​ដោយៈ ចាន់តូ / ភ្នំពេញៈ យុវជន​ម្នាក់ បាន​បាត់​បង់ជីវិត បន្ទាប់ពី​ជិះ​ម៉ូតូ​ចុះ​ពីលើ​ស្ពាន​អាកាស​ក្បាលថ្នល់ ត្រូវបាន​រថយន្ត​ធន់​ធំ មិន​ចាំ​ម៉ាក គៀរ​ឲ្យ​ដួល ហើយ​កិន​ចំពាក់​កណ្តាល​ខ្លួន កាល​វេលា​ម៉ោង ៩​និង​៥៤​នាទី​យប់ ថ្ងៃ​ចន្ទ ទី​២២ ខែសីហា ឆ្នាំ​២០២២ ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ក្នុង​សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

​សព​យុវជន​រងគ្រោះ មានឈ្មោះ អុ​ី​ម សុ​ឆៃ អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត​ភូមិ​កង​នាង ឃុំ​ព្រះស្ដេច ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ជិះ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ ពាក់​ផ្លាកលេខ​ព្រៃវែង​1O.1066 ជិះ​តែម្នាក់ឯង​។

​តាម​ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​យុវជន​ម្នាក់ ជិះ​ម៉ូតូ​ហុងដា ឌ្រី​ម ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ទិសដៅ​ពី​ខាងជើង​ទៅខាង​ត្បូង ចុះ​ពីលើ​ស្ពាន​អាកាស​ក្បាលថ្នល់ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ខណៈ​មេឃ​កំពុងតែ​ភ្លៀង​ផង​នោះ ស្រាប់​តែមាន​រថយន្ត​ធុន​ធំ​មួយគ្រឿង មិន​ចាំ​ផ្លាកលេខ និង​ម៉ាក មក​ស្រប​ទិស​គ្នា​ពីក្រោយ គៀរ​ឲ្យ​ដួល កិន​ចំពាក់​កណ្តាល​ខ្លួន ចំណែកឯ​រថយន្ត​បង្ក​បន្ថែម​ល្បឿន បើក​គេច​បាត់ស្រមោល​។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ ចុះមក​ចំណុចកើតហេតុ បានធ្វើ​កំណត់ហេតុ ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​។ ដោយឡែក ម៉ូតូ​ជនរងគ្រោះ​សមត្ថកិច្ច យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ រង់ចាំ​សមត្ថកិច្ច​ឆែក​កាម​រ៉ា​សុវត្ថិភាព ដើម្បី​ស្រាវជ្រាវ​រក​រថយន្ត​បង្ក បន្តទៀត​៕/V​