​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នៅ​ថ្ងៃទី​២២ សីហា ២០២២ នេះ រដ្ឋបាល​ស្រុក​កំពង់លែង បានចេញ​សេចក្តីជូនដំណឹង​មួយ ដោយ​ផ្អាក​បណ្តោះអាសន្ន ចំពោះ​យានយន្ត គ្រប់​ប្រភេទ ធ្វើ​ចរាចរណ៍ លើ​កំណាត់​ផ្លូវ ៥០C ពី​ភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង រហូតដល់​ព្រំប្រទល់ ខេត្តកំពង់ធំ​។​

​បើតាម​រយៈ​សេចក្តីជូនដំណឹង ជម្រាបជូន ដល់​សាធារណជន និង​ប្រជាពលរដ្ឋ ដែលមាន​បំណង​ធ្វើដំណើរ​ឆ្លងកាត់ កំណាត់​ផ្លូវ​លេខ​៥០c ចាប់ពី​ផ្លូវកែង ភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង រហូតដល់​ព្រំប្រទល់ ខេត្តកំពង់ធំ នោះ បានឱ្យដឹងថា ដោយ ពិនិត្យឃើញថា ស្ថានភាព​កម្ពស់​ទឹកទន្លេ ឆ្នាំ​២០២២ បាន​នឹង​កំពុងមាន​ការកើនឡើង ពីមួយថ្ងៃ​ទៅមួយថ្ងៃ បានធ្វើ​ឲ្យ​កំណាត់​ផ្លូវ​លេខ​៥០C ចាប់ពី​ចំណុច​ផ្លូវកែង ភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង រហូតដល់​ព្រំប្រទល់ ខេត្តកំពង់ធំ ត្រូវបាន​ជន​លិច និង​ហូរ​កាត់ លើផ្លូវ ដោយ​កន្លែងៗ ដែល​បង្ក​ឲ្យ​មានការ​ខូចខាត ដោយ​អន្លើ និង​កំពុង​រង​ការខូចខាត ខ្លាំង ក្នុងពេល​ដែលមាន​យានយន្ត​គ្រប់​ប្រភេទ នៅតែ​បន្ត​ឆ្លងកាត់​ទៅមក​នោះ​។​

​ដោយ​មើលឃើញ​ពី​ស្ថានភាព​ជាក់ស្តែង របស់​កំណាត់​ផ្លូវ ៥០c បែបនេះ អាជ្ញាធរ ស្រុក​កំពង់លែង បាន​ជូនដំណឹង​ផ្អាក​ការ​ចរាចរណ៍ បណ្ដោះអាសន្ន ផ្លូវ​លេខ ៥០c និង​ដើម្បី​ថែរក្សា​ការពារ កំណាត់​នេះ ឲ្យ​មាន​សភាព ល្អប្រសើរ សម្រាប់​ការប្រើប្រាស់ ជា​បន្តទៀត និង​បង្ការ​លើ​ករណី​គ្រោះថ្នាក់ ដោយ​ប្រការ​ណាមួយ ជាយថាហេតុ សម្រាប់​អ្នកធ្វើដំណើរ ឆ្លងកាត់​ទៅមក​ផងដែរ ។​

​រដ្ឋបាល​ស្រុក​កំពង់លែង បានធ្វើ​ការសហការ​រ​ជាមួយ ការិយាល័យ​ជំនាញ សមត្ថកិច្ច រួម​នឹង​អាជ្ញាធ​ពាក់ព័ន្ធ សូម​ធ្វើការ​ផ្អាក​ជា​បណ្ដោះ អាសន្ន ចំពោះ​យានយន្ត​គ្រប់​ប្រភេទ ធ្វើ​ចរាចរណ៍ លើ​កំណាត់​ផ្លូវ​លេខ​៥០C ចាប់ពី​ចំណុច​ផ្លូវកែង​ភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង រហូតដល់​ចំណុច​ព្រំប្រទល់​ខេត្តកំពង់ធំ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​រដូវ​ទឹកសម្រក និង​មានការ​ជូនដំណឹង​ជាថ្មី ទើប​បើក​ឲ្យ​ដំណើការ ចរាចរណ៍​ទៅមក ដូច​ធម្មតា​វិញ ។​

​បើ​យោងតាម​របាយការណ៍រ​បស់ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ឆ្នាំង បានបញ្ជាក់​ឱ្យដឹង នៅថ្ងៃនេះ​ថាៈ ស្ថានភាព​កម្ពស់​ទឹកទន្លេ នៅ​ស្ថានីយ៍​ជលសា​ស្ត្រ ផ្សារ​ក្រោម ថ្ងៃទី​២២ សីហា ២០២២ នេះ​ថា ទឹកទន្លេ មាន​កម្ពស់ ៧,៨ ម៉ែត្រ បើ​ធៀប​នឹង​ឆ្នាំ ២០២១ ទឹកទន្លេ មាន​កម្ពស់ ៥,១៥ ម៉ែត្រ​៕/V​