ដោយៈ សៅវ៉ាន់ឌី / ព្រះវិហារៈ ទំនប់ទឹកដ៏ធំមួយនៅលើជួរភ្នំដងរែក ត្រូវទឹកភ្លៀងហូរច្រោះបាក់នោះ ត្រូវបានកងកម្លាំងអន្តរាគមន៍របស់កងពលតូចអន្តរាគមន៍លេខ៧ កំពុងជួសជុលឡើងវិញ។ 

ក្រោយទទួលបានបទបញ្ជាផ្ទាល់ពី ឧត្ដមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៧ កាលពីព្រឹកថ្ងៃទី២២ ខែសីហា នេះ លោក វរសេនីយ៍ឯក សែប រ៉ាវី មេបញ្ជាការរង កងពលតូចអន្តរាគមន៍លេខ៧ និងលោក ឧត្តមសេនីយ៍ត្រី ឃឹម ឃឿន មេបញ្ជាការ វរសេនាតូចអន្តរាគមន៍លេខ៣៧១ ប្រចាំទិស នៅលើភ្នំខ្មោច បានចុះត្រួតពិនិត្យ ទំនប់ទឹកនៅលើភ្នំខ្មោច និងជួសជុល ដែលមានកម្លាំងសរុបចំនួន ១៦៦ នាក់។ 

លោកវរសេនីយ៍ឯក សែប រ៉ាវី បានបញ្ជាក់ថាៈ ដោយសារទឹកភ្លៀង បានបន្តធ្លាក់ខ្លាំង ជាប់គ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ធ្វើឱ្យទំនប់ទប់ទឹកដ៏ធំ នៅលើខ្នងភ្នំដងរែក បានច្រោះបាក់ទាំងស្រុង និងផ្លូវមួយចំនួន ក៏បានច្រោះបាក់ជាច្រើនកន្លែង។ កម្លាំងបាននិងកំពុងខិតខំយ៉ាងសស្រាក់សស្រាំ ដើម្បីជួសជុលទប់ទំនប់ទឹកមួយនេះ នៅលើខ្នងភ្នំដងរែក ដែលទឹកភ្លៀង កំពុងហូរកាត់ពីលើខ្នងទំនប់ បណ្តាលឱ្យច្រោះបាក់អស់ជាច្រើនកន្លែង ដោយកន្លែងខ្លះបាក់ កន្លែងខ្លះ ច្រោះ និងកន្លែងខ្លះទៀត បាក់ដី ។ 

លោកវរសេនីយ៍ឯក សែប រ៉ាវី ក៏បានអំពាវនាវ ដល់អាជ្ញាធរពាក់ព័ន្ធ ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយដងស្ទឹងអូរ និងតំបន់ដែលងាយរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបង្កើនការប្រុងប្រយ័ត្ន ចៀសវាងការកើតមានឡើងនូវគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ៕/V-PC