​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ ប៉ូលិស​ប៉ា​គី​ស្ថាន​បាន​ចោទប្រកាន់​អតីត​នាយក​រដ្ឋមន្ត្រី​របស់​ប្រទេស​នេះ លោក​អ៊ី​ម​រ៉ា​ន់ ខាន់ ក្រោម​ច្បាប់​ប្រឆាំង​ភេរវកម្ម​។​ការស៊ើបអង្កេត​របស់​ពួកគេ​​បាន​កើត​ឡើង​បន្ទាប់ពី​គាត់​បាន​ចោទប្រកាន់​ប៉ូលិស​និង​ប្រព័ន្ធ​តុលាការ​ថា​បាន​ឃុំឃាំង​និង​ធ្វើ​ទារុណកម្ម​ជំនួយការ​ជំនិត​របស់គាត់​។​

​ភាព​តានតឹង​កំពុង​កើនឡើង​ខ្ពស់​នៅក្នុង​ប្រទេស ដោយ​អ្នកគាំទ្រ​អតីត​មេដឹកនាំ​រូបនេះ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាងក្រៅ​ផ្ទះ​របស់​គាត់ ដោយ​ប្តេជ្ញា​ថា​នឹង​”​កាន់កាប់​រដ្ឋធានី​”​ប្រសិនបើ​គាត់​ត្រូវ​គេ​ចាប់​​ខ្លួន​។​

​សូមបញ្ជាក់​ថា ចាប់តាំងពី​ត្រូវ​បាន​បណ្តេញចេញ​ពី​អំណាច​កាលពី​ខែ​មេសា​មក លោក​ខាន់​បាន​ក្លាយជា​អ្នក​រិះគន់​រដ្ឋាភិបាល​និង​កងទ័ព​របស់​ប្រទេស​ឥត​សំចៃ​មាត់​។​

​ប៉ូលិស​បាន​ប្រកាស​ពី​ការចោទប្រកាន់​នេះ​បន្ទាប់​ពី​អ្នក​កីឡាគ្រី​ឃីត​ប្រែក្លាយជា​អ្នកនយោបាយ​រូបនេះ​ចោទប្រកាន់​អាជ្ញាធរ​ថា​បាន​ធ្វើ​ទារុណកម្ម​លើ​ជំនួយការ​ជំនិត​របស់​គាត់​ដែល​ខ្លួន​គាត់​ផ្ទាល់​​កំពុង​ត្រូវបាន​ឃាត់​ខ្លួន​ក្រោម​ការចោទប្រកាន់​ពី​បទ​បះបោរ​។​

​នៅក្នុង​សុន្ទរកថា​សាធារណៈ​កាលពី​ថ្ងៃ​សៅរ៍ លោក​ខាន់​បាន​ថ្កោលទោស​មេ​ប៉ូលិស​របស់​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ​និង​ចៅក្រម​ស្រី​មួយ​រូប​សម្រាប់​ការឃុំ​ខ្លួន​សហសេវិក​នៃ​គណបក្ស​របស់​គាត់​គឺ​លោក សា​បាស ហ្គីល (Shahbaz Gill) ។​

​លោក​បាន​និយាយ​នៅក្នុង​សុន្ទរកថា​ដោយ​សំដៅ​ទៅលើ​អ្នក​ទាំង​ពីរ​ដោយ​ផ្ទាល់​ថា “​អ្នក​គួរតែ​ត្រៀម​ខ្លួន​នៅ​ពេល​ដែល​យើង​នឹង​ចាត់​វិធានការ​ប្រឆាំង​នឹង​អ្នកឯង​”​។​

​ក្រុមមន្ត្រី​បាន​ចោទប្រកាន់​លោក​ខាន់​ពី​បទ​រំលោភ​លើ​ច្បាប់​ស្តីពី​ការប្រឆាំង​ភេរវកម្ម​របស់​ប្រទេស ដោយ​ធ្វើឱ្យ​មាន​ការគំរាមកំហែង​ប្រឆាំង​នឹង​មន្ត្រី​រដ្ឋ​។​

​អតីត​អ្នកគាំទ្រ​របស់​នាយករដ្ឋមន្ត្រី​រាប់រយ​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្រៅ​ផ្ទះ​របស់​គាត់​នៅ​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ បន្ទាប់​ពី​ព័ត៌មាន​នៃ​ការស៊ើបអង្កេត​បាន​លេចឡើង ដោយ​ប្តេជ្ញា​ថា​នឹង “​កាន់កាប់​” រដ្ឋធានី ប្រសិនបើ​ប៉ូលិស​ព្យាយាម​ឃុំខ្លួន​គាត់​។​

​ចំណែក​ប៉ូលិស​ដែល​មាន​វត្តមាន​នៅ​ឯ​ផ្ទះ​លោក​ខាន់​បាន​និយាយថា ពួកគេ​មិន​នៅ​ទីនោះ​ដើម្បី​ចាប់ខ្លួន​អតីត​មេដឹកនាំ​នោះទេ ប៉ុន្តែ​ដើម្បី​ថែរក្សា​ច្បាប់​និង​សណ្តាប់ធ្នាប់​៕

​លោក​ខាន់​កំពុង​ស្ថិត​ក្រោម​ការចោទប្រកាន់​ក្រោម​ច្បាប់​ស្តីពី​ការប្រឆាំង​ភេរវកម្ម