ដោយ​៖ កញ្ញា​រស្មី / ភ្នំពេញ​៖ នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២២ នេះ ដេប៉ូ​ខ្សាច់​ដ៏​ធំ មួយកន្លែង នៅ​ជិត​ស្ពាន​ព្រែក​សំរោង ក្នុង​មូលដ្ឋាន​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ បាន​បាក់​ទំនប់​ការដ្ឋាន​ដេប៉ូ​ខ្សាច់ បណ្ដាលឱ្យ​ទឹក​ហូរហៀរ ពាសពេញ​ផ្លូវ ដូច​ទឹកជំនន់ បង្ក​ការលំបាក​ដល់​អ្នកស្រុក ដែល​រស់នៅ​ជិត​ដេប៉ូ​ខ្សាច់ និង​អ្នកដំណើរ ពេលធ្វើ​ដំណើរ ទៅដល់​កន្លែង ជំនន់​បូម​ខ្សាច់ ដោយ​ទឹក​ហូរ​ល្ហរ​ល្ហាច ឆ្លងកាត់​តាមផ្លូវ​កៅស៊ូ​លេខ​១១០ បង្ក​ការលំបាក​ដល់​អ្នកដំណើ​រ តាម​ឡាន និង​ម៉ូតូ ដោយសារ​បាក់​ទំនប់​ការដ្ឋាន​បូម​ខ្សាច់ ដោយ​ការធ្វេសប្រហែស និង​មិន​ទទួលខុសត្រូវ របស់​ម្ចាស់​ដេប៉ូ​ខ្សាច់​នោះ​។​

​អ្នកភូមិ ក៏ដូចជា អ្នកដំណើរ​ឆ្លងកាត់ បានលើកឡើង​ថាៈ នា​សព្វថ្ងៃនេះ ពេលធ្វើ​ដំណើរ ឆ្លង​កាត់មុខ​ដេប៉ូ​ខ្សាច់​នីមួយៗ ក្នុង​មូលដ្ឋាន​សង្កាត់​ព្រែក​ថ្មី​ខណ្ឌ​ច្បារអំពៅ ពិសេស ដេប៉ូ​ខ្សាច់ តាម​ដងផ្លូវ​លេខ​១១០ និង​ដេប៉ូ​ខ្សាច់ នៅ​ជិត​រង្វង់​មូល គល់ស្ពាន​ព្រែក​សំរោង ត្រើយ​ខាងកើត ក្នុង​សង្កាត់​ព្រែក​ថ្មី ដោយ​បង្ក​ការលំបាក ក្នុងការ​ធ្វើដំណើរ​ទាំង​ថ្ងៃ ទាំងយប់ ដោយ​ឡាន​ដឹក​ខ្សាច់ ប្រភេទ​ធុន​ធំ បើកបរ​យ៉ាង​គគ្រឹកគគ្រេង បណ្ដាលឱ្យ រង​ការខូចខាត​ផ្លូវថ្នល់ ឡើង​រលួយ ហើយ​លើសពីនេះ​ទៀត​នោះ ប្រសិន​អ្នកដំណើរ តាម​ម៉ូតូ បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​ទៀត​នោះ គឺ​បណ្ដាលឱ្យ​ធ្លាក់​ជង្ហុក ដួល​បង្ក​គ្រោះថ្នាក់ ដល់​ខ្លួនប្រាណ ថែម​ទៀតផង​។​

​ក្រៅពី​បាក់​ទំនប់​នៃ​ការដ្ឋាន​បូម​ខ្សាច់ ខាងលើ​បណ្ដាលឱ្យ​ទឹក​ហូរ​កាត់​ផ្លូវ ដូច​ទឹកជំនន់ ហើយ​នោះ គឺ​ផ្លូវថ្នល់​នៅមុខ​ដេប៉ូ​ខ្សាច់​នីមួយៗ ម្ដុំ​ស្ពាន​ព្រែក​សំរោង ត្រើយ​ខាងកើត ក្នុង​មូលដ្ឋាន​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ កំពុង​រង​ការខូចខាត​ខ្ទេចខ្ទី បង្ក​ការលំបាក ដល់​អ្នកដំណើរ ពិសេស​នៅពេល​យប់​។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ នៅ​ថ្ងៃត្រង់ ថ្ងៃ​ដដែល​នេះ អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ បានដាក់​កំលាំង​យក​រថយន្ត​បាញ់​លាង​សម្អាត នៅ​កន្លែង​បាក់​ខាងលើ ស្អាត​វិញ​ហើយ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ និង​បាន​ណែនាំ​ម្ចាស់​ការដ្ឋាន​ខ្សាច់ ខាងលើ ឱ្យធ្វើ​ដោយ ទទួលខុសត្រូវ កុំ​បង្ករ​ឱ្យមាន​បញ្ហា​នេះ កើតឡើង​ជាថ្មីទៀត​៕/V​