ដោយៈ ចាន់តូ / ភ្នំពេញ៖ វត្តតាំងកសាងខាងជើង បានញាំញីទៅដោយអាចម៍ឆ្កែ ដែលពុទ្ធបរិស័ទ ដែលរស់នៅជុំវិញវត្តមួយចំនួន ខ្វះការយល់ដឹង បានដឹកឆ្កែយកទៅជុះក្នុងបរិវេណវត្តដែលជាទីគោរពប្រតិបត្តិនូវធម៌អាថ៌ និងជាអារាមស្នាក់នៅ របស់ពួកសមណៈ ដើម្បីរៀនសូត្រ ។ ទន្ទឹមនឹងទង្វើបាបនេះ  ព្រះសង្ឃ  ក៍ដូច ជាគណៈកម្មការវត្ត ក៍បានដាក់បំរាមនៅនឹងនៅខ្លោងទ្វារចូលវត្ត «ហាមយកឆ្កែមកបន្ទោរបង់ក្នុងវត្ត», និ ង«ហាមចោលសំរាមក្នុងទីវត្តអារាម »។ 

វត្តតាំងកសាងខាងជើង ស្ថិតនៅជើង អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្របតាមផ្លូវរថភ្លើង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ ។ វត្តនេះ មានការអភិវឌ្ឍគួរឱ្យកត់សំគាល់ មិនខុសពីវត្តនានា នៅក្នុងរាជធានីភ្នំពេញនោះទេ ។ 

តាមប្រជាពលរដ្ឋ ដែលរស់នៅក្បែរវត្តតាំងកសាង ខាងជើង បានអោយដឹងថាៈ វត្តអារាម ជាទីគោរពប្រតិបត្តិនូវធម៌ ហើយជាកន្លែង សម្រាប់ពុទ្ធបរិសទ ធ្វើបុណ្យ មិនគួរពុទ្ធបរិស័ទមួយចំនួន បានដឹកឆ្កែទៅជុះក្នុងវត្ត បែបនេះឡើយ។ បើបងប្អូន មិនបានធ្វើបុណ្យនៅវត្ត គួរត្រូវគិតពីបាបបុណ្យដែរ។ 

តាមអ្នកជិតខាងរូបនោះ បានឱ្យដឹងទៀតថាៈ ទីវត្តអារាមនេះ បានពោរពេញទៅដោយអាចម៍ឆ្កែ ដែលគេដឹកឆ្កែតាមម៉ូតូ ឬបណ្តើរយកទៅជុះ ជារៀងរាល់ថ្ងៃ នៅក្នុង១ថ្ងៃ ៣ដង គីព្រឹក នៅវេលាម៉ោងប្រមាណ ៦ជាង, ម៉ោងប្រមាណ១០ព្រឹក និងល្ងាច ម៉ោងប្រមាណ ៥ល្ងាច ។ ជាការកត់សំគាល់ អ្នកដឹកឆ្កែយកទៅជុះអាចម៍ ក្នុងបរិវេណវត្តអារាម គឺជាអ្នករស់នៅ ក្នុងបុរីមួយ នៅខាងកើតវត្តនោះតែម្តង។ 

តាមព្រះសង្ឃ ដែលគង់នៅក្នុងវត្ត ក៏មានសង្ឃដិកាឱ្យដឹងថាៈ កន្លងមក មានអ្នកយកឆ្កែទៅបន្ទោរបង់នៅក្នុងវត្ត ពិតមែន ទើបព្រះចៅអធិការ ដាក់បំរាម ។ ការយកឆ្កែទៅជុះដាក់វត្តបែបនេះ ជាអំពើមួយ ដែលមានបាប និងម្យ៉ាងទៀត វាគ្មានអនាម័យផងដែរ ។ បើសិន ឆ្កែវារត់ទៅជុះខ្លួនឯង មិនអីនោះទេ នេះដឹកឆ្កែចេញពីផ្ទះ យកទៅជុះដាក់វត្តតែម្តង ៕/V-PC