នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន ក៏បាន​សហការ​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​គ្រូឧទ្ទេស​តាមបែប​ចម្រុះ​ស្ដីពី “​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ព័ត៌មាន​” តាម​អន​ឡាញ និង​ផ្ទាល់ ដោយ​ផ្តោតលើ​ខ្លឹមសារ និង​វិធីសាស្ត្រ​ក្នុងការ​បង្រៀន​ប្រកបដោយ​ប្រសិទ្ធភាព ធានាបាន​ថា​គ្រូឧទ្ទេស​អាច​ផ្ទេរ​ចំណេះដឹង​បន្តទៅ​គរុ​សិស្ស និស្សិត​ប្រកបដោយ​ប្រសិទ្ធភាព​។

សូមបញ្ជាក់ថា​សៀវភៅ អក្ខរកម្ម​ឌីជីថល​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ព័ត៌មាន មាន​ខ្លឹមសារ​បណ្ដុះ​នូវ​បំ​ណិ​ន​ដល់​អ្នកសិក្សា ឱ្យ​ស្គាល់​ច្បាស់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ ចេះ​វិភាគ​វាយតម្លៃ​អំពី​គោលបំណង ដឹង​ពីអ្វី​គួរ​ធ្វើ និង​មិនគួរ​ធ្វើ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ផល​វិជ្ជមាន និង​អវិជ្ជមាន បណ្ដាលមកពី​ការប្រើប្រាស់​បច្ចេកវិទ្យា​ហួស​កម្រិត ការប្រើប្រាស់​បណ្ដាញ​សង្គម​ប្រកបដោយ​ទំនួល​ខុសត្រូវ មាន​ប្រយោជន៍​សម្រាប់​ខ្លួនឯង គ្រួសារ និង​សង្គម ដែលជា​បំ​ណិ​ន​ដ៏​ចាំបាច់​សម្រាប់​សតវត្សរ៍​ទី​២១៕​