​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប៉ូលិស​បាន​និយាយថា ស្ត្រី​ម្នាក់​បាន​បាញ់​សម្លាប់​មនុស្ស​ពីរ​នាក់​និង​បង្ក​របួស​អ្នក​ទី​បី​កាលពី​ថ្ងៃ​ចន្ទ​ទី​២២​សីហា​នៅឯ​ទីតាំង​ពីរ​ផ្សេង​គ្នា​នៅក្នុង​សង្កាត់​មី​ដ​ថោ​ន (Midtown)​នៃ​ទីក្រុង​អា​ត្លង់​តា (Atlanta) ហើយ​ក្រោយមក​ត្រូវបាន​ចាប់ខ្លួន​នៅ​អាកាសយានដ្ឋាន​របស់​ទីក្រុង​។​

​ប៉ូលិស​ក្រុង​អា​ត្លង់​តា​បាន​និយាយថា ពួកគេ​មិន​បានដឹង​ភ្លាមៗ​ពី​មូលហេតុ​បណ្តាល​ឱ្យ​មាន​ការវាយប្រហា​រ​នោះទេ ប៉ុន្តែ​ពួកគេ​ជឿថា ជនរងគ្រោះ​គឺជា​គោលដៅ​។ ឈ្មោះ​ជនសង្ស័យ​មិន​ត្រូវ​បាន​បញ្ចេញ​នោះទេ​។​

​មេ​ប៉ូលិស លោក ដា​រី​ន សៀ​បូម (Darrin Schierbaum) បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា “​យើង​មិន​ជឿថា ទាំងនេះ​ជា​អំពើហឹង្សា​ដោយ​ចៃដន្យ​នោះ​ទេ​”​។​

​មន្ត្រីប៉ូលិស​បាន​ឆ្លើយតប​ទៅ​នឹង​របាយការណ៍​នៃ​ការបាញ់ប្រហារ​នៅវេលា​ម៉ោង ១៖៤៥ នាទី​រសៀល ហើយ​បាន​រក​ឃើញ​ជនរងគ្រោះ​ពីរ​នាក់​នៅ​អគារ​ទីមួយ​។ ប៉ូលិស​អា​ត្លង់​តា​បាន​និយាយថា​ជន​រង​គ្រោះ​​ម្នាក់​បាន​ស្លាប់ ហើយ​ម្នាក់ទៀត​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។​

​ខណៈ​កំពុង​ស្ថិតនៅ​ទីនោះ ប៉ូលិស​បាន​ទទួល​របា​យ​ការណ៍​មួយ​ផ្សេង​ទៀត​នៃ​ការបាញ់ប្រហារ​នៅ​អគារ​ទី​ពីរ​ដែល​មាន​ចម្ងាយ​១,៦​គីឡូម៉ែត្រ​ពី​គ្នា​។ ជនរងគ្រោះ​ក៏​ត្រូវបាន​ដឹក​ទៅ​មន្ទីរពេទ្យ​ផង​ដែរ ហើយ​ក្រោយមក​ក៏​បាន​ស្លាប់បាត់​ទៅ​។ ប៉ូលិស​អា​ត្លង់​តា​បាន​និយាយថា ពួកគេ​កំពុង​ស៊ើបអង្កេត​ពី​របៀប​ដែល​ទីតាំង​ទាំងពីរ​មាន​ទំនាក់ទំនង​នឹង​គ្នា​។​

​មន្ត្រី​អនុវត្ត​ច្បាប់​មក​ពី​ទីភ្នាក់ងារ​ជាច្រើន​បាន​ចុះ​មក​តំបន់​មី​ដ​ថោ​ន ដោយ​ប្រាប់​អ្នកស្រុក​ឱ្យ​ស្នាក់​នៅ​ខាងក្នុង ខណៈ​ពួកគេ​កំពុង​ឆែកឆេរ​តំបន់​នោះ​។ ប៉ូលិស​អា​ត្លង់​តា​បាន​និយាយថា​”​បណ្តាញ​កា​​មេ​រ៉ា​ដ៏​ទូលំទូលាយ​” បាន​ជួយ​ពួកគេ​តាមដាន​ជនសង្ស័យ ហើយ​នាង​ត្រូវបាន​រកឃើញ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ហាត​ហ្វៀល​ជែក​សុន​អា​ត្លង់​តា (Hartsfield Jackson Atlanta)​។​

​អភិបាល​ក្រុង​លោក អង់​ដ្រេ ឌី​ក​ឃិន (Andre Dickens) បាន​និយាយថា ស្ត្រី​នោះ​ត្រូវបាន​ចាប់ខ្លួន មុនពេល​ចូល​ទៅក្នុង​តំបន់ហាមឃាត់ ហើយ​ថា​”​សន្តិសុខ​នៃ​អាកាសយានដ្ឋាន​មិនត្រូវ​​បាន​រំខាន​ឡើយ​”៕

​ប៉ូលិស​កំពុង​ឆែកឆេរ​តំបន់​មី​ដ​ថោ​ន​កាលពី​ថ្ងៃ​ចន្ទ