ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ កីឡាការិនី​បាល់ទាត់​កូន​ខ្មែរ​កាណាដា​មួយរូប គឺ​កីឡាការិនី​ឈី​វ សេ​លី​ណា (Selena Chhiv) បានប្រកាស​ត្រៀមខ្លួន​គ្រប់ពេលវេលា ដើម្បី​ចូលរួម​ជាមួយ​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​កម្ពុជា​សម្រាប់​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។

​កីឡាការិនី​ឈី​វ សេ​លី​ណា មាន​ឪពុក​និង​ម្ដាយ​ជា​ជនជាតិខ្មែរ បាន​ផ្លាស់​ទៅ​រស់នៅ​ប្រ​​ទេស​កាណាដា ក្នុងអំឡុង​សម័យ​សង្គ្រាម​ហើយ​នាង​បានកើត​នៅ​ទីក្រុង Montreal នា​ឆ្នាំ​២០០២ នាទី​នោះ​តែម្ដង​។

​កីឡាការិនី វ័យ​២០​ឆ្នាំ​រូបនេះ បានបញ្ជាក់​ថាៈ ខ្លួន​ពេញចិត្ត​នឹងចូលរួម ប្រសិនបើ​បាន​​ទទួលបាន​ការហៅ​ពី​គ្រូបង្វឹក ក៏ដូចជា​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ទោះបី​មាន​វ័យក្មេង ក៏​ដោយ​។ លើសពីនេះ នាង​ក៏បាន​បញ្ជាក់​ពី​ជំហរ​នៃ​ការត្រៀមខ្លួន​គ្រប់ពេល ដើម្បី​ចូលរួម​ជាមួយ​ជម្រើសជាតិ​នារី​កម្ពុជា​។

​នាង​បាន​និយាយថាៈ នាង​នឹងធ្វើ​អ្វី​គ្រប់យ៉ាង ដើម្បី​ត្រៀមខ្លួន​ចូលរួម ជាមួយ​ក្រុម​នារី​កម្ពុជា ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ព្រោះ​នាង​ហ្វឹកហាត់​ស្ទើរ​រាល់ថ្ងៃ នាង​ត្រៀមខ្លួន​គ្រប់ពេល​។ នៅ​រដូវក្តៅ នាង​ហ្វឹកហាត់​ប្រហែល ៦ ថ្ងៃ ក្នុង​មួយ​សប្តាហ៍ ប៉ុន្តែ​ក្នុង​រដូវរងា ដោយសារ​ត្រជាក់ និង​មាន​ធ្លាក់​ព្រិល នាង​ហ្វឹកហាត់​តិចជាង​បន្តិច​។ តែ​នាង​តែងតែ​ព្យាយាម​ហ្វឹកហាត់​សង​វិញ​។

​កីឡាការិនី ដែល​លេង​ក្នុងតួនាទី​ជា​ខ្សែបម្រើ​រូបនេះ បាន​បង្ហើប​ពី​ការ​សម្រប​ខ្លួន ប្រសិនបើ​បានទទួល​ការកោះហៅ​ចូល​ក្រុម​ជម្រើសជាតិ​នារី​នោះ​។ នាង​ទទួលស្គាល់ថា មុនដំបូង អាចមាន​បញ្ហា​ជាមួយ​អាកាសធាតុ​បន្តិច តែ​នាង​នឹង​ខិតខំ​បន្ស៊ាំ​ខ្លួន ជាមួយនឹង​អាកាសធាតុ នៅ​ស្រុក​ខ្មែរ នាង​គិតថា នាង​អាច​សម្រប​ខ្លួន​តាម​អាកាសធាតុ​បាន ដូច្នេះ​នាង​ត្រូវតែ​ព្យាយាម​ឱ្យ​អស់ពី​សមត្ថភាព​។

​សេ​លី​ណា ក៏​ធ្លាប់បាន​ទស្សនាការ​ប្រកួត​របស់​ក្រុម​ជម្រើសជាតិ​នារី​កម្ពុជា ជាមួយ​ប្រទេស​ដទៃទៀត នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ កាលពីពេល​ថ្មីៗ​កន្លងមក​ដែរ​។ នាង​ឃើញ​ការប្រកួត​ក្រុម​កម្ពុជា នៅក្នុង​ព្រឹត្តិការណ៍ AFF Women’s Championship ចុងក្រោយ​ទល់នឹង​ប្រទេស​ផ្សេង នាង​ដឹងថា គេ​ខ្លាំង​ប៉ុណ្ណា​បើ​ធៀប​នឹង​ក្រុម​នារី​កម្ពុជា​។ នាង​ក៏​ស្គាល់​ក្រុម​ជាច្រើន នៅ​កាណាដា ដែល​ខ្លាំង​ជាង​នេះដែរ​។

​ឈី​វ សេ​លី​ណា ដែល​កើត​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០០២ បច្ចុប្បន្ន មាន​វ័យ ២០​ឆ្នាំ ជាមួយនឹង​កម្ពស់ ១,៦៣ ម៉ែត្រ នាង​មាន​ជំនាញ​ជើង​ស្ដាំ ដោយ​អាច​លេង​បាន​ក្នុងតួនាទី​ជា​ខ្សែការពារ ខ្សែបម្រើ ឬ​ខ្សែបម្រើ​ស្លាប​។

​កីឡាការិនី​រូបនេះ ចាប់ផ្ដើម​លេង​បាល់ទាត់​តាំងពី​អាយុ​៥​ឆ្នាំ ប៉ុន្តែ​នាង​បាន​លេង​តំណាង​ឲ្យ​ក្រុម ជា​លើកដំបូង នៅ​អាយុ​១២​ឆ្នាំ​។ បន្ទាប់មក នៅ​អាយុ ១៥​ឆ្នាំ នាង​ចាប់ផ្ដើម​លេង​ក្នុង​កម្រិត Elite ជាមួយ​ក្រុម Quebec (AAA)​។

​នៅ​អាយុ​១៨​ឆ្នាំ នាង​បាន​ចូលរួម​លេង​ក្នុង​កម្រិត​ពាក់កណ្តាល​អាជីព (​លេង​លី​គ​កម្រិត​
​ខ្ពស់​) ហើយ​បច្ចុប្បន្ន កំពុង​លេង​ឲ្យ​ក្រុម CS MRO Outremont U21 AAA ដែលជា​ក្រុម​ចំណុះ​ឲ្យ CS MRO Outremont AAA លេង​នៅ​ក្របខណ្ឌ ពាក់កណ្ដាល​អាជីព ស្មើនឹង​លំដាប់​ទី​៣ នៃ​លី​គ​បាល់ទាត់​នារី​កាណាដា​។

​ក្រុម​ដែល សេ​លី​ណា ធ្លាប់​ចូលរួម​មានដូចជា ២០១៧-២០១៨ ជាមួយ Braves D’Ahunstic U-16 និង U-17​។ ឆ្នាំ​២០១៩ បាន​ចូលរួម​ជាមួយ CS Saint-Laurent U-21 AA​។ ចូលដល់​ឆ្នាំ​២០២០ នាង​ចាប់ផ្ដើម​ជាមួយ​ក្រុម​ពាក់កណ្ដាល​អាជីព លើកដំបូង​ដោយ​ចូលរួម​ជាមួយ​ក្លិប CS Fabrose Semi-Pro (PLSQ)​។ កាលពី​ឆ្នាំ​២០២១ កន្លងទៅ លេង​ឲ្យ Notre-Dame-De-Grâce U19 AAA និង​បច្ចុប្បន្ន ២០២២​នេះ លេង​ឲ្យ CS MRO Outremont U21 AAA ដែល​កំពុង​ស្ថិតនៅ​សប្ដាហ៍​ចុងក្រោយ នៃ​លី​គ ហើយ​ក្រុម​របស់​នាង ឈរ​នៅ​កំពូល​តារាង​។

​ថ្មីៗ​នេះ លោក ប្រាក់ វុទ្ធី ដែ​លេ​ជា​គ្រូបង្វឹក​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​កម្ពុជា មាន​
​គម្រោង​កោះហៅ​កីឡាការិនី​កូន​ខ្មែរ​បរទេស​ដើម្បី​មក​ពង្រឹង​ក្រុម សម្រាប់​ស៊ី​ហ្គេម ខណៈ​កីឡាការិនី ឈី​វ សេ​លី​ណា បាន​បញ្ជាក់ថា ខ្លួន​បានដឹង​អំពី​រឿងនេះ ប៉ុន្តែ​ពុំទាន់​មានការ​ទំនាក់​ទំ​ទង​ជា​ផ្លូវការ​នៅឡើយ​ទេ​៕/V​