ដោយៈ​សុផល​/​ភ្នំពេញ​៖​នា​រសៀល​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២២ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួប​លោក ឡេ ហាយ​ជុង សមាជិក​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​និង​ជា​ប្រធាន​គណៈ​ទាក់ទង​បរទេស នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម នៅ​វិមាន ព្រឹទ្ធសភា ក្នុងឱកាស​ដែល​លោក​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សម្តេច​វិបុល​សេនា​ភក្តី បានចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ក្នុងឱកាស​នេះ បានរួម​ចំណែក​ក្នុងការ​ពង្រឹង និង​ពង្រីក​នូវ​ចំណង​សាមគ្គីភាព មិត្ត​ភាពជា​ប្រពៃ ភាពជា​អ្នកជិតខាង​ល្អ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត ដើម្បី​ជា​គុណប្រយោជន៍​ដ៏​ធំធេង​ទាំង​ពេលបច្ចុប្បន្ន និង​ពេលអនាគត​សម្រាប់​ប្រទេស និង​ប្រជាជន​ទាំងពីរ​។​

​លោក ឡេ ហាយ​ជុង បាន​ជម្រាបជូន​សម្តេច​វិបុល​សេនា​ភក្តី​ជ្រាបថា នេះ​គឺជា​លើក​ទី​១​ហើយ​ដែល​លោក បានមក​បំពេញ ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ កម្ពុជា​។

​លោក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​លើ​គ្រប់​វិស័យ​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស​កម្ពុជា​ជាពិសេស​ការឈាន​មុខ​គេ​ក្នុង ការគ្រប់គ្រង ជំងឺ​កូ​វីដ​-១៩ និង​ការស្តារ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឡើងវិញ​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស​កម្ពុជា​៕​