​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាងកក​ប៉ុស្តិ៍​) ៖ ក្រុម​បិសាច​ក្រហម Manchester United បាន​ទទួល​ជ័យជម្នះ ២-១ លើ​គូ​ប្រជែង Liverpool ក្នុង​ក្របខ័ណ្ឌ Premier League កាលពី​ថ្ងៃ​ចន្ទ​ទី​២២​សីហា​នៅ​ទឹកដី Old Trafford ដើម្បី​ប្រែក្លាយ​ការតវ៉ា​របស់​អ្នក​គ្រាំ​ប្រឆាំងនឹង​ម្ចាស់​ក្លិប​ទៅ​ជា​ការអបអរសាទរ​ដ៏​កម្រ​។​

​ការលេង​ល្អប្រសើរ​ជាង​មុន​របស់ Man U សម្រាប់​ពិន្ទុ​ដំបូង​របស់​ពួកគេ​នៃ​យុទ្ធនាការ​ឆ្នាំនេះ ដោយសារ​តែ​គ្រាប់​បាល់​ពី​កីឡាករ ចា​ដុន សាន់​ឆូ និង ម៉ាកូ​ស រ៉ា​ស្វត​បាន​បណ្តាលឱ្យ​កូនក្រុម​របស់លោក​​ជួ​ហ្គិន ក្លប់ មិន​ទទួលបាន​ជ័យជម្នះ​មួយ​ប្រកួត​សោះ​នៅ​បី​ប្រកួត​បើកឆាក​រដូវ​កាល​នេះ និង​ឥឡូវ​មាន​តែ​ពីរ​ពិន្ទុ​ក្នុង​ដៃ​ប៉ុណ្ណោះ​។​

​វា​ជា​ជ័យជម្នះ​លើកដំបូង​សម្រាប់​គ្រូបង្វឹក​សញ្ជាតិ​ហូឡង់​របស់ Man U គឺ​លោក អេ​រិក ថេន ហាក់ ដែល​ទទួលបាន​លទ្ធផល​ជាទី​គាប់ចិត្ត​នេះ ដោយសារ​ទុកចោល​កីឡា​ករគ្រី​ស្ទា​ណូ រ៉ូ​ណាល់​ដូ​និង​ប្រធាន​​ក្រុម ហា​រី ម៉ាកខ្វាយ​អឺ ឱ្យ​នៅ​អង្គុយ​កៅអី​បម្រុង​។

​លោក​ថេន​ហាក់​និយាយ​ថា “​ខ្ញុំ​រីករាយ​ជាមួយនឹង​ការលេង​មួយ​នេះ ប៉ុន្តែ​យើង​ត្រូវតែ​ខំ​ប្រឹង​គ្រប់​ការប្រកួត​។ កុំ​ប្រឹង​តែ​ជាមួយ Liverpool​។ គ្រប់​ការប្រកួត Premier League​ទាំងអស់​សុទ្ធ​​តែ​លំបាក​។ យើង​ត្រូវតែ​ប្រឹង​គ្រប់​ការប្រកួត​ទាំងអស់​។ ជាថ្មី​ម្តងទៀត វា​បាន​ចាប់ផ្តើម​ជាមួយ​ស្មារតី​ខ្ពស់​”​។​

​ក្រោយ​ចាញ់ Brentford ៤-០ យ៉ាង​អាម៉ាស់​កាលពី​សប្តាហ៍​មុន វា​បាន​ក្លាយជា​សំណួរ​ធំ​មួយ​សប្តាហ៍​មក​ហើយ​ជុំវិញ​ម្ចាស់​ក្លិប គឺ​គ្រួសារ​ត្រកូល​ក្លេ​សឺ (Glazer) នៅ​រដ្ឋ​ផ្លរីដា​និង​អ្នកគាំទ្រ​មួយចំនួន​​បាន​ដើរ​ក្បួន​តវ៉ា​ចូល​ដល់​ទីលាន​នៅមុន​ការប្រកួត ដោយ​អំពាវនាវ​ឱ្យ​ម្ចាស់​ក្លិប​លក់​ក្លិប​នេះ​ចេញ​។

​បរាជ័យ​ក្នុង​ការទិញ​កីឡាករ​ថ្មីៗ​របស់ Man U ក៏​ត្រូវ​បាន​រិះគន់​ផងដែរ ប៉ុន្តែ​មុន​ការប្រកួត​ចូលមក​ដល់ កីឡាករ​ថ្មី​មកពី Real Madrid គឺ កា​សេ​មី​រ៉ូ (Casemiro) ត្រូវបាន​បង្ហាញ​ដល់​អ្នកគាំទ្រ ត្បិត​សំឡេត​ស្វាគមន៍​ហាក់​ចាញ់​សំឡេង​ស្រែក​តវ៉ា​៕

Man U ឈ្នះ ២-១ លើ Liverpool កាលពី​យប់​ថ្ងៃ​ចន្ទ​

អ្នកគាំទ្រ Man U រាប់ពាន់នាក់នាំគ្នាចេញមកតវ៉ានៅមុនការប្រកួតទល់នឹង Liverpool