​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ B52 របស់​កងទ័ពអាកាស​អាម៉េរិក​មួយគូ​កាលពី​ថ្ងៃ​ចន្ទ​ទី​២២​សីហា​បាន​ហោះហើរ​ទាប​ពីលើ​ទីក្រុង​រមណីយដ្ឋាន​ឌូ​ប្រូវ​នីក (Dubrovnik) របស់​ក្រូ​អាស៊ី និង​រដ្ឋ​សមាជិក​អង្គការ​ណា​តូ​ចំនួន​បី​ផ្សេង​ទៀត​នៅក្នុង​តំបន់​បាល់​កង់ ដែល​ជា​សញ្ញា​នៃ​ការគាំទ្រ​ចំពេល​មាន​ការឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុ​យក្រែន​។​

​ក្រៅពី​ការហោះ​រំលង​លើ​រមណីយដ្ឋាន​ទេសចរណ៍​ឌូ​ប្រូវ​ឌី​ករបស់​ក្រូ​អាស៊ី យន្តហោះ​នេះ​ក៏​ហោះ​ពីលើ​ទីស្នាក់ការ​រដ្ឋាភិបាល​នៅ​ទីក្រុង​ស្កូប​ចេ (Skopje) នៃ​ប្រទេស​ម៉ា​សេ​ដូន​ខាងជើង​សង្កាត់​ស្កា​ន​ដឺ​បឺ​កស៍​​ឃ្វែ​រ (Skanderbeg Square) ក្នុង​រដ្ឋធានី​ធី​រ៉ា​ណា (Tirana) របស់​អាល់​បា​នី និង​ហោះ​រំលង​លើ​ឆ្នេរ​អាឌ្រា​ទិក (Adriatic) របស់​ម៉ុង​តេ​ណេ​ហ្គ្រោ​ផងដែរ​។​

​តំបន់​បាល់​កង់​និង​សមុទ្រ​អាឌ្រា​ទិក​ថ្មីៗ​នេះ​បាន​ឃើញ​ការកើនឡើង​នៃ​សកម្មភាព​យោធា ការ​ស៊ើបការណ៍​និង​ការឃោសនា​ដោយ​ទីក្រុង​មូ​ស្គូ ដែល​ចាត់ទុក​វា​ជា​តំបន់​ផលប្រយោជន៍​ជា​យុទ្ធសាស្ត្រ​របស់​ខ្លួន ដោយសារ​តែ​ជា​ច្រកចូល​ទៅកាន់​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ​។​

​កងទ័ពអាកាស​អាម៉េរិក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​គោលបំណង​នៃ​ការហោះ​រំលង​នី​មួយៗ​គឺ​ដើម្បី​បង្ហាញ​ពី​ការប្តេជ្ញា​ចិត្ត​និង​ការធានា​របស់​អាម៉េរិក​ចំពោះ​សម្ពន្ធមិត្ត​និង​ដៃគូ​​ណា​តូ​ដែល​មាន​ទីតាំង​នៅ​ភាគ​អាគ្នេយ៍​នៃ​ទ្វីបអឺរ៉ុប​។ ក្រៅពីនេះ វា​នឹង​ផ្តល់​ឱកាស​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការថតរូប វីដេអូ និង​រីករាយ​ជាមួយ​យន្តហោះ​ដែល​កំពុង​ហោះហើរ​ពី​លើ​ក្បាល​”​។​

​ហ្វូង​មនុស្ស​បាន​ប្រមូលផ្តុំ​គ្នា​នៅលើ​ទីលាន​ក្នុង​ទីក្រុង​ស្កូ​ពី​និង​ទីក្រុង​ធី​រ៉ា​ណា ហើយ​អ្នកទេសចរ​បាន​មើល​នៅ​ទីក្រុង​ឌូ​ប្រូវ​នីក​និង​ម៉ុង​តេ​ណេ​ហ្គ្រោ​ខណៈ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ខ្នាត​យក្ស​ហោះ​រំលង​​ពី​លើ​ក្បាល​។ អ្នកមើល​ខ្លះ​បាន​គ្រវីទង់ជាតិ​អាម៉េរិក​។​

​ម៉ា​សេ​ដូន​ខាងជើង​គឺ​ជា​ប្រទេស​ចុងក្រោយ​ដែល​បាន​ចូលរួម​ជាមួយ​អង្គការ​ណា​តូ​ក្នុង​ឆ្នាំ​២០២០ ហើយ​ម៉ុង​តេ​ណេ​ហ្គ្រោ​បាន​ចូលរួម​ក្នុង​ឆ្នាំ ២០១៧ បើទោះបីជា​មាន​ការប្រឆាំង​យ៉ាងខ្លាំង​ពី​រុស្ស៊ី​ក៏ដោយ​៕

​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ B52 ហោះ​រំលង​ប្រទេស​បួន​នៅ​តំបន់​បាល់​ទិក​ដើម្បី​បង្ហាញ​ការគាំទ្រ​ចំ​ពេល​មាន​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុ​យក្រែន