​ដោយៈ​សុផល​/​ភ្នំពេញ​៖​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក ឡេ ហាយ​ជុង សមាជិក​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស និង​ជា​ប្រធាន​គណៈ​ទាក់ទង​បរទេស នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម ចូលជួប​សម្តែង​ការគួរសម នៅ​រសៀល​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២២ នៅ​វិមាន​រដ្ឋសភា​។​

​លោក ឡេ ហាយ​ជុង បាន​គោរព​ជម្រាបជូន សម្ដេច​ប្រធានរដ្ឋសភា ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​នៅពេលនេះ គឺ​ដើម្បី​លើកស្ទួយ​ទំនាក់ទំនង និង​សាមគ្គីភាព​រវាង​បក្ស​និង​បក្ស រដ្ឋ​និង​រដ្ឋ ប្រជាជន​និង​ប្រជាជន ធ្វើឱ្យ​ទំនាក់ទំនង​កាន់តែ​រឹងមាំ និង​មាន​ប្រសិទ្ធភាព បន្ថែមទៀត ។​

​លោក​បាន​សម្ដែង​នូវ​ការអបអរសាទរ ជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ បាន​យ៉ាង​ជោគជ័យ ហើយ​បាន​បើក​ប្រទេស បើក​សេដ្ឋកិច្ច​ឡើងវិញ ដែល​ផ្តល់ឱកាស​កាន់តែ​ល្អប្រសើរ នៅក្នុង​ការអភិវឌ្ឍន៍​ប្រទេសជាតិ​បន្តទៀត​។ ជាមួយគ្នានេះ​លោក​ប្រធាន​គណៈប្រតិភូ បាន​អបអរសាទរ ដែល​កម្ពុជា​បានរៀបចំ​ការបោះឆ្នោត​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៥ នាពេល​ថ្មីៗ​នេះ​ប្រកបដោយ​ជោគជ័យ​។​

​សម្តេច​ប្រធានរដ្ឋសភា បានចាត់ទុក វត្តមាន​របស់​គណៈប្រតិភូ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម នាពេលនេះ នឹង​រួមចំណែក​បន្ត​លើកកម្ពស់ ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព ជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ រវាង បក្ស រដ្ឋ និង​ប្រជាជន នៃ​ប្រទេស​យើង​ទាំងពីរ កម្ពុជា​-​វៀតណាម ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។

​ក្នុងនាម​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​ប្រធានរដ្ឋសភា មាន​មោទនភាព​និង​រីករាយ​បំផុត ដោយ​សង្កេតឃើញ​ពី​វឌ្ឍនភាព នៃ​ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គី​ភាពជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ និង​យូរអង្វែង រវាង​បក្ស រដ្ឋ និង​ប្រជាជន​នៃ​ប្រទេស​កម្ពុជា​-​វៀតណាម មានការ​រីកចម្រើន​ឥតឈប់ឈរ ដើម្បី​ជា​គុណប្រយោជន៍ នៃ​ការអភិវឌ្ឍ​ប្រទេស​ប្រកបដោយ​ចីរភាព និង​វិបុលភាព សម្រាប់​ប្រជាជន​ប្រទេស​ទាំងពីរ ក៏ដូចជា​ដើម្បី​សន្តិភាព ស្ថិរភាព ក្នុង​តំបន់ និង​សកលលោក​។​

​សម្តេច ហេង សំរិន បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​ដ៏​ធំធេង ដែល​បក្ស រដ្ឋ និង​ប្រជាជន​វៀតណាម សម្រេចបាន​ក្នុង​ការកសាង និង​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ឆ្ពោះទៅរក​ការអភិវឌ្ឍ​ជឿនលឿន​យ៉ាង​ឆាប់រហ័ស​។​សម្តេច​មានជំនឿថា​ក្រោម​ការដឹកនាំ​របស់​បក្ស​ក​ម្មុយ​នី​ស្ត​វៀតណាម ដែលមាន​លោក ង្វៀន ហ្វ៊ូ​ចុង អគ្គលេខាធិការ​បក្ស លោក ង្វៀន សួន​ហ្វ៊ុ​ក ប្រធាន​រដ្ឋ លោក ផាម មិញ​ជិ​ញ នាយករដ្ឋមន្ត្រី និង​លោក វឿ​ង ឌិ​ញ​ហ្វេ ប្រធានរដ្ឋសភា ប្រជាជន​វៀតណាម នឹង​បន្ត​ទទួលបាន​ជោគជ័យ​ថ្មីៗ​ថែមទៀត ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ កាន់តែ​រុងរឿង​ថែម​ទៀតហើយ​កិត្យានុភាព របស់​មិត្ត​វៀតណាម លើ​ឆាក​អន្តរជាតិ ត្រូវបាន​លើកកម្ពស់​ជា​បន្តបន្ទាប់​៕​