ប្រែ​សម្រួលៈ​ បំណង (BLOOMBERG)៖ ធនាគារ​កណ្តាល​ចិន​កាត់​អត្រា​កា​ប្រាក់​របស់​ខ្លួន​កាលពី ​ថ្ងៃ​ចន្ទ​ ទី​២២ ​សីហា បន្ថែម​លើ​វិធានការ​ស្រដៀង​គ្នា​កាលពី​សប្តាហ៍​មុន ​នៅ​ពេល​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ​​ខិតខំ​ធ្វើ​អោយ​សេដ្ឋកិច្ច​ដែល​រងគ្រោះ​ពី​វិធានការ​រឹតត្បិត​ប្រឆាំង​កូវី​ដ​១៩ ​ជា​បន្តបន្ទាប់​នោះ​សកម្ម​ក្លៀវក្លា​ឡើងវិញ​។​

​អត្រា​ឥណទាន​LPR​មួយឆ្នាំ ត្រូវ​បាន​បញ្ចុះ​ប្រាំ​កណ្តក់សញ្ញា​មក​នៅត្រឹម​៣,៦៥​ភាគរយ​ក្នុង​ការកំណត់​ប្រចាំខែ​របស់​ធនាគារកណ្តាល​។​អត្រា​LPR​រយៈពេល​ប្រាំ​ឆ្នាំ​ត្រូវបាន​កាត់បន្ថយ​ពី​៤,៤៥​មក​នៅ​៤,៣​ភាគរយ​។​អត្រា​កា​ប្រាក់​នេះ​ត្រូវបាន​បន្ទាប​ចុងក្រោយ​បំផុត​កាលពី​ខែ​ឧសភា​។​

​ការ​បន្ថយ​អត្រា​កា​ប្រាក់​បន្ថែម​កាលពី​ថ្ងៃ​ចន្ទ​បញ្ជាក់​អំពី​កិច្ចខិតខំ​របស់​ពួក​អ្នកបង្កើត​គោលនយោបាយ​ដើម្បី​ធ្វើអោយ​វិស័យ​អចលនទ្រព្យ​មាន​លំនឹង​ក្រោយ​ខាត​បះជើង​ជា​បន្តបន្ទាប់​របស់​ពួក​អ្នក​​អភិវឌ្ឍ​វិស័យ​ផ្ទះសម្បែង​និង​ការលក់​ផ្ទះ​ធ្លាក់ចុះ​។​

​ការកាត់បន្ថយ​អត្រា​កា​ប្រាក់ LPR​កើត​ឡើង​ក្រោយ​ពី​ធនាគារ​កណ្តាល​ចិន​បាន​ធ្វើ​អោយ​ទីផ្សារ​ភ្ញាក់ផ្អើល​ដោយ​បន្ទាប​អត្រា​កា​ប្រាក់​សំរាប់​កំចី​រយៈពេល​មធ្យម​និង​ខ្លី​កាលពី​សប្តាហ៍​មុន នៅពេល​អាជ្ញា​​ធរ​សម្លឹង​ទៅ​ជំរុញ​តំរូវការ​ឥណទាន​នៅក្នុង​សេដ្ឋកិច្ច​ដែល​កំពុង​ទ្រេតទ្រោត​។​

​ទិន្នន័យ​មួយ​កាលពី​សប្តាហ៍​មុន​ក៏​បាន​បង្ហាញថា សេដ្ឋកិច្ច​ចិន​នៅ​ខែ​កក្កដា​មាន​ការរីកចំរើន​យឺត​ជាង​ការរំពឹងទុក នាំអោយ​ធនាគារ​វិនិយោគ​សកល​លោក​ខ្លះ រួមមាន​Goldman Sachs​និង Nomura កែ​បន្ទាប​ការ​ព្យាករណ៍​កំណើន​ផលិតផល​សរុប​ក្នុងស្រុក​(GDP)​ពេញ​មួយ​ឆ្នាំ​របស់​គេ​សំរាប់​ប្រទេស​ចិន​។​

​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ចាត់វិធានការ​បន្តបន្ទាប់​ដើម្បី​បន្ថយ​ការព្រួយបារម្ភ​របស់​ទីផ្សារ​និង​បង្កើន​ការផ្តល់​លុយ​ទៅ​ខាង​វិស័យ​អចលនទ្រព្យ​។​ធនាគារ​កណ្តាល​ចិន​និង​ក្រសួង​ពីរ​បាន​ប្រកាស​កាល​ពី​ស​ប្តា​​ហ៍មុន​ថា ឥណទាន​ពិសេស​នឹង​ត្រូវ​ផ្តល់​តាមរយៈ​ធនាគារ​គោលនយោបាយ​ដើម្បី​ធានា​ថា គំរោង​អចលនទ្រព្យ​បាន​ដល់ដៃ​អ្នកទិញ​៕

​ធនាគារ​កណ្តាល​ចិន​កាត់​អត្រា​កា​ប្រាក់​របស់​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​ទី​២២​សីហា ក្រោយ​ចាត់វិធានការ​ស្រដៀង​គ្នា​កាលពី​សប្តាហ៍​មុន​