ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុបប្រមាណ ៣,០៧៥ នាក់ នៅព្រឹកថ្ងៃទី ២៣ ខែ សីហា ២០២២ ។ វត្តមានរបស់សម្តេចគឺជាលើកទី១៤ហើយដែលសម្តេចតេជោបានអញ្ជើញចែកសញ្ញាបត្រនិងវិញ្ញាបនបត្រជូននិស្សិតនិងសិស្សរបស់អង្គការនិងសាកលវិទ្យាល័យអាស៊ី-អឺរ៉ុបគិតចាប់តាំងពីឆ្នាំ ២០០៣មក។

របាយការណ៍របស់សាកលវិទ្យាល័យបានឱ្យដឹងថានិស្សិតដែលទទួលសញ្ញាបត្ររួមមាន៖ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា ២០១៩-២០២០និង ឆ្នាំសិក្សា២០២០-២០២១។ក្នុងនោះមាននិស្សិតអាហារូបករណ៍របស់សម្តេចតេជោនាយក រដ្ឋមន្ត្រីនិងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៦៦នាក់។

លោកបណ្ឌិត ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប បានឱ្យដឹងថាគិតចាប់ពីឆ្នាំសិក្សា ២០០៥-២០០៦ដល់ឆ្នាំសិក្សាឆ្នាំ២០២០ -២០២១ មាន សិស្សថ្នាក់វិជ្ជាជីវៈនិងនិស្សិតបានបញ្ចប់ការសិក្សាចំនួន៦០,៩០២ នាក់។ដោយឡែកសិស្សថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈនិងនិស្សិតកំពុងសិក្សាវិញមានចំនួន ៩,៦៦៥នាក់។

ដើម្បីចូលរួមលើកកម្ពស់ការបណ្តុះបណ្តាលនិងកសាងធនធានមនុស្សនៅកម្ពុជាស្របតាមគោលនយោបាយនិងចក្ខុវិស័យរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី កម្ពុជានោះ លោក ឌួង លាង បានលើកឡើងថាសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការ បណ្តុះបណ្តាលធនធានបញ្ញាជនក្នុងបរិបទនៃសង្គមពុទ្ធិ ក្នុងនោះបានអនុវត្តតាមផែនការយុទ្ធសាស្ត្រក្នុងគោលដៅចូលរួមអនុវត្តតាមគោលនយោបាយនិងផែនការ ជាយុទ្ធសាស្ត្រវិស័យអប់រំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដ៏ឆ្នើមបំផុត។

លោក ឌួង លាង បានលើកឡើងទៀតថាដើម្បីឆ្លើយតបទៅតាមតម្រូវការជាក់ស្តែងរបស់សង្គមជាតិនិងនិន្នាការរីកចម្រើនរបស់តំបន់និងពិភពលោកក្នុងសម័យ ឧស្សាហកម្ម ៤.០ សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប បានរៀបចំផែនការសកម្មភាពសម្រាប់ផ្លាស់ប្តូរការអបរ់ំបែបឌីជីថលហើយបានលើកគោលដៅជាអាទិភាពសំខាន់ៗ ចំនួន៣រួមមាន៖ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ការបង្រៀននិងរៀន, អភិវឌ្ឍជំនាញនិងសមត្ថភាពឌីជីថលដែលពាក់ព័ន្ធដើម្បីឱ្យមានការផ្លាស់ប្តូរ និងកែលំអរប្រព័ន្ធអប់រំតាមរយៈការធ្វើឱ្យប្រសើរឡើងនូវការវិភាគ និងការគ្រប់គ្រងទិន្នន័យ។

ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យរូបនេះបានឱ្យដឹងទៀតថាសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ក៏បានពង្រឹងយន្តការលើការងារដឹកនាំការងារគ្រប់គ្រងនិងអនុវត្ត ស្របតាមផែនការជាសារវ័ន្តរបស់ក្រសួងអប់រំយុវជននិងកីឡា។ ដូចគ្នានេះដើម្បីផ្លាស់ប្តូរបទពិសោធន៍លើការងារស្រាវជ្រាវនិងអភិវឌ្ឍន៍ធន ធានមនុស្សសាកលវិទ្យា ល័យក៏បាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន និង គ្រឹះស្ថានសិក្សាជាតិនិងអន្តរជាតិជាច្រើនផ្សេងទៀត ។ សាកលវិទ្យាល័យក៏បានអញ្ជើញវាគ្មិន ល្បីៗជាតិ-អន្តរជាតិមកធ្វើបទបង្ហាញ ដើម្បីចែករំលែកបទពិសោធន៍ ដល់និស្សិតគ្រប់ៗជំនាន់ក្នុងពេលកំពុងសិក្សា ហើយក៏បានផ្តល់ឱកាសឱ្យនិស្សិតចុះធ្វើកម្មសិក្សា ក្នុងការផ្សារភ្ជាប់រវាងទ្រឹស្តី ទៅនឹងការអនុវត្តជាក់ស្តែង ដែលជាទុនដ៏សំខាន់សម្រាប់ការសរសេរសារណា និងនិក្ខេបបទបញ្ចប់ការសិក្សា។

ឆ្លៀតក្នុងឱកាសនេះលោកបណ្ឌិត ឌួង លាងក៏បានគោរពថ្លែងអំណរគុណសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានផ្តល់នូវការលើកទឹកចិត្តនិងឧបត្ថម្ភគាំទ្រ ជាបន្តបន្ទាប់ចំពោះសាកលវិទ្យាល័យតាំងពីពេលនៅជាអង្គការអាស៊ី-អាស៊ីអឺរ៉ុប ។ សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានឧបត្ថម្ភជាទៀងទាត់នូវអង្ករចំនួន ២តោននិងថវិកា៥លានរៀលដល់សាកលវិទ្យាល័យសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់សិស្សនិងនិស្សិតដែលស្នាក់នៅសិក្សារៀនសុត្រជាមួយសាកលវិទ្យាល័យដែល បច្ចុប្បន្នមានចំនួន ៥៦នាក់៕