ដោយ: ភ្នំសន្ទុក / កំពង់ធំ៖ អនុវត្តន៍តាមបទបញ្ជារបស់ លោកឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៤ និងបទបញ្ជា របស់លោកអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២២ លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ បានប្រកាសអាសន្ន ត្រួតពិនិត្យកងកម្លាំង សម្ភារៈប្រើប្រាស់ និងមធ្យោបាយធ្វើដំណើរ របស់កងកម្លាំងអន្តរាគមន៍ នៅទីបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីត្រៀមចល័តអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយគ្រោះទឹកជំនន់ នៅក្នុងខេត្តកំពង់ធំ បានទាន់ពេលវេលា ។

លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថាៈ ក្នុងរយៈពេលជាងមួយខែ កន្លងមក និងមកដល់បច្ចុប្បន្ននេះ ភ្លៀងបានបន្តធ្លាក់ជាប់ៗគ្នា នៅខេត្តព្រះវិហារ និងនៅក្នុងខេត្តកំពង់ធំ ធ្វើឲ្យជំនន់ទឹកភ្លៀង បានឡើងជាខ្លាំង នៅតាមបណ្ដោយដង ស្ទឹងសែន ស្ទឹងស្ទោង និងបានបណ្ដាលឲ្យខូចខាត និងប៉ះពាល់ដល់ផលដំណាំស្រូវ របស់បងប្អូនប្រជាកសិករ នៅតាមបណ្ដាឃុំ និងស្រុកមួយចំនួន ។

លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាដល់ កងកម្លាំងអន្តរាគមន៍របស់ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំទាំងអស់ ត្រូវត្រៀមខ្លួនរួចជាស្រេច ព្រមទាំងសម្ភារៈប្រើប្រាស់ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយ គ្រោះមហន្តរាយផ្សេងៗ ពិសេសគ្រោះទឹកជំនន់ នៅក្នុងរដូវវស្សានេះ និងត្រៀមមធ្យោបាយ ធ្វើដំណើរ ដឹកជញ្ជូនកងកម្លាំង ព្រមទាំងការងារដឹកនាំបញ្ជាម៉ត់ចត់ ដើម្បីចល័តអន្តរាគមន៍ បានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

នៅក្នុងឱកាសនេះដែរ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានក្រើនរំលឹកដល់ យោធិនគ្រប់រូប នៃកងកម្លំាងអន្តរាគមន៍ ត្រូវបន្តការប្រុងប្រយ័ត្នជានិច្ច ក្នុងការការពារ ទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩ ដែលកំពុងមានការឆ្លងជាថ្មី ប៉ុន្តែមិនបណ្ដាលឲ្យមាន ការប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពយើង ដោយសារកងទ័ព និងក្រុមគ្រួសារ បានចាក់វ៉ាក់សាំងដូសទី៥ រួចហើយ តែត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន នូវវិធានការ ៣ការពារ និង៣កុំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕/V